ចា​ស្ទី​ន ប៊ី​បឺ គាស់កកាយ​អំពី​ការសេព​គ្រឿងញៀន និង ទម្ងន់​នៃ​ភាពល្បីល្បាញ​

359
ចែករម្លែក

​ចា​ស្ទី​ន ប៊ី​បឺ បានគាស់​កកាយ​អំពី “​ការឡើង​កូត​និង​ធ្លាក់កូត​ខ្លាំង​បំផុត​” ដែល​គាត់​បាន​ជួបប្រទះ ខណៈដែល​គាត់​បាន​ប្រែ​ពី​តារាចម្រៀង​វ័យ​ជំទង់​ដែល​គេ​ស្រឡាញ់​បំផុត​ទៅជា “​មនុស្ស​គួរឱ្យ​អស់សំណើច​បំផុត គេ​យកមក​វាយតម្លៃ​បំផុត និង​ស្អប់​បំផុត​នៅលើ​ពិភពលោក​”​។​

​នៅក្នុង​សារ​ដ៏​វែង​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram អំឡុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍ តារាចម្រៀង​ប៉ុប​អាយុ ២៥ ឆ្នាំនេះ​បាន​ឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ភាព​ល្បី​ខ្លាំង​ពី​កុមារ​បាន​បង្កឱ្យមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​កង្វះ​ភាពជា​មនុស្ស ដែលនាំឱ្យ​មានការ​សេព​គ្រឿងញៀន ហើយ​គាត់​បាន​ក្លាយជា​មនុស្ស “​ចងគំនុំ មិនចេះ​គោរព​ស្ត្រី និង ឆាប់​ខឹង​”​។​

​គាត់​បានសរសេរថា “​ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ដាច់​ស​ង្វេ​គ​ពី​គ្រប់គ្នា​ដែល​ស្រលាញ់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​លាក់ខ្លួន​នៅ​ពីក្រោយ​សម្បក​កាយ​របស់​មនុស្ស​ដែល​ខ្ញុំ​បានក្លាយ​”​។​

​ប៊ី​បឺ​និយាយថា “​មនុស្ស​គ្រប់រូប​បានធ្វើ​អ្វី​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិនដែល​រៀនសូត្រ​ពី​មូលដ្ឋានគ្រឹះ​នៃ​ការទទួលខុសត្រូវ​នោះទេ​” ដោយនិយាយ​ថា​នៅ​អាយុ ១៨ ឆ្នាំ “​គាត់​គ្មាន​ជំនាញ​អ្វី​សោះ​នៅក្នុង​ពិភពលោក​ពិត​” បើទោះបីជា “​មាន​លុយ​រាប់លាន​ដុល្លារ​និង​អាច​ទទួលបាន​អ្វីដែល​ខ្ញុំ​ចង់បាន​ក៏ដោយ​”​។​

​ប៊ី​បឺ​បាន​បញ្ឈប់​ដំណើរ​ប្រគុំ​តន្ត្រី​ទេសចរណ៍​ឆ្នាំ ២០១៧ របស់គាត់​ភ្លាមៗ បន្ទាប់មក​និយាយថា គាត់​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា “​អសន្តិសុខ​”​។​

​ការផ្អាក​ដំណើរ​នោះបាន​កើតឡើង ទន្ទឹម​ពេលដែល​កំពូល​តារាចម្រៀង​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ច្រើន​អំពី​ចរិត​បាត​ផ្សារ​របស់គាត់​ជាជាង​បទ​ចម្រៀង​របស់គាត់ រួមទាំង​ការបើក​ឡាន​កៀរ​អ្នក​ថតរូប​ម្នាក់ទៀត​។​

​តារា​រូបនេះ​បាន​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ចំពោះ​ឧបទ្ទវ​ហេតុនេះ ដែល​រួមមាន​ការប្រណាំង​រថយន្ត​ឆ្លងកាត់​ទីក្រុង​ម៉ៃ​អា​មី​និង​ការ​គប់​ពង​ដាក់​ផ្ទះ​អ្នកជិតខាង​។​

​ក្នុង​ឆ្នាំ ២០១៧ ចិន​បាន​និយាយថា​ប៊ី​បឺ​មិន​ត្រូវបាន​ស្វាគមន៍​ក្នុងការ​សម្តែង​នៅក្នុង​ប្រទេស​នេះ​ទេ ដោយសារតែ​អាកប្បកិរិយា​អាក្រក់​របស់គាត់ ដោយ​និយាយថា គាត់​ត្រូវតែ​កែ​ចរិត​ឱ្យ​ល្អ​សិន ប្រសិនបើ​គាត់​ចង់​វិល​ត្រឡប់មក​ជាន់​ជើង​លើ​ទឹកដី​ចិន​។​

​នៅក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម Instagram របស់គាត់ ប៊ី​បឺ​បាន​និយាយថា អាពាហ៍ពិពាហ៍​របស់គាត់​ជាមួយ​តារា​បង្ហាញ​ម៉ូត ហៃ​លី ប​ល​វីន រួមជាមួយ​ការគាំទ្រ​ពី​មិត្តភក្តិ​និង​អ្នកគាំទ្រ​របស់គាត់ បាន​ជួយ​ឱ្យ​ជីវិត​គាត់​ត្រឡប់មក​ផ្លូវ​ត្រឹមត្រូវ​វិញ​។​

​ប៊ី​បឺ​និយាយថា “​សំណាងល្អ ព្រះ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​ជាមួយ​មនុស្ស​អស្ចារ្យ​ដែល​ស្រឡាញ់​ខ្ញុំ​សម្រាប់​រូបខ្ញុំ​។ សរុបមក​ចង់​និយាយថា ទោះ​មានរឿង​អ្វី​កើតឡើង​ចំពោះ​អ្នក​ក៏ដោយ គឺ​ត្រូវតែ​តស៊ូ​ជានិច្ច​”៕ ដោយ៖ កញ្ញាដាលីស

រូបថត​ប៊ី​បឺ​នៅលើ Instagram