ចិនកំពុងរៀបចំបញ្ជីទំនិញអូស្ត្រាលីដើម្បីដាក់ទណ្ឌកម្ម ទាក់ទងនឹងជម្លោះកូវីដ១៩

89
ចែករម្លែក

ការនាំចេញស្រាគ្រឿងសមុទ្រស្រូវសាលីផ្លែឈើនិងផលិតផលទឹកដោះគោរបស់អូស្ត្រាលីកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃគោលដៅវាយប្រហាររបស់ចិន ប្រសិនបើរបបក្រុងប៉េកាំងសម្រេចចិត្តបង្កើនជម្លោះជុំវិញការអំពាវនាវរបស់របបក្រុងកង់បេរ៉ាឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ១៩។ នេះបើយោងតាមមនុស្សដែលដឹងអំពីបញ្ហានេះ។

មនុស្សទាំងនោះនិយាយក្នុងលក្ខខណ្ឌអនាមិកថា ក្រុមមន្ត្រីចិនបានចងក្រងបញ្ជីទំនិញជាច្រើន ដែលខ្លួនអាចនឹងកំណត់គោលដៅវាយប្រហារ ដោយអនុវត្តការត្រួតពិនិត្យគុណភាពតឹងរ៉ឹង ការស៊ើបអង្កេតប្រឆាំងនឹងការទម្លាក់ថ្លៃទំនិញខុសច្បាប់ឬពន្ធ ដោយបន្ថែមឬពន្យារពេលការជម្រះពន្ធគយឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដើម្បីលើកទឹកចិត្តដល់ការធ្វើពហិការរបស់អតិថិជនលើទំនិញអូស្ត្រាលី។

អូស្រ្តាលីបានបង្កើនកំហឹងរបស់ចិនដោយចេញមុខអំពាវនាវឱ្យធ្វើការស៊ើបអង្កេតលើប្រភពដើមនៃកូវីដ១៩ ដោយសរសេរទៅកាន់មេដឹកនាំក្រុមប្រទេស G-20 ឱ្យគាំទ្រដល់ការជំរុញរបស់ខ្លួននិងទទូចឱ្យស៊ើបអង្កេតជាអន្តរជាតិទៅក្នុងផ្សារលក់សត្វព្រៃផងដែរ។

ចិនបានរិះគន់ជំហររបស់អូស្ត្រាលីនិងបានគំរាមធ្វើពហិការទំនិញពីដៃគូពាណិជ្ជកម្មដ៏សំខាន់មួយនេះ។

លោកសាស្ត្រាចារ្យ រ៉ូរី មេដខាហ្វ ប្រធានមហាវិទ្យាល័យសន្តិសុខជាតិនៃសាកលវិទ្យាល័យជាតិអូស្រ្តាលីបាននិយាយថា “វាមិនមែនជារឿងចម្លែកទេដែលបញ្ជីបែបនេះលេចរូបរាងឡើង។ ចិនបានអនុវត្តការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសជាច្រើនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ បញ្ហាប្រឈមគឺថាអូស្រ្តាលីត្រូវប្រកាន់ជំហរដាច់ខាតតែប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងការការពារផលប្រយោជន៍របស់ខ្លួនដោយមិនបង្កឱ្យចិនខឹង”។

មនុស្សទាំងនោះបាននិយាយថា ការសម្រេចចិត្តចុងក្រោយនៅមិនត្រូវបានធ្វើឡើងទេហើយវិធានការបន្ថែមណាមួយនឹងអាស្រ័យលើរបៀបដែលអូស្រ្តាលីដោះស្រាយជាមួយនឹងការជំទាស់របស់ចិន៕ ដោយ៖ កញ្ញាដាលីស

មន្ត្រីចិនកំពុងរៀបចំបញ្ជីទំនិញអូស្ត្រាលីដែលត្រូវវាយប្រហារ