ចិនចាប់ផ្តើមសាកល្បងព្យាបាលក្នុងការស្វែងរកថ្នាំសម្រាប់កម្ចាត់វីរុសកូរ៉ូណា

112
ចែករម្លែក

ចិនកំពុងប្រញាប់ប្រញាល់សិក្សាលើអ្នកជំងឺដើម្បីកំណត់វិធីព្យាបាលដែលអាចជួយសង្គ្រោះជីវិតដ៏មានប្រសិទ្ធភាពបំផុតសម្រាប់មនុស្សដែលឈឺដោយសារវីរុសកូរ៉ូណា។

យោងតាមទិន្នន័យរៀបរៀងដោយវេបសាយ Bloomberg បានឱ្យដឹងថា ការសាកល្បងព្យាបាលចំនួន ៧៧ ករណី ដែលផ្តោតលើវីរុសបង្កជំងឺ​រលាកសួតនេះ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិនចាប់តាំងពីថ្ងៃទី ២៣ ខែមករា។

វីរុសកូរ៉ូណាឈ្មោះ Covid-19 បានឆ្លងដល់មនុស្សយ៉ាងតិច ៤៨.០០០ នាក់ ដោយសម្លាប់មនុស្សជាង ១.៣០០ នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន​ចាប់តាំងពីមេរោគនេះបានផ្ទុះឡើងនៅទីក្រុងវូហានកាលពីចុងឆ្នាំ ២០១៩ និងបានរាលដាលដល់ប្រទេសចំនួន ២៨។

ការសាកល្បងព្យាបាលនេះមានចាប់ពីការសិក្សាលើថ្នាំប្រឆាំងវីរុស Remdesivir របស់ក្រុមហ៊ុន Gilead Science Inc និងថ្នាំប្រឆាំងហ៊ីវ Kaletra របស់ក្រុមហ៊ុន AbbVie Inc រហូតការធ្វើតេស្តលើឱសថបុរាណចិននិងការធ្វើតេស្ត​មើលថាតើកីឡាប្រដាល់អាចជួយដល់ការជាសះស្បើយឬអត់ទៀតផង។

ខណៈទំហំនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវគឺគួរឱ្យកត់សម្គាល់ សមត្ថភាព​ក្នុងការរកឱ្យឃើញវិធីព្យាបាលបែបវិទ្យាសាស្ត្រនិងតាមយុទ្ធសាស្រ្តក្នុងការ​ព្យាបាល​និងការពារការឆ្លងមេរោគចំពេលកំពុងផ្ទុះវីរុសកូរ៉ូណាគឺមិន​ធ្លាប់​មានពីមុន​មកទេ។

វេជ្ជបណ្ឌិត អានណេ ស៊ូឆាត នាយករងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក និយាយថា “តួនាទីដែលការស្រាវជ្រាវអាចដើរ ជាញឹកញាប់គឺមានភាព​ចម្រូងចម្រាស មិនថាយើងត្រូវឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺ​ឬថាតើយើងអាចឆ្លៀតពេលធ្វើការស្រាវជ្រាវលើអន្តរាគមន៍នានានោះទេ។ វាពិតជាសំខាន់ណាស់សម្រាប់យើង ដែលអាចធ្វើបានរឿងទាំងពីរនេះ”។

លោកស្រីបាននិយាយថា “ល្បឿននៃការស្រាវជ្រាវអាចរក្សាបាននៅពេលខ្លះ ហើយពិតណាស់មិនត្រូវគិតគូរតាមក្រោយនោះទេ ពីព្រោះយើងមិនដឹងថា​តើមេរោគទើបនឹងកើតមានថ្មីៗនឹងអូសបន្លាយពេលយូរប៉ុនណានោះឡើយ”៕ ដោយ៖ កញ្ញាដាលីស/Ha

វេជ្ជបណ្ឌិតយកសំឡីពីស្ត្រីម្នាក់ដាក់ចូលបំពង់វិភាគរកវីរុសកូរ៉ូណានៅគ្លីនិកមួយក្នុងទីក្រុងយីណាន ខេត្តសានទុង កាលពីថ្ងៃទី១២កុម្ភៈ