ចិនជាទីផ្សារផ្លែស្វាយដ៏ធំសម្រាប់​កម្ពុជា តែយើងពុំទាន់អាចផ្គត់ផ្គង់​គ្រប់នៅឡើយ

262
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញៈ ប្រទេសចិន គឺជាទីផ្សារសម្រាប់ការនាំចេញស្វាយដ៏ធំរបស់កម្ពុជា។ ប៉ុន្តែយើងពុំទាន់អាចនាំចេញទៅបាននៅឡើយ ដោយបច្ចេកទេសនៃការដាំដុះ និងផលិតផលផ្លែស្វាយរបស់យើងកន្លង ពុំអាចបំពេញលក្ខខណ្ឌភូតគាម និងអនាម័យ ដែលតម្រូវដោយភាគីចិននៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គនាយកកសិកម្ម នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទក្នុងសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃទី៥ខែធ្នូនៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោក ងិន ឆាយ ថ្លែងថា “…សាធារណរដ្ឋប្រជាមានិតចិន គឺជាទីផ្សារធំជាងគេ ប៉ុន្ដែយើងពុំទាន់អាចនាំផ្លែស្វាយចេញទៅបាននៅឡើយ ដោយសារតែប្រទេសចិន មានលក្ខខណ្ឌអនាម័យ និងភូតគាមតឹងតែង ដែលយើងត្រូវតែបំពេញឲ្យបាន…”។

ទោះជាយ៉ាងណាក្ដី មន្រ្ដីជំនាញកសិកម្មរូបនេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមចរចាលក្ខខណ្ឌទាំងនេះ ជាមួយភាគីចិនតាំងពីកិច្ចប្រជុំអាស៊ាននៅប្រទេសភូមា កាលពីឆ្នាំ២០១៤មកម៉្លេះ ដោយរួមទាំងការរៀបចំសំណុំបែបបទផ្សេងៗ រហូតដល់ឆ្នាំ២០១៨ ទើបមានការរៀបចំនីតិវិធីចុះវាយតម្លៃ ពីគុណភាពផ្លែស្វាយស្រស់របស់កម្ពុជា ថ្មីៗកន្លងទៅនេះ នៅថ្ងៃទី២៣,២៤,២៥ខែវិច្ឆិកា ។មន្រ្ដីអនាម័យ និងភូត គាម នៃអគ្គរដ្ឋបាលរបស់ចិន បានចុះមកវាយតម្លៃកសិដ្ឋានស្វាយនៅប្រទសកម្ពុជា ដោយបានជ្រើសរើសប្រាំខេត្តមកវាយតម្លៃ។ក្រោយការវាយតម្លៃ គេបានសន្និដ្ឋានថា កសិដ្ឋានស្វាយ ដែលបានធ្វើការដាំដុះនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ស្របតាម ស្ដង់ ដារ ដែលអាចនាំទៅប្រទេសចិន បាននៅដំណាក់កាលដំបូង។

លោកបានបញ្ជាក់ទៀតថា ភាពប្រឈមនៃបញ្ហាគឺ ដោយសារកសិដ្ឋានដំណាំស្វាយនៅកម្ពជា ពុំទាន់មានអនាម័យគ្រប់គ្រាន់ មិនទាន់មានយន្ដការត្រួតពិនិត្យសមាសភាគសត្វចង្រៃតាមរដូវកាលច្បាស់លាស់ និងការប្រើប្រាស់ថ្នាំកសិកម្មមួយចំនួនមិនទាន់ត្រឹមត្រូវតាមនីតិវិធីកំណត់។ ប៉ុន្តែទាំងនេះ គ្រាន់តែជាបញ្ហាតិចតួច ដែលអាចកែតម្រូវបាន។ បច្ចុប្បន្ន យើងនៅប្រឈមតែបញ្ហាសុវត្ថិភាពដែលត្រូវដោះស្រាយ រួមមាន សុត្ថិភាពសម្រាប់ការហូបចុក និងសុវត្ថិភាពអនាម័យ។

លោកបានសង្កត់ធ្ងន់ថា “…មុននឹងនាំផ្លែស្វាយស្រស់ទៅប្រទេសចិនបាន យើងត្រូវមានរោងចក្រ ឬមួយក៏ទីតាំងសម្រាប់វេចខ្ចប់ និងសម្លាប់មេរោគ ជាពិសេសគឺសម្លាប់ដង្កូវរុយ។ប្រសិនបើយើងមិនបានសម្លាប់ មេរោគនេះទេ គឺយើងមិនអាចនាំចេញផ្លែស្វាយស្រស់ទៅចិនបានទេ។យើងសព្វថ្ងៃនេះ បើយើងនិយាយពីការវិនិយោគ លើការសាងសង់កន្លែងសម្រាប់មេរោគនេះ គឺទើបតែមួយគត់។ប៉ុន្តែសមត្ថភាបនៃការសម្អាតមេរោគសម្រាប់ការនាំចេញ គឺមានកម្រិតតូច ទាបណាស់។ ក្នុងមួយថ្ងៃបានតែ២៥-៣០តោនប៉ុណ្ណោះទេ។ បើយើងត្រូវការនាំចេញយ៉ាងតិច គឺ៣.០០០ ទៅ៤.០០០តោន៕B/

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គនាយកកសិកម្ម នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