ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តួនាទីដឹកនាំរបស់ចិនក្នុងការបង្កើតស្ថាប័នពហុភាគីថ្មីៗរួមមានអង្គការសហប្រតិបត្តិការសៀងហៃ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍ថ្មី បានបង្កើនការបារម្ភថា រដ្ឋាភិបាលចិនមានបំណងផ្តួលរំលំសណ្តាប់ធ្នាប់ពិភពលោកដែលមានស្រាប់។
ការបកស្រាយនេះគឺបាត់នូវចំណុចសំខាន់មួយ គឺ ប្រទេសចិនបានទទួលផលប្រយោជន៍យ៉ាងច្រើនពីការបង្កើតស្ថាប័នទាំងនោះនិងបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសណ្តាប់ធ្នាប់បច្ចុប្បន្នយ៉ាងខ្លាំងក្លាបំផុត។
- សមាជិកភាពអង្គការពាណិជ្ជកម្មពិភពលោក (WTO)
ចិនមិនមែនជាអ្នកបង្កើតច្បាប់និងរចនាសម្ព័ន្ធពហុភាគីដែលកំពុងមានស្រាប់នាពេលសព្វថ្ងៃនេះទេ ប៉ុន្តែជាទូទៅចិនបានប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនោះយ៉ាងហ្មត់ចត់។ ឧទាហរណ៍ជាក់ស្តែង ដើម្បីទទួលបានសិទ្ធិចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងខែធ្នូឆ្នាំ ២០០១ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវច្បាប់ជាច្រើននិងបានបន្ធូរបន្ថយឬលុបចោលពន្ធគយ កូតា និងរបាំងពាណិជ្ជកម្មជាង ៧.០០០។
ការលះបង់គឺមានតម្លៃនឹងលះបង់ណាស់។ សមាជិកភាពអង្គការពាណិជ្ជកម្មពិភពលោកមិនត្រឹមតែការពារផលប្រយោជន៍របស់ចិនក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ តែវាក៏បានបង្កើតឱកាសពាណិជ្ជកម្មនិងទីផ្សារថ្មីៗនិងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅយ៉ាងសំខាន់សម្រាប់ប្រជាជនរាប់រយលាននាក់ផងដែរ។
បើគ្មានប្រព័ន្ធពាណិជ្ជកម្មសកលផ្អែកលើច្បាប់ទេ ចិននឹងមិនក្លាយជាប្រទេសមហាអំណាចដូចសព្វថ្ងៃនេះទេ។
រដ្ឋាភិបាលចិនដឹងច្បាស់អំពីរឿងនេះ។ ហេតុដូច្នេះហើយបានជាចិនចូលរួមក្នុងការចរចាដើម្បីការពារស្ថាប័នសាលាឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីរដ្ឋបាលត្រាំទទូចលើការរារាំងការតែងតាំងចៅក្រមរបស់សាលាឧទ្ធរណ៍នេះ។ (លោកត្រាំអះអាងថាយន្តការដោះស្រាយជម្លោះរបស់ស្ថាប័ននេះធ្វើឱ្យសហរដ្ឋអាម៉េរិកស្ថិតក្នុងគុណវិបត្តិ ទោះបីកំណត់ត្រារបស់ខ្លួនមានភាពប្រសើរជាងប្រទេសដទៃទៀត ដែលបានប្រើយន្តការនេះក៏ដោយ។)
- ការផ្ទុះឡើងតម្រូវការថាមពល
កំណើនសេដ្ឋកិច្ចរបស់ចិនបានបង្កើនតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀតរួមទាំងថាមពល។ វិស័យថាមពលមិនបានត្រៀមទុកមុនទេសម្រាប់ការផ្ទុះឡើងតម្រូវការនេះ បន្ទាប់ពីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដូច្នេះមានស្ថានីយថាមពលតិចពេកមិនអាចឆ្លើយតបនឹងការកើនឡើងនៃតម្រូវការពីរោងចក្រថ្មីៗបាននោះទេ។
ក្រុមហ៊ុនជាច្រើនត្រូវបង្ខំចិត្តប្រើម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ដែលចាក់ប្រេងម៉ាស៊ូតនាំចូលពីបរទេស ដោយនាំឱ្យមានការកើនឡើងនូវតម្លៃប្រេងនៅលើពិភពលោក។
ឥទ្ធិពលថ្មីរបស់ចិននៅក្នុងទីផ្សារថាមពលពិភពលោកបានទាក់ទាញចំណាប់អារម្មណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលគេបង្កើតឡើងបន្ទាប់ពីវិបត្តិប្រេងឆ្នាំ ១៩៧៣ ដើម្បីការពារការរំខានដល់ការផ្គត់ផ្គង់ថាមពល។
