ចាប់​ឡាន​ដឹកឈើ​បី​គ្រឿង​នៅ​មណ្ឌលគិរី​

11004

(​មណ្ឌលគិរី​)៖ រថយន្ត​សាំ​យ៉ុង​ចំនួន​បី​គ្រឿង ត្រូវបាន​ចាប់​បង្ក្រាប​ភ្លាមៗ ក្រោយ​ធ្វើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ក្នុង​ប្រតិបត្តិការ​ពីរ​ដាច់ដោយឡែក​ពីគ្នា​។​

​លោក ថាវ អឿង អភិបាលរង​ស្រុក និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ នៃ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់ ត្រូវ​ថ្ងៃទី​១៧ តុលា ២០១៧ គណៈបញ្ជាការ​ឯកភាព​ស្រុក​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ដេញចាប់​រថយន្ត​សាម​យុង​ផ្ទុក​ឈើ​ប្រភេទ​ធ្នង់ នៅ​ចំណុច​អូរ​វ៉ា​ក់លើ​បណ្តោយ​ផ្លូវជាតិ​៧៦A​ចំនួន ពីរ គ្រឿង​បម្រុង​ដឹកចេញទៅ​ខេត្ត រតនៈគីរី​។ បច្ចុប្បន្ន​ក្រុមការងារ​ចម្រុះ​បានប្រគល់​រថយន្ត​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រក្សាទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ត្រាច​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ចំណែក​ករណី​ទី​ពីរ​ប្រភព​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានធ្វើការ​បង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​មួយគ្រឿង ដែល​បានធ្វើ​សកម្មភាព​លួច​បន្លំ​ដឹកឈើ​ប្រណិត​ធ្នង់ ចេញពី​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះ ទៅ​ស្រុក​កែវ​សីមា ប៉ុន្តែ​ត្រូវបាន​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ភ្លាមៗ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ នៅ​កា​រ៉ា​ស់​សាំង​មួយកន្លែង​នៅក្នុង​ទឹកដី​ស្រុក​អូររាំង នា​ព្រឹក​ថ្ងៃទី​១៨ តុលា ២០១៧​។​

​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រភព​ថា មាន​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​បាន​កំពុងធ្វើដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ដោយមាន​លួច​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​។ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ​។ ប៉ុន្តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រារាំង មិន​ព្រម​សហការ​ជាមួយ​ជំនាញ ហើយ​បាន​បើករថយន្ត​ល្មើសច្បាប់​ចូលទៅ​ជ្រក​នៅ​ទីតាំង​កា​រ៉ា​ស់​សាំង​មួយ​នៅ​ស្រុក​អូររាំង​។​

​ទោះជា​យ៉ាងណា​ក្រោយ​មាន​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញារ​រង​ខេត្ត កម្លាំង​មន្ត្រី​បរិស្ថាន​ក៏​បន្តសកម្មភាព​ចាប់​អូស​យក​រថយន្ត​ដឹកឈើ​ល្មើស ទៅ​កសាង​សំនុំរឿង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត តាមផ្លូវ​ច្បាប់​។ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​៕L ដោយៈ សាត​ចាន់​បុត្រ​