ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​

1248
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​កំពង់ចាមៈ ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាសថា ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ តទៅ​​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជីវភាព​ក្រីក្រ​នឹង​ទទួលបាន​នូវ​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋា​ភិបាល​។​គឺ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​សម្រាលកូន​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាម​ដំណាក់កាល​៣​លើក​។​

សម្តេចតេជោហ៊ុនសែននៅស្រុកជើងព្រៃ

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់ថា​ដំណាក់កាល​ទាំងបី​នោះ​មាន​៖១.​កំឡុងពេល​ពរ​ពោះ ពី​៩​ខែ​ទៅ​១០​ខែ ទទួលបាន​ថវិកា​បួន​ដង ដោយ​ក្នុង​មួយដង​ចំនួន​បួន​ម៉ឺន​រៀល​។​ទី​២.​ក្នុងកំឡុងពេល​សម្រាល​កូន គឺ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល​និង​ទី​៣.​ក្រោយពេល​សម្រាលកូន​ហើយ​រហូតដល់​កូន​អាយុ​បាន​២​ឆ្នាំ​គឺ​ទទួលបាន​ថវិកា​ចំនួន​១០​ដងដោយ​ក្នុង​១​ដង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​បួន​ម៉ឺន​រៀល​។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា នេះ​ជា​គោលនយោបាយ​ថ្មី​មួយទៀត​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​បន្ទាប់ពី រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ចំពោះ​ស្ត្រី​ដែលជា​កម្ម​ការ​នី​,​ស្ត្រី​ដែលជា​មន្ត្រី​រាជការ​។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​វឌ្ឍនភាព​និង​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប​នាពេល​បច្ចុប្បន្ននេះ​។​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ទទួលបាន​ដល់​សព្វថ្ងៃនេះ​គឺ​ដោយសារតែ​ប្រទេស​យើង​មាន​សន្តិភាព​។ បើ​គ្មាន​សន្តិភាព គឺ​មិនមាន​ការអភិវឌ្ឍ​ឡើយ ហើយក៏​គ្មាន​រោងចក្រ សហគ្រាស សម្រាប់​ក្មួយៗ​ធ្វើការ​ដូច​ពេលនេះ​ទេ​។​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ សូម​ឲ្យ​កូនក្មួយៗ​កម្មករ​កម្ម​ការ​នី និង​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ថែរក្សា​សន្តិភាព​ដែលមាន​ស្រាប់​ឲ្យ​បាន​គង់វង្ស​។​

​ទន្ទឹមនឹងនេះ​សម្តេច​តេ​ជោ​បានប្រកាស​សារជាថ្មី​ថាស​ម្តេច​នឹង​បន្ត​នៅ​មើលថែរ​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​យើង​ក្នុង​រយៈពេល​យ៉ាងតិច ១០​ឆ្នាំ បន្តទៀត​។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​២២.៤៧០​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​៨ ស្ថិត​ក្នុ​ភូមិ​រវាង ឃុំ​ថ្នល់​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ រោងចក្រ សហគ្រាស ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ នៅ​ព្រឹក​នេះ មកពី​ស្រុក​ជើងព្រៃ​ចំនួន​៧ និង​ស្រុក​បាធាយ​ចំនួន​១ ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៦ កាណាដា​ចំនួន​១ និង​ខ្មែរ​ចំនួន​១​។ រោងចក្រ សហគ្រាស​ទាំង​៨​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១ ផលិត​ស្បែក​ជើង​ចំនួន​៥ ផលិត​ស្រោមដៃ​ចំនួន​១ និង​ផលិត​កា​រ៉ុង​ចំនួន​១​។ ផលិតផល​ដែល​ផលិត​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​មួយចំនួន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​៕​មន​