ទីភ្នាក់ងារ IEA ដែលបង្កើតឡើងដោយបណ្តាប្រទេសឧស្សាហកម្មក្រោមការឧបត្ថម្ភរបស់អង្គការ OECD ពិតណាស់គឺគ្មានឥទ្ធិពលលើចិនទេ ព្រោះចិនមិនមែនជាសមាជិករបស់អង្គការ OECD។ ប៉ុន្តែដោយមើលឃើញពីសារៈសំខាន់នៃស្ថិរភាពទីផ្សារថាមពលសកល ចិនបានចាប់ផ្តើមទាក់ទងជាទៀងទាត់ជាមួយអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ។
នៅឆ្នាំ ២០១៥ គឺតែពីរបីខែប៉ុណ្ណោះ បន្ទាប់ពីនាយកប្រតិបត្តិ IEA លោក ហ្វាទីស ប៊ីរ៉ូល បានធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ចិនបានក្លាយជាប្រទេសទីមួយដែលបង្កើតនូវឋានៈ “សមាគម” ជាមួយទីភ្នាក់ងារ IEA ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ នៅឆ្នាំបន្ទាប់ IEA បានតែងតាំងមន្ត្រីថាមពលចិនជាទីប្រឹក្សាពិសេសរបស់លោកប៊ីរ៉ូល។
- ការចូលរួមច្រើនឡើងក្នុងដោះស្រាយការប្រែប្រួលអាកាសធាតុ
ខណៈដែលការប្រើប្រាស់ថាមពលរបស់ចិនរីកធំឡើង ការបញ្ចេញឧស្ម័នកាបូននិងតួនាទីរបស់ចិននៅក្នុងអភិបាលកិច្ចអាកាសធាតុពិភពលោកក៏រីកធំដូចគ្នា។
ចិនបានចុះហត្ថលេខាលើអនុសញ្ញាទីក្រុងរីយ៉ូឆ្នាំ ១៩៩២ ស្តីពីជីវៈចម្រុះ ដីខូចគុណភាព និងការផ្លាស់ប្តូរអាកាសធាតុ និងពិធីសារក្រុងក្យូតូឆ្នាំ ១៩៩៧ ដែលបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ ប៉ុន្តែចិនបានបង្កើនភាពជាអ្នកដឹកនាំខាងអាកាសធាតុនៅក្នុងឆ្នាំ ២០១៤ ដោយសហការជាមួយរដ្ឋបាលអូបាម៉ាដើម្បីបង្កើតសេចក្តីថ្លែងការណ៍រួមស្តីពីការប្រែប្រួលអាកាសធាតុ។
សេចក្តីថ្លែងការណ៍របស់ប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកនេះបានផ្តល់កម្លាំងចិត្តចាំបាច់ដល់ការចរចា ដែលឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ។ នៅពេលដែលលោកត្រាំប្រកាសពីចេតនាដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនោះ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានប្តេជ្ញាការពារវា។
សព្វថ្ងៃនេះ ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនតូចប៉ុណ្ណោះ ដែលសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួន។
- ការលេចឡើងនូវស្ថាប័នថ្មីៗលើពិភពលោក
ប៉ុន្តែ ទោះបីចិនបានបង្កើតខ្លួនឯងជាមហាអំណាចពិភពលោកកំពុងរះមួយ និងជាអ្នកការពារពហុភាគីនិយមក្តី ក៏ប៉ុន្តែស្ថាប័នដែលមានស្រាប់ជាច្រើនតែងតែបរាជ័យក្នុងការបំពេញតាមសំណើរបស់ចិន។
ឧទាហរណ៍ជាក់ស្តែង នៅឯអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ការកែទម្រង់ដែលមានគោលបំណងធានាថាកូតានិងអំណាចបោះឆ្នោតឆ្លុះបញ្ចាំងពីឥទ្ធិពលកំពុងកើនឡើងរបស់បណ្តាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាប្រទេសចិន ត្រូវបានអនុម័តក្នុងឆ្នាំ ២០១០ ប៉ុន្តែបានចាំរហូតដល់ឆ្នាំ២០១៦ទើបចូលជាធរមាន ហើយវានៅតែមិនទាន់គ្រប់គ្រាន់។
