ចាប់​មនុស្ស​៨​នាក់​ព្រមទាំង​សម្ភារៈ​មួយចំនួន ដែល​កំពុង​ដាំ​ដើមឈើ​និង​ផ្កា​ព័ទ្ធ​យក​ដីចម្ការ​ស្រល់​

753
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: មនុស្ស​ចំនួន​៨​នាក់ ដែលមាន​មេការ​ផង​នោះ បាន​ត្រូវ​ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច កាលពី​ថ្ងៃទី​១២​ខែតុលា ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ម៉ម វណ្ណដា ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​នេះ មនុស្ស​ទាំង​៨​នាក់​នោះ គឺ​កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន នគរបាល​ខេត្តមណ្ឌលគិរី ក៏​កំពុងតែ​យកទៅ​សួរនាំ​បន្ត​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ផង​នោះ​ទៀត​។​

​គួ​រំលឹកថា ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ ដែល​សហការគ្នាជាមួយ​នឹង​កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ព្រះរាជ​អ​ជ្ញា​រង នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី គឺ​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៨ នាក់ អ្នក​ដែលមាន​មេការ​ម្នាក់​មានឈ្មោះ​ជួង សុភា​រុណ ព្រមទាំង​កម្មករ​០៧​នាក់​ផ្សេងទៀត ពេលដែល​ពួកគេ កំពុងតែ​ធ្វើ​សកម្មភាព ដាំ​បង្គោលរបង​ថ្ម ព័ទ្ធ​របងលួស និង​ដាំ​ដើម​ផ្កា​លំអ ដើម្បី​ហ៊ុ​ព័ទ្ធ​យក​ដីចំការ​ស្រល់​របស់​រដ្ឋ ដែលមាន​ទីតាំង នៅខាងមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូររាំង ស្ថិតនៅ​ក្នុងភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី ។​ហើយ​វត្ថុតាង​ដែល​រឹបអូស​នៅពេលនោះ គឺមាន​រថយន្ត​កូរ៉េ​មួយគ្រឿង ម៉ូតូ​ចំនួន​០១​គ្រឿង កាំបិតផ្គាក​ចំនួន​២ ផ្លែ និង​សម្ភារៈ​មួយចំនួនទៀត​។​

​ក្នុងការ​សួរនាំ​ជាបឋម ពី​សំណាក់ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឈ្មោះ​ជួង សុខ​ភា​រុណ​ដែលជា​មេការ បាន​ឆ្លើយថា ដី​នេះ​ជា​ដី​របស់​លោកស្រី​ច​ន្ធូ ដែល​គាត់​បាន​ទិញ ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អូររាំង​កាលពីពេល​កន្លងទៅ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់ល​ម្អិ​ត ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​នៅឡើយ គ្រា​ដែល​មនុស្ស​ទាំងនោះ កំពុងតែ​ស្ថិតនៅក្នុង​ការសួរនាំ​។​

​ក្នុងករណីនេះ សមត្ថកិច្ច​បានបង្ហាញ អំពី​ឯកសារ​ដីធ្លី​ចំនួន​ពីរ​ផ្ទាំង បានមកពី​មេការ​ដែល​ផ្ទាំង​ទី​០១​នោះ គឺជា​លិខិត ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ដែលមាន​ឈ្មោះ​តែម កែវ​កន្និការ អាយុ​៣៣​ឆ្នាំ គឺ​បាន​ព្រមព្រៀង​ឯកភាព ប្រគល់​សិទ្ធិ​កាន់កាប់ ចំការ​មួយកន្លែង ដែល​ពុំទាន់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ​នៅឡើយ ហើយ​បាន​កាន់កាប់​ចាប់ពី​ឆ្នាំ ២០០០ ស្ថិតនៅ​ក្នុងភូមិ​បូរាណ ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី លើ​ទំហំ​ផ្ទៃដី​២៦៦០០​ម៉ែត្រការ៉េ​។ ឈ្មោះ​ខាងលើ គឺ​បាន​ផ្ទេរ​ទៅ​ឲ្យ ឈ្មោះ​ស្រី​ច​ន្ធូ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជា​ជនជាតិខ្មែរ មាន​ទីលំនៅ នៅ​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​លិខិត​នេះ​ផង​ទៀត គឺមាន​ការចុះហត្ថលេខា​អនុញ្ញាត ពី​អតីត អភិបាលស្រុក​អូររាំង លោក​នង​ទុ​ណ្ណា​រី​ព្រមទាំង​មានការ ប្រថាប់ត្រា បង្គន់​ទៅ​សាខា ពន្ធដារ​ខេត្ត​មណ្ឌល​គី​រី ដែលមាន ហត្ថលេខា ប្រធាន សាខា​ពន្ធដារ​ខេត្ត លោក​ហេង ស៊ី​ប៉ា នោះ​ផង​ទៀត​។​

