ចាប់​អនុប្រធាននាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​បក្ខពួក​ពីរនាក់​រឿង​រត់ការ​ដោះលែង​ក្រុម​ជំរិតទារប្រាក់​ចិន ១៨​នាក់​

327
ចែករម្លែក
ជនជាតិចិន១៨នាក់ដែលត្រូវចាប់ខ្លួន

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​បក្ខពួក​ចំនួន​ពីរ​នាក់ (​អ្នក​ទាំងបី​ជា​ប៉ូលិស​) ពាក់ព័ន្ធ​ករណី​រត់ការ​យកលុយ​ចំនួន ម៉ឺន​ដុល្លារ​ទៅ​សូក​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ដោះលែង​ក្រុម​ជនជាតិ​ចិន​ចំនួន ១៨​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​។​


មន្ត្រីនគរបាល​ទាំង​បី​រូប គឺ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​នៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។​


​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា នេះ​ថា មន្ត្រីនគរបាល​ទាំង​បី​រូប ដែល​ត្រូវ​ឃាត់ខ្លួន​រួមមានៈ១. ឈ្មោះ សឿ ស៊ីថា ភេទ​ប្រុស អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។​២. ឈ្មោះ រ​ត្ឋ័ ពិន ភេទ​ប្រុស មន្ត្រី​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។និង៣. ឈ្មោះ វណ្ណ សុភាព មន្ត្រី​ការិយាល័យ​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​


​មន្ត្រីនគរបាល​ទាំងបី​នាក់​ខាងលើ បាន​រត់ការ​យកលុយ​ចំនួន​បួន​ម៉ឺន​ដុល្លារ​ ទៅ​សូកប៉ាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ដោះលែង​ជនជាតិ​ចិន​ទាំង​១៨​នាក់​។ ជន​ជាតិចិន​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ដី​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​៕​សរន