ចាស់ជរា​និង​ពល​រដ្ឋ​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​២០០​នាក់​ទទួល​អំណោយ​ពី​កម្មវិធី​សប្បុរសធម៌​របស់​វី​តា​ល់​និង​មី​ជាតិ​

182
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ដែលជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់​និង​ផលិតផល​មី​ជាតិ​ដែលជា​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក​បាន​សហការ​រៀប​ចំ​កម្មវិធី​សប្បុរសធម៌​“​អំណោយ​ផ្តល់​ភាពកក់ក្តៅ​”​ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​អាវរ​ងារ​ភួយ​ព្រមទាំង​ថ្នាំសង្កូវ​ជូន​ចាស់ជរា​និង​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​ប្រមាណ​២០០​នាក់ នៅ​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​សប្បុរសធម៌​នេះ​បាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​បរិវេណ​សួនច្បារ​វត្ត​បុ​ទុម​ដោយមាន​ការចូលរួម​ពី​លោកស្រី​ជឹ​ង​សុគន្ធា​វី​អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​និង​ផលិតផល​មី​ជាតិ​ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ប្រជាពលរដ្ឋ​យុវជន​ស្ម​គ្រ័​ចិត្ត​និង​ក្រុមការងារ​ជាច្រើន​នាក់​។

​នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ក្រុមហ៊ុន​បាន​ប្រា​ព្ធក​ម្ម​វិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​វប្បធម៌​ចែករំលែក​ជូន​គ្នា​ទៅវិញទៅមក​ក្នុង​គោលការណ៍​ស្រលាញ់​រាប់អាន​ផ្តល់​អធ្យាស្រ័យ​និង​គោរព​គ្នា​ដោយស្មោះ​ស្ម័គ្រ​។​ក្រៅពីនេះ​ទៅទៀត​ក៏​ធ្វើឡើង​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នក​ខ្សត់ខ្សោយ​គ្មាន​ទី​ជំរក​សមរម្យ​ឱ្យមាន​ក្តីសង្ឃឹម​ដើម្បី​ជំនះ​ឧបសគ្គ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​កម្មវិធី​នេះ​ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សាធារណជន​និង​ក្រុមហ៊ុន​ឯកជន​ក្នុង​ការងារ​សប្បុរសធម៌​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្តទៅទៀត​។​

លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា​នៃ​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា “​រដូវ​ធ្លាក់​ខ្យល់​បានមក​ដល់ វា​បាន​បង្ករ​ការលំបាក​ណា​ស់​សម្រាប់​ចាស់ជរា និង​ប្រជាជន​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​។ ក្នុងនោះ អ្នកខ្លះ​មិនមាន​ទី​ជំរក​សមរម្យ​អ្នកខ្លះ​មិនមាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់​និង​អ្នកខ្លះ​មិនមាន​លទ្ធភាព​ទិញ​អាហារ​បរិភោគ​និង​ថ្នាំសង្កូវ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​យើងខ្ញុំ​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល​និង​សោកស្តាយ​ដែល​ឃើញ​មាន​រូបភាព​ទាំងនេះ​”​។​លោកស្រី​បាន​បន្តថា​“​តាមរយៈ​កម្មវិធី​នេះ​យើងខ្ញុំ​សង្ឃឹមថានឹង​អាច​ចូលរួមចំណែក​ចែករំលែក​ការលំបាក​មួយចំនួន​និង​ផ្តល់​ភាពកក់ក្តៅ​ទៅដល់​ពួកគាត់​ដែលមាន​ការលំបាក​ក្នុងពេល​រដូវរងារ​នេះ​” ។

​គួរបញ្ជាក់​ផងដែរ​ក្នុង​កម្មវិធី​នេះ​មាន​ចាស់ជរា​និង​ប្រជាជន​គ្មាន​ផ្ទះសម្បែង​ប្រមាណ​២០០​នាក់​បានមក​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ទាំងពីរ​ដែល​អំណោយ​មានដូចជា​អង្ករ​អាវរ​ងារ​ភួយ​ក្រមា​ថ្នាំពេទ្យ​ទឹក​ពិសា​វី​តា​ល់​មី​ជាតិ​និង​ថវិកា​មួយចំនួន​។​ចាស់ជរា​និង​ប្រជាជន​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​ពី​ខេត្ត​ដទៃ​ចូលក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រកប​របប​តិចតួច​ចិញ្ចឹមជីវិត​។​

​អ្នកខ្លះ​ជា​អ្នកលក់​អំបោស​តាម​ដងផ្លូវ​អ្នកខ្លះ​ជា​អ្នក​សំលៀងកាំបិត​អ្នកខ្លះ​ជា​អ្នក​កាន់​ជញ្ជីង​ថ្លឹង​គីឡូ​តាម​ផ្សារ​និង​ទីប្រជុំជន​និង​អ្នកខ្លះ​ជា​អ្នកស៊ីឈ្នួល​ធាក់​ស៊ីក្លូរ​ជាដើម​។​របប​ទាំងនេះ​ទទួលបាន​ចំនូល​តិចតួច​ណាស់​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនមាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់អាស្រ័យ​បាន​ក្រៅពី​ដើរ​សម្រាន្ត​តាម​ដងផ្លូវ​តាម​សំ​យ៉ាប​ផ្ទះ​អ្នកដទៃ​តាម​វត្ត​អារាម​ឬ​នៅលើ​ស៊ីក្លូរ​ជាដើម​។​

​ដោយ​ក្តី​អាណិត​ស្រលាញ់​និង​ចូលរួម​រំលែក​ការលំបាក​ទៅដល់​អ្នក​ខ្ស​ត់​ខ្សោយ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​និង​ផលិតផល​មី​ជាតិ​មាន​ទស្សនៈវិស័យ​រួមគ្នា​ប្តេជ្ញា​បង្កើតជា​កម្មវិធី​សប្បុរសធម៌​ដើម្បី​ជួយ​ប្រជាជន​ក្រីក្រ​ដែល​រងចាំ​ជំនួយ​។​ក្រុមហ៊ុន​ទាំងពីរ​ក៏បាន​អំពាវ​ដល់​សាធារណជន​យុវជន​ប្រុស​ស្រី​និង​ក្រុមហ៊ុន​ឯកជន​នានា​ផ្សេងទៀត​រួមគ្នា​បង្កើត​និង​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្តទៅទៀត​៕S/

​ចំណងជើង​រូបថត​៖​ចាស់ជរា​និង​ប្រជាជន​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​២០០​នាក់​ទទួលបាន​អំណោយ ពី​កម្មវិធី​សប្បុរសធម៌​របស់​វី​តា​ល់​និង​មី​ជាតិ​(​រូបៈ​សុផល​)