ចាប់​ពី​គ្រោះអាសន្ន​កណ្តាល​អាកាស​ដល់​ពួក​ភេរវ​ករចាប់​ប្លន់​យន្តហោះ ,​ការប៉ាន់ស្មាន​ជុំវិញ​ការបាត់​យន្តហោះ​ម៉ាឡេស៊ី​MH370

3533
ចែករម្លែក

ការរកឃើញគ្រោងឆ្អឹងដែកធំពីរនៅបាតសមុទ្រឥណ្ឌានៅសប្តាហ៍មុននេះនាំអោយមានក្តីសង្ឃឹមថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍Malaysia Airlines ជើងហោះហើរMH370នៅទីបំផុតនឹងត្រូវរកឃើញ។តែបន្ទាប់ពីយន្តហោះបាត់ខ្លួនអស់ជាង៤ឆ្នាំ ចាប់តាំងពីថ្ងៃ៨មីនា ឆ្នាំ២០១៤មក ពួកអ្នកស៊ើបអង្កេតមានសំណាងតិចណាស់ក្នុងការ
រកឃើញខ្មោចយន្តហោះដែលបានបាត់ជាមួយអ្នកដំណើរ២២៧នាក់។

ការរកឃើញនៅសប្តាហ៍មុននេះ ដែលនៅទីបំផុតទៅត្រូវបានកំណត់ថាជាខ្មោចនាវាជំនួញតាំងពីសតវត្សរ៍១៩ ជារបត់មួយនៅក្នុងអាថ៌កំបាំងធំបំផុតមួយនៃពិភពលោកសម័យទំនើបនេះ។ជាមួយនឹងការមិនមានចម្លើយច្បាស់លាស់ថាមានអ្វីកើតឡើងចំពោះយន្តហោះជើងហោះហើរMH370 ក្នុងអ៊ិនធឺណិតពោរពេញដោយទស្សនៈនិង
ទ្រឹស្តីផ្សេងៗចាប់ពីរឿងដែលអាចកើតមានរហូតដល់រឿងគួរអស់សំណើច។

វិស្វករអូស្រ្តាលី លោកផេធឺ ម៉ាក់ម៉ាហុន បានអះអាងកាលពីខែមុនថា លោកបានរកឃើញអ្វីទំនងជាគ្រោងយន្តហោះនៅលើGoogle earth ក្នុងតំបន់ស្វែងរកMH370

វិស្វករអូស្រ្តាលី លោកផេធឺ ម៉ាក់ម៉ាហុន បានអះអាងកាលពីខែ មុនថា លោកបានរកឃើញអ្វីទំនងជាខ្មោចយន្តហោះនៅលើGoogle Earthនៅក្នុងតំបន់ស្វែងរកយន្តហោះMH370។ក្រោយចំណាយពេលរាប់ឆ្នាំពិនិត្យស្វែងរកលើផែនទីអនឡាញនៃមហាសមុទ្រឥណ្ឌា អ្នកស៊ើបអង្កេតការធ្លាក់យន្តហោះរូបនេះអះអាងថាបានរកឃើញគ្រោងយន្តហោះមួយដិតដាមដោយប្រហោងគ្រាប់សុះសាច់។

ម៉ាក់ម៉ាហុន បានអះអាងថា ពួកអ្នកស៊ើបអង្កេតមិនព្រមមុជទឹកនៅក្នុងតំបន់ដែលលោកបានរកឃើញនៅឯនាយឆ្នេរកោះRound Island ខាងជើងប្រទេសម៉ូរីទូស ជាតំបន់ដែលមិនត្រូវបានគេស្វែងរកពីមុន។”ពួកគេលាក់បាំងព័ត៌មានដែលទទួលបាន សូម្បីតែរដ្ឋាភិបាលក៏មិនទម្លាយប្រាប់ដែរ ហេតុអី?។ពួកគេមិនចង់អោយរកឃើញទេដោយសារយន្តហោះត្រូវគ្រាប់សុះសាច់។ ការរកឃើញវានាំដល់ការស៊ើបអង្កេតមួយទៀត?”។

-តើMH370ត្រូវគេលួច?

មុនការបាត់យន្តហោះ ប្រធានក្រុមអ្នកបើកបរZaharie Shahបានចុះឈ្មោះកោះតូចមួយនៅឌីអេហ្គោ ហ្គាស្យា ចម្ងាយ៤.៧០០គ.ម ភាគពាយព្យអូស្រ្តាលី នៅលើនាឡិកាយន្តហោះ។

ពួកអ្នកទ្រឹស្តីបានលើកឡើងថា Zaharie Shahអាចហាត់ចុះចតយន្តហោះនៅលើផ្លូវចុះរបស់កោះនេះ ដែលត្រួតត្រាដោយអង់គ្លេស តែជាជម្រកសំរាប់មូលដ្ឋានទ័ពជើងទឹកអាមេរិក។

