ចាប់រំលោភ​កូន​ថៅកែ​ផ្ទះសំណាក់​បានសម្រេច, ២​ថ្ងៃក្រោយ​ឪពុក​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

3191
ចែករម្លែក
  • 421
    Shares

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ កូនស្រី​ម្ចាស់ផ្ទះ​សំណាក់​វ័យ​១៥​ឆ្នាំ ត្រូវ​បុគ្គលិក​មើល​ការខុសត្រូវ​ចាប់រំលោភ​រហូត​បានសម្រេច។ ២​ថ្ងៃក្រោយ ទើប​បែក​ការណ៍ដឹង​ដល់​ឪពុក​នារី​រងគ្រោះ ក៏ចាប់​ជនល្មើស​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ហេតុការណ៍​ចាប់ខ្លួន ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ហូ​លី​ដេ ស្ថិតនៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ផល ណា​ផា ​អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​គិតលុយ​ក្នុងផ្ទះ​សំណាក់ ហូ​លី​ដេរ និង​ស្នាក់នៅ​ទីនោះ​បន្ទប់​លេខ​១A ជាន់​ផ្ទាល់​ដី មាន​ស្រុកកំណើត ភូមិ​កំពង់លាវ ឃុំ​លេខ​២ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៥​ឆ្នាំ ត្រូវជា​កូនស្រី​ម្ចាស់ផ្ទះ​សំណាក់​ខាង​លើ​។​

​តាម​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា នៅពេល​ទំនេរ​នាង​បាន​ទៅ​បន្ទប់​ជនសង្ស័យ ដើម្បី​សុំ​ខ្ចី​ទូរស័ព្ទដៃ​ជនសង្ស័យ​លេង​ហ្គេម។ នៅ​ថ្ងៃទី​២២​ខែមីនា​ ស្រាប់តែ​ជនសង្ស័យ​អូសទាញ​ដៃ​នាង​ចូលទៅក្នុង​បន្ទប់ ធ្វើ​សកម្មភាព​​រំលោភ​រហូត​បាន​សម្រេច ខណៈ​នាង​ខំ​រើ​បម្រាស់​ដែរ​តែ​រើ​មិន​រួច​។ រហូតមកដល់​ថ្ងៃទី​២៤​ខែមីនា​នាង​ដាច់ចិត្ត​ប្រាប់​ឪពុកម្តាយ​ឲ្យ​ដឹង ពី​ការចាប់រំលោភ​ពី​សំណាក់​យុវជន​គិតលុយ។ ក្រោយពី​ដឹង​រឿងរ៉ាវ​នេះ ទើប​ឪពុក​នាំខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានរួម​រ័ក​ជាមួយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន គឺមាន​ការព្រមព្រៀង​មិនបាន​ចាប់បង្ខំ​រំលោភ​ទេ​។ ទោះជា​យ៉ាងណា យោងតាម​បណ្ដឹង​របស់​នារី​រងគ្រោះ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕L​/MN