ចាំ​មើល​ថា​តើ​ចិន​ចាត់​វិធា​ការ​អ្វី ក្រោយ​ពី​ត្រាំ​ចុះហត្ថលេខា​លើ​ច្បាប់​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​

655
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​ លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​២៧​វិច្ឆិកា ​បាន​ចុះហត្ថលេខា​លើ​ពង្រាងច្បាប់​២ ក្នុង​បំណង​គាំទ្រ​សកម្មជន​សិទ្ធិមនុស្ស​និង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​​ហុងកុង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ត្រាំ​បាន​និយាយថា​« ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​ទាំងនេះ​ចេញពី​ការគោរព​លោក​ប្រធានាធិបតី​ស៊ី ចិន និង​ប្រជាជន​ហុងកុង​។​​វា​ត្រូវ​ចុះហត្ថលេខា​ឲ្យក្លាយជា​ច្បាប់​ជាមួយ​នឹង​ក្តីសង្ឃឹម​ថា ក្រុម​មេដឹកនាំ​និង​តំណាង​ចិន​និង​ហុងកុង​នឹង​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ដោយ​មេត្រីភាព​ឆ្ពោះទៅកាន់​​សន្តិភាព​និង​វិបុលភាព​យូរអង្វែង​សម្រាប់​ទាំងអស់គ្នា​»​។​

​សូមបញ្ជាក់​ថា សភា​អាម៉េរិក​ទាំង​២​ថ្នាក់​បាន​អនុម័ត​ច្បាប់​នេះ​ជា​ឯកច្ឆន្ទ​កាលពី​សប្តាហ៍​មុន​​ក្រោយ​ការតវ៉ា​ប្រឆាំង​អស់​ពេល​៦​ខែ​នៅ​ក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​របស់​ចិន​នេះ​។​​នៅមុន​ការចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​ត្រូវ​ពិនិត្យមើល​វិធានការ​និង​ផលវិបាក​យ៉ាង​ដិតដល់​បំផុត ដោយសារ​តែ​ចិន​បាន​គំរាម​ចាត់វិធានការ​វាយបក​ខ្លាំងក្លា បើសិន​​ជា​វា​ត្រូវ​ចុះហត្ថលេខា​ក្លាយទៅជា​ច្បាប់​។​

«​ច្បាប់​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​» មាន​ភារកិច្ច​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​និង​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​មើល​យ៉ាង​ហោច​​ណាស់​មួយឆ្នាំ​ម្តង​អំពី​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​អាម៉េរិក​ផ្តល់ឲ្យហុងកុង​។​

​ច្បាប់​មួយទៀត ហាមឃាត់​ការនាំ​ចេញ​ទៅ​កាន់​ហុងកុង​លើ​គ្រាប់រំសេវ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លះ រួម​មាន​គ្រាប់​បែកផ្សែង ឧបករណ៍​បាញ់​ទឹក​ធ្វើ​ឲ្យ​ឈឺផ្សា​ភ្នែក គ្រាប់​កាំ​​ភ្លើង​ជ័រ ឧបករណ៍​បាញ់​ទឹក​បង្ក្រាប​បាតុកម្ម កាំភ្លើង​បាញ់ឲ្យ​វង្វេង​និង​កាំភ្លើង​ឆក់​។​

​ពង្រាង​ច្បាប់​ស្តីពី​គ្រាប់រំសេវ​នេះ​ក៏​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន​។​

​ត្រាំ​បាន​ទទួលស្គាល់ថា ​លោក​ពិតជា​បាន​ពិចារណា​ខ្លាំងណាស់​មុន​ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​នេះ​។​ក្នុង​កិច្ចសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​Fox & Friends លោក​បាន​និយាយថា​«​យើង​​ឈរ​ជាមួយ​ហុងកុង​។​តែ​ខ្ញុំ​ក៏​ឈរ​នៅ​ជាមួយ​ប្រធានាធិបតី​ស៊ី​។​លោក​ជា​មិត្ត​របស់ខ្ញុំ លោក​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​សមាជិក​សភា​ទាំង​បក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​បាន​អបអរ​ការចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​នេះ ដោយ​ព្រឹទ្ធ​សមាជិក រ៉ូ​ប៊ើត មេនណេន​ដេស​​បាន​និយាយថា​វា​ជា​«​ការបញ្ជូនសារ​ច្បាស់​និង​គ្មាន​មន្ទិល​ទៅកាន់​ប្រជាជន​ហុងកុង ថា​៖​យើង​នៅ​ជាមួយ​អ្នក​»​។​

​ចំណែក ព្រឹទ្ធ​សមាជិក ជី​ម រី​ស ដែលជា​ប្រធាន​គណៈកម្មការ​ការបរទេស​ព្រឹទ្ធសភា បាន​និយាយថា ពង្រាង​ច្បាប់​ទាំងនេះ​ជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការចាប់​ឲ្យ​​បក្ស​កុំម្មុយនីស្ត​ចិន​ទទួលខុសត្រូវ​ចំពោះ​ការ​សឹក​រិល​ស្វ័យភាព​ហុងកុង និង​ការគាបសង្កត់​របស់ខ្លួន​លើ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​»៕​ដោយ​៖​វាសនា​/Ha

ត្រាំ ចេញ​កាយវិការ​ក្នុង​ការជួបជុំ​ធ្វើ​យុទ្ធនាការ​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា​