ចា​ស្ទី​ន ប៊ី​បឺ លុបចោល​ការប្រគុំ​តន្ត្រី​លើ​ពិភពលោក ដែល​នៅ​សេសសល់ ដោយសារតែ​…

456

​ចា​ស្ទី​ន ប៊ី​បឺ បាន​លុបចោល​ទាំងអស់​នូវ​ដំណើរ​ប្រគុំ​តន្ត្រី​ទេសចរណ៍​លើ​ពិភពលោក​សម្រាប់​បទ​ច​ម្រៀ​ង Purpose របស់ខ្លួន ដែលមាន​ឈ្មោះថា Purpose World Tour ដោយសារតែ “​រឿងរ៉ាវ​កើតឡើង​មិន​នឹកស្មាន​ដល់​ជាច្រើន​”​។ នេះ​បើតាម​ភ្នាក់ងារ​ព័ត៌មាន​របស់គាត់​លើកឡើង​ដូច្នេះ​។​

​ចំណាត់ការ​នេះ​នឹង​ប៉ះពាល់​ដល់​កាលបរិច្ឆេទ​ចំនួន ១៤ ក្នុង​តំបន់​អាស៊ី និង អាមេរិក​ខាងជើង នៅ​អំឡុង​រយៈពេល ៣ ខែ​ខាងមុខ​។

​ប៊ី​បឺ​បាន​សម្តែង​ជាង ១៥០ កម្មវិធី ចាប់តាំងពី​ការផ្សព្វផ្សាយ​អាល់​ប៊ុ​ម Purpose ២០១៥ របស់គាត់​បានចាប់ផ្តើម​ក្នុង​ខែមីនា ឆ្នាំ ២០១៦​។

​ការប្រគុំ​តន្ត្រី​ទេសចរណ៍​លើ​ពិភពលោក​របស់​ប៊ី​បឺ បាន​រកចំណូលបាន ៩៣,២ លាន​ដុល្លារ​នៅ​ឆមាស​ទី ១ ក្នុង​ឆ្នាំ ២០១៧ ជាមួយ​សំបុត្រ​ជា​មធ្យម​ជិត ៤០.០០០ សន្លឹក​បាន​លក់ដាច់​ក្នុង​កាលបរិច្ឆេទ​នីមួយៗ​។​

​តារាចម្រៀង​រូបនេះ​មិនទាន់មាន​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​អំពី​ការសម្រេចចិត្ត​នៅលើ​បណ្តាញ​សង្គម ប៉ុន្តែ​ប្រព​ភ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា គាត់​គ្រាន់តែ​ចង់ “​បញ្ចប់​វា​” ប៉ុណ្ណោះ​។ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​គាត់ សរសេរថា “​ចា​ស្ទី​ន​ស្រឡាញ់​អ្នកគាំទ្រ និង​ស្អាប់​ការធ្វើឱ្យ​ពួកគេ​ខកចិត្ត​”​។

​សេចក្តីថ្លែងការណ៍​នោះ​បន្តថា “​គាត់​អរគុណ និង​មាន​កិត្តិយស​ដែល​បាន​ចែករំលែក​បទពិសោធន៍​ជាមួយ​ក្រុម​តារា​សម្តែង និង បុគ្គលិក​របស់គាត់​សម្រាប់​ការសម្តែង​ជោគជ័យ ១៥០ កម្មវិធី​ទូទាំង​ទ្វីប​ទាំង ៦ អំឡុងពេល​កន្លងទៅនេះ​។ ប៉ុន្តែ បន្ទាប់ពី​ការ​ពិចារណ​ល្អិតល្អន់ គាត់​បានសម្រេច​ចិត្ត​លែង​សម្តែង​សម្រាប់​កាលបរិច្ឆេទ​ផ្សេងទៀត​។ ថ្លៃ​សំបុត្រ​នឹងត្រូវ​សង​វិញ​នៅ​កន្លែង​លក់​សំបុត្រ​”​។

​កាលបរិច្ឆេទ​នៅ​សេសសល់​ភាគច្រើន​របស់​ប៊ី​បឺ គឺ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​គាត់​ក៏​គ្រោង​សម្តែង​នៅ​ជប៉ុន ហុងកុង ហ្វីលីពីន សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​ផងដែរ​។​

​កាលពី​សប្តាហ៍​មុន ក្រុមមន្ត្រី​ចិន​និយាយថា តារាចម្រៀង​ប៉ុប​កាណាដា​នេះ​ត្រូវបាន​ហាម​ចូល​ទឹកដី​ចិនដីគោក ព្រោះ​គាត់​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​អ្វីដែល​ពួកគេ​ចាត់ទុកថា​ជា “​អាកប្បកិរិយា​មិនល្អ​”​។

​ការសម្រេចចិត្ត​របស់​ប៊ី​បឺ​ធ្វើឡើង​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​តារាចម្រៀង​អង់គ្លេស នាង អា​ដែល បាន​លុបចោល​កម្មវិធី​សម្តែង​លើ​ពិភពលោក​របស់​នាង​ចំនួន ២ ចុងក្រោយ តាម​ដំបូន្មាន​គ្រូពេទ្យ បន្ទាប់ពី​បំពង់​សំឡេង​របស់​នាង​ខូច​៕ ដោយ៖ កញ្ញាដាលីស

ចា​ស្ទី​ន ប៊ី​បឺ