ចាប់​ចិន​បីនាក់​និង​គ្រាប់បែក​កែច្នៃ​ប៉ុនប៉ង​បំផ្ទុះ​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​

484
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​បីនាក់​និង​ដកហូត​វត្ថុតាង​(​សង្ស័យ​គ្រាប់បែក​កែច្នៃ​)​ក្នុង​ហាង​លក់​គុជ​”​ហឺ​ហឺ​”​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​បេតុង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​ទី​៣​ក្រុម​៣​ភូមិ​ត្រពាំង​ថ្លឹង​១​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៩​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ នេះ​។​

​ករណីនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហាង​លក់​គុជ​ហឺ​ហឺ​។​បន្ទាប់ពី​ទទួលបាន​ព័​ត៌​មាន​នេះ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​រុំ​បិទ​ស្កុ​ត​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្ពាយ​វត្ថុ​ម្យ៉ាង​ដាក់​ក្នុង​កាបូបស្ពាយ ចូលទៅក្នុង​ហាង​លក់​គុជ​ហឺ​ហឺ​។​បន្ទាប់មក​ឃើញ​មាន​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​នោះ​និង​បាន​ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន​តែម្តង​។​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខៀវ​សុភ័គ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​ខ្លីៗ​មុននេះ​បន្តិច​ថា​ពិតជា​មានការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​បីនាក់​ពិតប្រាកដ​មែន​។​

​សមត្ថកិច្ច​កំពុងតែ​សាកសួរ​។​ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​បាន​នៅឡើយ​ទេ​៕S/