ចាស់ជរា កុមារកំព្រា និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​សរុប ១៦៣​គ្រួសារ ក្នុងស្រុក​ស្វាយជ្រំ ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហម​

541
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​សហការី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​នាំយក អំណោយ​មនុស្សធម៌​ទៅសួរសុខទុក្ខ និង​ចែកជូន​ចាស់ជរា ៧៣ គ្រួសារ កុមារកំព្រា ២ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ៨៨ គ្រួសារ សរុប ១៦៣ គ្រួសារ មកពី ១០ ឃុំ ក្នុងស្រុក​ស្វាយជ្រំ​។ ពិធី​នេះ​បានរៀបចំ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា បាន​ពាំ​នាំនូវ​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ និង​បាន​ផ្ដាំផ្ញើ​ដល់​ពួកគាត់​ឲ្យ​ខិតខំ​ថែរក្សា​សុខភាព មាន​អនាម័យ​ក្នុងការ​រស់នៅ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង រស់នៅ​ស្អាត ដើម្បី​ការពារ​ជម្ងឺឆ្លង​នានា​ដែល​បណ្តាលមកពី​ការ​កង្វះ​អនាម័យ ។​

​លោកស្រី​ក៏បាន​សំណូមពរ​សូម​ឲ្យ​បងប្អូន​ដែល​រស់នៅក្នុង​សហគមន៍​ទាំងអស់ ត្រូវ​មានការ​សាមគ្គី​គ្នា ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក និង ជៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​អសកម្ម​នានា​ដែល​សង្គមជាតិ​ស្អប់ខ្ពើម ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿន​ញៀន ដើម្បី​ឲ្យ​សហគមន៍​យើង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​។ អំណោយ​ដែល​ចែកជូន​ទាំង ១៦៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារុង ១ និង​ថវិកា ៤០.០០០ រៀល​ផងដែរ​៕ ល​