ចាប់ពី​ថ្ងៃទី​២៧-៣១ ខែសីហា កម្ពុជា​នឹង​ជួប​កូន​ព្យុះ​មួយទៀត​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន

873
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​អាកាសធាតុ​ថា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​នេះ ប្រទេស​កម្ពុជា នឹង​ជួប​វិ​សម្ពាធ ឬ​កូន​ព្យុះ​មួយទៀត ដែល​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​នៅ​តំបន់​​វាលទំនាប តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ​។​
​ ​
​យោងតាម​ការ​ព្យា​ការណ៍​អាកាសធាតុ ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ​បាន​​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សម្ពាធ​ទាប​មួយ បាននិងកំពុង​ស្ថិតនៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹងធ្វើ​ដំណើរ​ឆ្លង​ចូលមក​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃទី​២៧ ខែសីហា ហើយ​វិ​វត្ត​ខ្លួន​ទៅជា​វិ​សម្ពាធ ឬ​កូន​ព្យុះ​មួយ​ដែល​លក្ខណៈ​បែបនេះ​​នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​មធ្យម ទៅ​ច្រើន នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប​និង​តំបន់​មាត់សមុទ្រ ខណៈដែល​លើ​ផ្ទៃសមុទ្រ នឹងមាន​រលក​ខ្ពស់ៗ និង​ខ្យល់​បក់​ខ្លាំង ចាប់ពី​ថ្ងៃទី​២៧-៣០ ខែសីហា ឆ្នាំ​២០១៧​នេះ​៕​ដោយ​៖​វិបុល​/sn