ចា​ស្ទី​ន ប៊ី​បឺ និង​អតីត​អ្នកជិតខាង ដោះស្រាយ​បញ្ចប់​រឿងក្តី ករណី​គប់​ពងមាន់​ដាក់​ផ្ទះ​គេ​

1133
ចែករម្លែក

​ចា​ស្ទី​ន ប៊ី​បឺ​បាន​យល់ព្រម​ដោះស្រាយ​បញ្ចប់​ពាក្យបណ្តឹង​ដ៏​យូរអង្វែង​មួយ ដែល​ប្តឹង​ដោយ​អតីត​អ្នកជិតខាង​ម្នាក់ ដែល​ផ្ទះ​របស់គាត់​ត្រូវបាន​តារាចម្រៀង​ប៉ុប​រូបនេះ​គប់​ពងមាន់​ដាក់​។​

​ឯកសារ​ដែល​បានដាក់​ប្តឹង​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​វិច្ឆិកា​បានបង្ហាញ​ថា សំណុំរឿង​ទាំងមូល​ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ​។ មិនមាន​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ​បញ្ចប់រឿង​នោះទេ​។​

​លោក ជេ​ហ្វ​ហ្វ្រេ ស្វាត និង​នាង ស៊ូ​ហ្សា​ន​ណេ ស្វាត បានដាក់​ពាក្យបណ្តឹង​នៅ​ដើមឆ្នាំ ២០១៥ ដែល​ពួកគេ​បាន​ចោទថា ពួកគេ​បាន​ទទួលរង​នូវ​ការឈឺចាប់​ផ្លូវចិត្ត​ដោយសារតែ​ការ​គប់​ស៊ុត និង​សកម្មភាព​ដទៃទៀត​រប​ស់លោក​ប៊ី​បឺ នៅពេល​គាត់​នៅក្បែរ​ខាង​ជាមួយគ្នា​។​

​តារាចម្រៀង​ប៉ុប​វ័យ ២៤ ឆ្នាំ​រូបនេះ​បាន​ជាប់ទោស​ព្យួរ​ក្នុងករណី​បទឧក្រិដ្ឋ​កម្ម​មួយ បន្ទាប់ពី​ឧបទ្ទវហេតុ​នៅ​ឆ្នាំ ២០១៣ ហើយ​បាន​បង់ប្រាក់​សំណង​ចំនួន ៨០.០០០ ដុល្លារ​សម្រាប់​ការខូចខាត​ដែល​គាត់​បាន​ប្រព្រឹត្ត​។​

​ពាក្យបណ្តឹង​នេះ​បាន​ចោទប្រកាន់​ប៊ី​បឺ​ថា​បាន​ស្តោះ​ទឹកមាត់​ដាក់​មុខ​លោក​ជេ​ហ្វ​ហ្វ្រេ ស្វាត និង​បាន​បំភិតបំភ័យ​គ្រួសារ​របស់គាត់​ជាមួយ​ការចាក់​ភ្លេង​ជប់លៀង​តម្លង់ ការប្រើប្រាស់​គ្រឿងញៀន និង​ការ​បើកឡាន​សាហាវៗ ខណៈពេល​រស់នៅក្នុង​សហគមន៍​ព័ទ្ធរបង​មួយ​នៅក្នុង​ទីក្រុង​តារា​ដ៏​ល្បីល្បាញ គឺ កាឡា​បា​សាស (Calabasas) រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ពាក្យបណ្តឹង​នេះ​បាន​ស្វែងរក​ប្រាក់​សំណង​ជាង ២៥.០០០ ដុល្លារ​ពីបទ​យារ​យី​និង​បំពាន​លើ​ខ្លួនប្រាណ ការ​លុកលុយ​ចូល​ផ្ទះ​គេ និង​ការបង្ក​ការឈឺចាប់​ផ្លូវចិត្ត​។​

​មេធាវី​របស់​ប៊ី​បឺ​បាន​អះអាងថា​ការ​សងជំងឺចិត្ត​ដែល​គាត់​បាន​បង់​រួច និង​ការដាក់ទណ្ឌកម្ម​មកលើ​គាត់ គឺ​គ្រប់គ្រាន់​ហើយ ដូច្នេះ​ប៊ី​បឺ​មិន​ជំពាក់​លើ​ការសង​ការឈឺចាប់​ផ្លូវចិត្ត​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប៊ី​បឺ​បញ្ចប់​រឿងក្តី​ជាមួយ​អ្នកជិតខាង ករណី​គប់​ស៊ុត​ដាក់​ផ្ទះ​គេ