ចិន​ការពារ​សកម្មភាព​រុក​រក​ប្រេង​និង​ឧស្ម័ន​ក្នុង​សមុទ្រ​ចិន​ខាងកើត​

976
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​២​សីហា បាន​ការពារ​សកម្មភាព​រុករក​ប្រេង​និង​ឧស្ម័ន​ក្នុង​សមុទ្រ​ចិន​ខាងកើត ថា កើតឡើង​នៅក្នុង​តំបន់ “​មិនអាច​ប្រកែក​បាន​” ក្រោម​យុត្តាធិការ​របស់ខ្លួន បន្ទាប់ពី​ការតវ៉ា​របស់​ជប៉ុន​បាន​បង្កឱ្យមាន​ជម្លោះ​យូរអង្វែង​លើ​តំបន់​នេះ​។

​ប្រទេស​ទាំងពីរ​អះអាង​ទាមទារ​ប្រជុំ​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត ដែល​គ្រប់គ្រង​ដោយ​ជប៉ុន ដែល​គេ​ស្គាល់​ថា ស៊ិន​កា​គុ និង បាន​បញ្ជូន​នាវា​ជា​ទៀងទាត់​មក​ក្បែរ​ដែនទឹក​នេះ​ដើម្បី​អះអាង​សិទ្ធិ​ទាមទារ​របស់ខ្លួន ចំពេល​មានការ​ប៉ះទង្គិច​ខាង​ការទូត​ជា​ញឹកញយ​ដដែលៗ​។

​ការចរចា​រវាង​រដ្ឋា​ភិ​បាល​ក្រុង​តូ​ក្យូ និង​ប៉េកាំង បានចាប់ផ្តើម​ក្នុង​ខែមិថុនា​ឆ្នាំ​២០០៨ ដើម្បី​សហការ​លើ​ប្រភពធនធាន​ប្រេង​និង​ឧស្ម័ន​ក្នុង​តំបន់ ហើយ​ការចរចា​ក៏​បរាជ័យ​នៅ​ពីរ​ឆ្នាំក្រោយ ចំពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​ឡើង និង មិនដែល​បន្ត​ការចរចា​ឡើងវិញ​ទេ​។

​កាលពី​ថ្ងៃ​អង្គារ​ទី ១ សីហា អ្នកនាំពាក្យ​កំពូល​របស់​រដ្ឋាភិបាល​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ប្រាប់​អ្នកកាសែត​ថា ខ្លួន “​សោកស្តាយ​ឥតឧបមា ដែល​ចិន​បន្តសកម្មភាព​អភិវឌ្ឍន៍​របស់ខ្លួន​ជា​ឯកតោភាគី​” ដោយ​ឈប់​សំចត​នាវា​ខួង​ប្រេង​ចល័ត​នៅក្បែរ​ខ្សែបន្ទាត់​មេ​ដ្យា​ន ដែល​ខណ្ឌ​ចែក​តំបន់​សេដ្ឋកិច្ច​ពិសេស (EEZ) របស់​ប្រទេស​ទាំងពីរ ។

​លោក​បន្ថែមទៀតថា ជប៉ុន​ធ្វើ​ការតវ៉ា​កាលពី​ចុងខែ​មុន បន្ទាប់ពី​កត់សម្គាល់ឃើញ​សកម្មភាព​របស់​ចិន ប៉ុន្តែ​មិនបាន​បញ្ជាក់​ឱ្យ​ច្បាប់​ថា​តើ​នាវា​ចិន​កំពុង​ធ្វើ​អ្វី​នោះទេ​។

​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​សកម្មភាព​ប្រេង​និង​ឧស្ម័ន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងកើត​គឺមាន​ទីតាំង​ក្នុង​ដែនសមុទ្រ​មិនអាច​ប្រកែក​បាន​ក្រោម​យុត្តាធិការ​របស់​ចិន​” ដោយ​បន្ថែមថា “​បញ្ហា​ដែល​គេ​ហៅថា​ការរុករក​ជា​ឯកតោភាគី មិនមាន​នោះទេ​”​។​

​តំបន់​រ៉ែ​ប្រេង​និង​ឧស្ម័ន​ក្រោម​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រួមគ្នា គឺ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រួតស៊ីគ្នា​របស់​ប្រទេស​ទាំងពីរ​។

​ជប៉ុន​និយាយថា ខ្សែ​មេ​ដ្យា​ន​រវាង​ប្រទេស​ទាំងពីរ​គួរតែ​កត់សម្គាល់​ពី​ព្រំដែន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​រៀងៗ​ខ្លួន​។

​ប៉ុន្តែ​ចិន​ទទូចថា ខ្សែបន្ទាត់​ព្រំដែន​គួរតែ​គូរ​ឱ្យ​កៀក​ប្រទេស​ជប៉ុន ដោយ​ពិចារណា​ទៅលើ​ធ្នើ​ទ្វីប​និង​លក្ខណៈផ្សេងៗ​ទៀត​នៃ​មហាសមុទ្រ​។​

​ក្រសួងការបរទេស​ចិន​និយាយថា ខ្លួន​ជំទាស់​នឹង​គំនិត​នៃ​ខ្សែបន្ទាត់​មេ​ដ្យា​ន រវាង​ជប៉ុន និង ចិន ដោយ​ហៅ​វា​ថា​ជា “​សំណើ​ឯកតោភាគី​របស់​ជប៉ុន​”៕ ដោយ៖ កញ្ញាដាលីស

ចិន​និង​ជប៉ុន​អះអាង​ទាមទារ​ប្រជុំ​កោះ​នានា​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ត្រួតស៊ីគ្នា