ចាប់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​បោក​គ្រាប់បែក​តដៃ​សមត្ថកិច្ច​តែ​មិន​ផ្ទុះ

239
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​និង​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​នៅក្នុង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​សៅ​សារឿន​អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​:​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ផៅ​គាំ​ហៅ​គាំង​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​។​កម្លាំង​ឆែកឆេរ​លើ​ខ្លួន​និង​កាបូបស្ពាយ​រកឃើញ​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​WY​ចំនួន​២០​គ្រាប់​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​ថង​កាំបិត​មុខស្រួច​ចំនួន​១​កាំភ្លើងខ្លី​កែច្នៃ​ចំនួន​១​ដើម​ទូរស័ព្ទ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​។​

​ពេល​សមត្ថកិច្ច​ដេញតាម​ជននេះ​បាន​ដក​គ្រាប់បែកដៃ​ទាញ​កន្លះ​បោក​មកលើ​កម្លាំង​សមត្ថកិច្ច​តែ​មិន​ផ្ទុះ​។​ឱកាស​នោះ​កម្លាំង​ក៏​ចាប់​ឃាត់​ឈ្មោះ​ស្វាត​ឆា​យ៉ា​បាន​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​គ្រាប់​ដែលមាន​អក្សរ​WY​ចំនួន​៣៨៤​គ្រាប់​ពណ៌​លឿង​ចំនួន​៤​គ្រាប់​ម្សៅ​ស​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​ថង​(​ខ្នាត់​កណ្តាល​១​កញ្ចប់​)​ទូរស័ព្ទដៃ​២​គ្រឿង​ដាវ​១​ដើម​៕S/

​រូបថត :​នគរបាល​ចាប់​ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​២​នាក់​នៅ​ឃុំ​គោក​រមៀត , ជនសង្ស័យ ស្វាត ឆា​យ៉ា បោក​គ្រាប់បែក​តដៃ​នគរបាល តែ​មិន​ផ្ទុះ (​រូប​: ប​.​ជ័យ )​