ក៏មានការលើកឡើងថាយន្តហោះអាចត្រូវបានលួចដោយភេរវករនិងលាក់ទុកនៅប៉ាគីស្ថានខាងជើង ឬអាចធ្វើឡើងដោយមេផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន។

នៅក្នុងការស្ទង់មតិមួយនាឆ្នាំ២០១៤អំពីការបាត់ខ្លួនMH370 អ្នកឆ្លើយតបជាជនជាតិអាមេរិក៥ភាគរយបាននិយាយថា ពួកគេជឿថាវាទំនងជាស្នាដៃមនុស្សក្រៅភព។

-ពួកហែកឃឺត្រួតត្រាលើយន្តហោះ

ក្រោយព្រឹត្តិការណ៍យន្តហោះវាយប្រហារប៉មអាមេរិក៩/១១ បច្ចេកវិទ្យាថ្មីៗត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតអោយយន្តហោះអាចត្រូវត្រួតបញ្ជាពីចម្ងាយនៅក្នុងហេតុការណ៍ចាប់ពង្រត់ណាមួយ។

អ្នកនិពន្ធអង់គ្លេសលោកណ័រមែន ដាវីស អះអាងថា ឧបករណ៍Autopilotរបស់យន្តហោះBoeingដែលក៏មាននៅក្នុងយន្តហោះMH370អាចត្រូវបានហែកដើម្បីអោយយន្តហោះហោះទៅកាន់ទីតាំងសម្ងាត់មួយ។

លោកបានប្រាប់កាសែតThe Sunday Timesថា” មានរបាយការណ៍ថា ទំនិញនៅក្នុងប្រតិវេទមិនបានប្រាប់ពីចំនួន។ខ្ញុំមិនដឹងថាវាដឹកអ្វីទេ តែអាចជាទំនិញអ្វីមួយដែលគេមិនចង់អោយទៅដល់ចិន”។

នៅក្នុងសៀវភៅ “ក្រោមមេឃមួយទៀត:ការធ្វើដំណើរសកលមួយចូលក្នុងប្រវត្តិសាស្រ្ត” លោកដាវីសបានលើកឡើងថា ហែកឃឺម្នាក់អាចចាប់ពង្រត់យន្តហោះមុនជនហែកឃឺម្នាក់ទៀតត្រួតត្រាវាពីចម្ងាយ។

លោកថា” ការចាប់ពង្រត់ដំបូងអាចជាអាមេរិក ដែលចង់រារាំងមិនអោយយន្តហោះទៅដល់ក្រុងប៉េកាំង និងយន្តហោះត្រូវបានបង្វែរទៅ ឌីអេហ្គោ ហ្គាស្យា ដែលជាមូលដ្ឋានទ័ពអាមេរិកនៅក្នុងមហាសមុទ្រឥណ្ឌា និងបន្ទាប់មកនរណាម្នាក់ហែកវាទៀតដើម្បីកុំអោយទៅដល់ទីនោះ”។

-តើអ្នកបើកធ្វើអត្តឃាត?

អ្នកខ្លះបានអះអាងថា អាកាសយានិកម្នាក់អាចធ្វើអត្តឃាតដោយធ្វើអោយយន្តហោះធ្លាក់។

យោងតាមទ្រឹស្តីនេះ ប្រធានបើកបរលោកZaharie Ahmad Shah អាចជ្រើសរើសការទម្លាក់យន្តហោះពីអាកាសចូលក្នុងសមុទ្រជំរៅ៧.៦២០ម៉ែត្រ កន្លែងដែលមិនអាចអោយគេរកឃើញ។មានការលើកឡើងផងដែរថាលោកShahបានហោះក្រឡឹងតំបន់មួយនៃមហាសមុទ្រឥណ្ឌា នៅមុនពេលវាធ្លាក់បន្តិច។

អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ថូនី អាប់បុត ស្ថិតចំណោមអ្នកគាំទ្រទ្រឹស្តីនេះ។

នៅមុនខួបទី៣នៃការបាត់យន្តហោះនេះ លោកអាប់បុតបាននិយាយថា”វាទំនងណាស់ដែលជាការធ្វើឃាតឬអត្តឃាត ហើយបើជននេះចង់បង្កើតមហាអាថ៌កំបាំងពិភពលោក ហេតុអីក៏គាត់មិនបើកវាទីខាងត្បូងកាន់តែឆ្ងាយទៅ?”។

នៅ១២ខែបន្ទាប់ពីគ្រោះមហន្តរាយMH370 យន្តហោះក្រុមហ៊ុនអាល្លឺម៉ង់មួយហោះពីអេស្ប៉ាញទៅ ក្រុងដូសសេលដហ្វ បានធ្លាក់ចូលភ្នំអាល់បារាំង។ក្រោយមកគេបានរកឃើញថាការធ្លាក់នេះបញ្ជាដោយអាកាសយានិករួមឈ្មោះ អង់ឌ្រីស លុយបីតហ្ស៍ ។

-តើគេបានរកឃើញវារួចហើយ?