​ចំពោះ​លិខិត​១​ផ្ទាំង​ទៀត​គឺ​ឈ្មោះ​ប្រែ​ម តែម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ព្រមព្រៀង​ឯកភាព​ប្រគល់​សិទ្ធិ​កាន់កាប់ ដីចំការ​មួយកន្លែង ដែល​មិនទាន់មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​នៅឡើយ ហើយ​បាន​កាន់កាប់​កម្មវិធី​ឆ្នាំ ២០០០​ក្នុងភូមិ​ពូ​រ៉ាង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី លើ​ទំហំ​ផ្ទៃក្រឡា​២៨១១១០​ម៉ែត្រការ៉េ​។ ឈ្មោះ​ខាងលើនេះ គឺ​បាន​ផ្ទេរ​ទៅឱ្យ​ឈ្មោះ​ស្រី​ច​ន្ធូ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មានការ​ចុះហត្ថលេខា ពី​អតីត​អភិបាលស្រុក​អូររាំង គឺ​លោ​កនង​ទុ​ណ្ណា​រី និង​ក៏មាន​ការបង់ពន្ធ​ប្រថាប់ត្រា ទៅ​សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី ដែលមាន​ប្រធាន​សាខា​ពន្ធដារ​ខេត្ត លោក​ហេង​ស៊ី​ប៉ា​ផងដែរ​។​

​ចំពោះ​លិខិត ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ទាំងពីរ​នេះ ហាក់​មាន​ភាពមិនប្រក្រតី គ្រា​ដែល ក្នុង​លិខិត គឺ​ពុំមាន ហត្ថលេខា​របស់​អាជ្ញាធ​រ​ឃុំ​ភូមិ នោះទេ ដោយ​មានតែ​លោក​អភិបាលស្រុក​តែប៉ុណ្ណោះ ហើយ​អ្វីដែល​ជាការ​ងឿងឆ្ងល់ លិខិត​ទាំងពីរ​នេះ គឺមាន​កាលបរិច្ឆេត ថ្ងៃខែ​តែមួយ​ថែម​ទៀតផង​។​

​នៅក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​កសិកម្ម​ស្រុកស្រែ បាទ​បង្ហោះ​កំឡុងពេល​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​មេការ និង​បានដាក់​រូប​មេការ​ឈ្មោះ​ជូន​សុខ​ភា​រុណ​ផង​ដែក​ទំនងជា​គណនី​យ្យ​របស់​មេការ បានសរសេរថា (​ធ្លាប់​ឮ​តែ​កាប់​ឈើ​ខុសច្បាប់ ឥឡូវ​ដាំ​ដើមឈើ​ក្នុង​ដី​ខ្លួនឯង ក៏​ខុសច្បាប់​ដែរ ។​សូម​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ជួយ​មើល​កូនចៅ​ផង គ្រាន់តែ​ប្រជាជន​ស៊ីឈ្នួល​ដាំ​ដើមឈើ​សោះ ចាប់ខ្លួន​ទាំង​មនុស្ស​ទាំង​រថយន្ត ដឹក​កូនឈើ​ដាក់​ក្នុង​រដ្ឋបាល​ព្រៃឈើ ។ បងប្អូន​មាន​ដឹង​អត់ថា​ដាំ​ដើមឈើ​ខុសច្បាប់ នៅ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​។​ល្មមៗ​បាន​ហើយ កុំ​ឲ្យ​ប្រជាជន​បាតុកម្ម​ទាន់​។​

​ក្នុងករណីនេះ រស្មី​កម្ពុជា នៅ​ពុំទាន់​អាច ស្វែងរក​ការបញ្ជាក់ បានឡើយ ហើយក៏​កំពុងតែ​ស្វែងរក​ព័ត៌មាន​បន្ថែម ដើម្បី​ធ្វើការ​ចុះផ្សាយ នៅ​លេខ​ក្រោយ​៕