តាមទស្សនៈរបស់ចិន បរាជ័យក្នុងការកែសម្រួលទៅតាមចំនួនកើនឡើងនៃបណ្តាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ ធ្វើឱ្យអន្តរាយដល់ភាពស្របច្បាប់របស់ស្ថាប័នអន្តរជាតិ។ ដើម្បីធ្វើឱ្យស្មើភាពគ្នា ក្នុងឆ្នាំ ២០១៤ ចិនបានបង្កើតធនាគារ AIIB ជាអ្នកផ្តល់ប្រាក់កម្ចីពហុភាគី កន្លែងដែលចិនមានឥទ្ធិពលច្រើនជាងនៅអង្គការ IMF ឬ ធនាគារពិភពលោក។
- ការការពារសណ្តាប់ធ្នាប់ពិភពលោក
ប៉ុន្តែសូម្បីចិនបង្កើតស្ថាប័នទាំងនោះឡើង ក៏មិនមែនដើម្បីបោះបង់ចោលសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ននេះដែរ។ ប្រព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចរបស់ធនាគារ AIIB តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថាប័នដែលមានស្រាប់ក៏ដូចជាគោលនយោបាយវិនិយោគរបស់ខ្លួនផងដែរ។
នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដោយហេតុថាមន្ត្រីជាន់ខ្ពស់ជាច្រើនរបស់ចិនបានកាន់តំណែងជាន់ខ្ពស់នៅធនាគារអភិវឌ្ឍន៍ផ្សេងទៀតជាច្រើនរួមទាំងធនាគារពិភពលោក។ នៅវិស័យខ្លះដូចជាធ្យូងថ្ម ច្បាប់របស់ AIIB រឹតតែតឹងរ៉ឹងជាងមុន។
លើសពីនេះទៅទៀត ស្ថាប័នចិនបង្កើតឡើងគឺមិនមែនដើម្បីប្រឆាំងនឹងស្ថាប័នពិភពលោកដែលមានស្រាប់នោះទេ ជាក់ស្តែងធនាគារ AIIB បានសហការជាមួយស្ថាប័នទាំងនោះយ៉ាងជិតស្និទ្ធ។
នៅឆ្នាំ ២០១៦ ធនាគារពិភពលោកនិងធនាគារ AIIB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគ។ មួយឆ្នាំក្រោយមក ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងការចែករំលែកចំណេះដឹង។ IMF ក៏បានបង្ហាញឆន្ទៈក្នុងការសហការជាមួយធនាគារ AIIB ផងដែរ។
- បញ្ហាប្រឈមចំពោះច្បាប់ពហុភាគី
នេះមិនមែនមានន័យថាចិននឹងមិនដែលប្រឆាំងនឹងច្បាប់ឬរចនាសម្ព័ន្ធពហុភាគីនិយមនោះឡើយ។ ផ្ទុយទៅវិញ នៅពេលនិយាយដល់ “ផលប្រយោជន៍ស្នូល” របស់ចិន ជាពិសេសបូរណភាពទឹកដី មេដឹកនាំចិនការពារវាយ៉ាងមុតមាំ។
ជាក់ស្តែងចិនបានច្រានចោលសេចក្តីសម្រេចឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ ដែលបានបដិសេធមូលដ្ឋានច្បាប់របស់ចិនសម្រាប់ការទាមទារសិទ្ធិកាន់កាប់ជាប្រវត្តិសាស្ត្រលើសមុទ្រចិនខាងត្បូង។
ប៉ុន្តែករណីបែបនេះគឺជាករណីលើកលែង។ យ៉ាងណាមិញ សូម្បីតែសហរដ្ឋអាម៉េរិកក៏មិនអើពើនឹងសាលក្រមរបស់តុលាការអន្តរជាតិដែរ។
នៅឆ្នាំ ១៩៨៦ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ បានសម្រេចថា សហរដ្ឋអាម៉េរិកបានរំលោភច្បាប់អន្តរជាតិនិងរំលោភអធិបតេយ្យភាពប្រទេសនីការ៉ាហ្គាដោយជួយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលឈ្មោះ ខុនត្រា (Contra)។ សហរដ្ឋអាម៉េរិកបានច្រានចោលសាលក្រមនេះ ដោយប្រកាសថាខ្លួននឹងមិនគោរពនីតិវិធីបន្តទៀតទេ។
ក្នុងនាមជាឯកអគ្គរដ្ឋទូត លោកហឺ យ៉ាហ្វី អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសរសេរក្នុងឆ្នាំ ២០១៧ ថា ចិនមិនមានបំណងនិងចំណាប់អារម្មណ៍ក្នុងការកែប្រែប្រព័ន្ធអភិបាលកិច្ចពិភពលោកដែលមានស្រាប់នោះទេ។ ហើយមេដឹកនាំខ្លួនបានដឹងអំពីរឿងនេះ”៕ ដោយ ៖ កញ្ញាដាលីស
ប្រភព ៖ Channelnewsasia