ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ម្ចាស់​រត់​បាត់​

823
ចែករម្លែក

ដោយ​:​សុខុម / ស្ទឹងត្រែង​: រថយន្ត​សាំង​យ៉ុង​ដឹកឈើ​អត់​ច្បាប់​មួយគ្រឿង ក្នុងចំណោម​ជាច្រើន​គ្រឿង​ទៀត ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧​អា​(7A) ព្រំប្រទល់​ខេត្តស្ទឹងត្រែង​-​ក្រចេះ កាលពី​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​។​

​នៅក្នុង​ហេតុការណ៍​ស្ទាក់ចាប់​រថយន្ត​ខាងលើ មន្ត្រីរដ្ឋបាល​ព្រ​ឈើ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ក្រុម​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​អត់​ច្បាប់​ទាំងនោះ មាន​ច្រើន​គ្រឿង ដែល​បើកបរ​ជា​ក្រុមៗ  -​មាន​ចេញ​ម្តង​ចាប់ពី​៥​ទៅ​១០​គ្រឿង​។ ក្រុម​ទាំងនេះ បើកបរ​ក្នុង​ល្បឿន​លឿន​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះទេ ហើយ​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដទៃ​ញឹកញាប់​ណាស់​។​

​មន្ត្រី​ដដែល​បន្តថា ក្រុម​ដឹកឈើ​ល្មើសច្បាប់​ខាងលើ ពេល​សមត្ថកិច្ច​ចុះ​ឃាត់ ពួកគេ​បាន​បើកឡាន​រត់គេច ថែមទាំង​ទាញ​ឈើ​ទំលាក់​ចេញពី​រថយន្ត ក្នុង​បំណង​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដទៃទៀត ធ្វើ​ចរាចរណ៍​បាន​លើ​ដងផ្លូវ​ទៅមុខ​បាន​។

​ប្រភព​បញ្ជាក់ថា ហេតុការណ៍​ខាងលើ សមត្ថកិច្ច​ស្ទាក់​ចាប់បាន​រថយន្ត​តែមួយ​គ្រឿង​ប៉ុណ្ណោះ ក្នុងចំណោម​ច្រើន​គ្រឿង ព្រោះ​រថយន្ត​ទាំងនោះ​បើក​បិទផ្លូវ និង​បើ​រេ​ពេញ​ផ្លូវ​។ រថយន្ត​មួយគ្រឿង​ដែល​សមត្ថកិច្ច​ចាប់បាន​ខាងលើ ត្រូវបាន​បញ្ជូនមករ​ក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​ម្ចាស់​រថយន្ត បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​។

​គួរកត់សម្គាល់​ផងដែរ​ថា នៅលើ​ដងផ្លូវ​លេខ​៧ ហួស​អូរ​ពងមាន់​បន្តិច​មាន​ប៉ុស្តិ៍​ចរាចរណ៍​មួយកន្លែង ដាក់​ការពារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចម្រុះ​។ ក្នុងនោះ មាន​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​, នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

#