មុននេះក្នុងឆ្នាំ២០១៨នេះ នាវាស្វែងយន្តហោះMH370បានបាត់ខ្លួននៅពេលតែ៣ថ្ងៃក្រោយពីវាបិទប្រព័ន្ធតាមដានរករបស់វា ជាហេតុបង្កអោយលេចចេញទ្រឹស្តីផ្សេងៗ។

ក្រោយមិនអាចត្រូវគេពិនិត្យរកឃើញអស់៨០ម៉ោង នាវានេះក៏លេចចេញក្នុងរ៉ាដាឡើងវិញ។ពួកអ្នកតាមដានអាថ៌កំបាំងបានលើកឡើងថាក្នុងអំឡុងពេលនេះ បណ្តាទូកស្វែងរកអាចចូលពាក់ព័ន្ធក្នុងការបិទបាំងមួយ ក្រោយពីបានជួបខ្មោចយន្តហោះ។

-គ្រោះអាសន្ននៅកណ្តាលអាកាស

យោងតាមអាកាសយានិកគ្រីស ហ្គូតហ្វេឡូវ វាមានលទ្ធភាពខ្លាំងមួយដែលកយន្តហោះជួបគ្រោះមហន្តរាយក្នុងអាកាស ដូចជាអគ្គិភ័យ ដែលបណ្តាលអោយអ្នកបើកមិនអាចចុះចត។

សរសេរបង្ហោះក្នុងគណនីGoogle Plus លោកហ្គូតហ្វេឡូវ បានអះអាងថា ក្នុងករណីមានអគ្គិភ័យ ឬឧបទ្ទវហេតុផ្សេង អាកាសយានិកបានព្យាយាមហោះទៅជិតកន្លែងចុះ តែមិនអាច។”សំរាប់ខ្ញុំ ការបាត់ការទាក់ទង អាចមកពីអគ្គិភ័យ”។

សូមបញ្ជាក់ថាមិនមានការទាក់ទងមកពីយន្តហោះទេបន្ទាប់ពីវាចេញដំណើរបាន៣៨នាទី តែគេជឿថាវាធ្លាក់នៅចុងខាងត្បូងនៃមហាសមុទ្រឥណ្ឌា។

-តើអ្នកដំណើរអាថ៌កំបាំងម្នាក់ចាប់ពង្រត់វា?

បញ្ជីផ្លូវការរបស់MH370បង្ហាញថា មនុស្ស២៣៩នាក់បាត់ខ្លួន។តែអ្នកស៊ើបអង្កេតម្នាក់លោក អងើដ្រេ មីលណេ និយាយថា យន្តហោះនេះតាមពិតដាក់មនុស្ស២២៦នាក់និងសមាជិកយន្តហោះ១២នាក់ សរុបមក២៣៨នាក់។

លោកបានលើកឡើងថា អ្នកដំណើរមិនស្គាល់អត្តសញ្ញាណម្នាក់អាចចាប់យន្តហោះមកត្រួតត្រា និងបញ្ជាវាទៅកាន់ទីតាំងសម្ងាត់ណាមួយ។”អ្នកដំណើរពិសេសម្នាក់នេះអាចធ្វើសកម្មភាពក្រោមកិច្ចសហការជាមួយក្រុមក្រៅប្រទេសណាមួយដើម្បីចូលទៅគ្រប់គ្រងបន្ទប់បញ្ជាការហោះហើរ”។

ក្រុមហ៊ុនOcean Infinityដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក កំពុងស្វែងរកយន្តហោះនេះខណៈរដ្ឋាភិបាល អូស្ត្រាលី ម៉ាឡេស៊ីនិងចិនបានបញ្ឈប់ការស្វែងរកនៅខែមករាឆ្នាំមុន គឺជិត៣ឆ្នាំក្រោយការបាត់MH370៕ដោយ៖វាសនា

អាជ្ញាធរជាច្រើនស្វែងរកសព្វមហាសមុទ្រឥណ្ឌា តែបានជួបខ្មោចនាវាតាំងពីសតវត្សរ៍ទី១៩ទៅវិញ
Sheryl Keen នៅក្រុងភើត អូស្រ្តាលី បង្ហាញវត្ថុរើសបានមកពីសមុទ្រ២០មុខ ដែលគាត់ជឿថាជារបស់យន្តហោះMH370

រដ្ឋាភិបាលអូស្រ្តាលី ម៉ាឡេស៊ីនិងចិន បានបញ្ឈប់ការស្វែងរកខ្មោចយន្តហោះកាលពីខែមករាឆ្នាំ២០១៧ នៅជិត៣ឆ្នាំក្រោយយន្តហោះបាត់ក្រោយរកឃើញរបស់ផ្សេងៗមិនជារបស់MH370