ចាប់​ឈប់ៗ ចាប់​ថ្ងៃ ចាប់​យប់ ចាប់​រថយន្ត​ធំ មិនចេះ​អស់​

774
ចែករម្លែក

​ភ្នំពេញ​៖ ចាប់​ឈប់ ចាប់​ឈប់ ចាប់​ថ្ងៃ​ចាប់​យប់ ចាប់​មិនចេះ​អស់ គឺ​ចាប់​ឡានធំ​ចេញចូល​ក្រុង ខុសពេល​កំណត់ ដោយ​សាលា​រាជធានី ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ក្នុង​ទីក្រុង ដែល​ការចាប់​បែបនេះ គេ​ឃើញ​ធ្វើ​ដដែលៗ រាប់សិប​ដង​មកហើយ តែ​ដូចជា​មិនចេះ​អស់​។​
​ ​
កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ បាន​បញ្ចេញ​កម្លាំង​នៅ​គ្រប់​ខណ្ឌ រួមទាំង​កម្លាំង​នៅ​ការិយាល័យ​ចរាចរជើងគោក​ផង ចេញ​ស្ទាក់ ឃាត់​ចាប់បាន​រថយន្ត​ធំ រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ច្បាប់ ប្រមាណ​ជា មួយរយ​គ្រឿង តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ ដោយសារ​រថយន្ត​ទាំងនោះ ធ្វើចរាចរ​ចេញចូល​ក្រុង នៅពេល​ថ្ងៃ និង​នៅលើ​ផ្លូវ​ហាមឃាត់​។​
​ ​
ជាការ​ពិត សាលា​រាជធានី បានចេញ​ប្រកាស​មិន​ឲ្យ​រថយន្ត​ធំ ធ្វើចរាចរ​ចេញចូល​ក្នុង​ក្រុង នៅពេល​ថ្ងៃ ជា​យូរ​មកហើយ និង បានកំណត់​តម្រាយ​ផ្លូវ​សម្រាប់​រថយន្ត​ទាំងនោះ (​រថយន្ត​) ធ្វើចរាចរ​ឆ្លងកាត់​ក្រុង តាម​ពេល​កំណត់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់ ដោយ​កាលពី​មុននេះ មាន​ទាំង​ចេញលក់​ប័ណ្ណ ឲ្យ​រថយន្ត​ទាំងនោះ តាម​ប្រភេទ​រថយន្ត​ទៀតផង​។​
​ ​
ទោះជា​យ៉ាងណា រថយន្ត​ធំ នៅតែ​បន្ត​ចេញចូល​ក្រុង បាន​ទាំង​កណ្តាល​ថ្ងៃ ដោយសារ​ការ ទប់ស្កាត់ នៅតាម​មាត់ច្រក​ចេញចូល​ក្រុង មាន​ភាព​ធូររលុង​ពេល​ថ្នាក់ដឹកនាំ ភ្លេច​ក្រើនរំលឹក ជា​រឿង​មួយ និង​រឿង​ផ្សេងទៀត​នោះ គឺ​ម្ចាស់​ឡានធំ​មួយចំនួន ជា​អ្នកមានអំណាច​ដ៏​មហិមា មិន​កោតខ្លាច​ច្បាប់ ដែលជា​ហេតុ​នាំ​ឲ្យ​សមត្ថកិច្ច ឈរ​នៅតាម​ដងផ្លូវ​ពេលខ្លះ ត្រូវ​ចាក់បណ្តោយ តាម ដូច​ពាក្យចាស់​តំណាល​មក​ថា អ្នកធំ​ខូច អ្នកតូច​ធ្វើតាម​។​

​នៅពេល​អ្នកធំ​ខូច អ្នកតូច​ធ្វើតាម​ច្រើន​គ្នា នាំ​ឲ្យ​រថយន្ត​ធំ ចេញចូល​ពេញ​ក្រុង​ទាំង​កណ្តាល​ថ្ងៃ បង្ក​ឲ្យ​មានការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​ច្រើន ទើប​ថ្នាក់ដឹកនាំ មាន​បញ្ជា​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ និង​រឹតបន្តឹង​ឡើងវិញ​ជាថ្មី ដែល​ការធ្វើ​បែបនេះ ច្រើនលើក ច្រើនដង​មកហើយ​នៅតែ​មិនអាច ដោះស្រាយបាន​។​
​ ​
ចង់​បញ្ចប់​សកម្មភាព​រថយន្ត ចេញចូល​ក្រុង នៅពេល​ថ្ងៃ​ឲ្យ​បាន ជាដំបូង​ត្រូវ​បណ្តេញ​ឃ្លាំង ស្តុក​ទំនិញ ឲ្យ​អស់ពី​ក្នុង​ទីក្រុង ដាក់ពិន័យ​ម៉ឺងម៉ាត់ ដល់​សមត្ថកិច្ច​ណា ដែលជា​ខ្នងបង្អែក​ម្ចាស់ រថយន្ត​ធំ ធ្វើការ​ផាកពិន័យ​តាមច្បាប់ ឃាត់ទុក​រថយន្ត​ណា ដែល​មិន​ព្រម​រាងចាល និង​អនុវត្ត វិធានការ​ទប់ស្កាត់​តាមបែប​ភ្លៀងរលឹម ក៏ដូចជា​កាត់​ផ្តាច់ការ​អន្តរាគមន៍​ពី​ថ្នាក់លើ​នោះ​គឺ​ប្រាកដ ជា​ដោះស្រាយបាន​នូវ បញ្ហា​រថយន្ត​ធំ ចេញចូល​ក្រុង ខុសពេល​កំណត់​នេះហើយ​៕ ដោយ​: ប​.​ខុន​