ចិន​កំពុង​ធ្វើសង្គ្រាម​ត្រជាក់​យ៉ាង​ស្ងៀមស្ងាត់​ប្រឆាំង​អាមេរិក​?

1426

អ្នកជំនាញការជាន់ខ្ពស់របស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក សេអ៊ីអា(CIA)ម្នាក់បាននិយាយកាលពីថ្ងៃសុក្រទី២០កក្កដាថា ចិនកំពុងធ្វើ”សង្រ្គាមត្រជាក់យ៉ាងស្ងៀមស្ងាត់”ប្រឆាំងអាមេរិក ដោយប្រើប្រភពធនរបស់ខ្លួនទាំងអស់ដើម្បីព្យាយាមចូលជំនួសអាមេរិកក្នុងនាមជាមហាអំណាចឈានមុខគេនៅក្នុងលោក។

រដ្ឋាភិបាលក្រុងប៉េកាំងមិនចង់ធ្វើសង្រ្គាមប្រដាប់អាវុធទេ នេះបើតាមមន្រ្តីដដែល តែរដ្ឋាភិបាលកុំម្មុយនីស្ត បច្ចុ ប្បន្ន ក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង ធ្វើការយ៉ាងប៉ិនប្រសប់លើរណសិរ្សជាច្រើនដើម្បីបំផ្លាញអាមេរិកក្នុងវិធីដែលផ្សេងពីអ្វីដែលរុស្ស៊ីធ្លាប់ប្រើ។

ម៉ៃឃើល ខូលលីន មន្រ្តីនៃមជ្ឈមណ្ឌលបេសកកម្មអាស៊ីបូព៌ារបស់CIAបាននិយាយនៅក្នុងវេទិកាសន្តិសុខមួយនៅរដ្ឋខូរ៉ូឡាដូថា”ខ្ញុំនិយាយថាអ្វីដែលគេកំពុងធ្វើប្រឆាំងយើងគឺជាសង្រ្គាមត្រជាក់មួយ សង្រ្គាមត្រជាក់ដែលមិនដូចក្នុងអំឡុងសង្រ្គាមត្រជាក់រវាងអាមេរិកនិងសហភាពសូវៀត តែជាសង្រ្គាមត្រជាក់តាមនិយមន័យ”។

ភាពតានតឹងរវាងអាមេរិកនិងចិនចេះតែកើនឡើងបានទៅហួសពីជម្លោះពាណិជ្ជកម្មដែលបានវាយពន្ធសងទៅសងមករវាងប្រទេសទាំងពីរ។

មានការបារម្ភអំពីកិច្ចខិតខំរបស់ចិនដើម្បីលួចការសម្ងាត់ធុរកិច្ចនិងព័ត៌មានពិស្តារអំពីការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាជាន់ខ្ពស់នៅអាមេរិក។យោធាចិនកំពុងពង្រីកនិងធ្វើទំនើបកម្ម ហើយអាមេរិក ព្រមទាំងប្រទេសផ្សេងទៀតបានត្អូញត្អែរអំពីសំណង់យោធាចិននៅបណ្តាកោះនិងតំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង។

ចង់សំដៅការដែលរុស្សីដាក់តំបន់គ្រីមេរបស់អ៊ុយក្រែនជាឧបសម្ពន្ធរបស់ខ្លួន លោកខូលលីនបាននិយាយថា”ខ្ញុំចង់និយាយថា វាជាគ្រីមេបូព៌ាទិស”។

ការលើកឡើងរបស់ខូលលីននាំអោយនឹកដល់ការព្រមានអំពីកំណើនឥទ្ធិពលចិនដែលត្រូវបានលើកឡើងក្នុងសន្និសីទសន្តិសុខកាលពីសប្តាហ៍មុននេះ។ការគោះជួងព្រមាននោះកើតឡើងចំពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវការអោយចិនជួយបញ្ចប់ការប្រទាញប្រទង់បញ្ហានុយក្លេអ៊ែរវាងអាមេរិកនិងកូរ៉េខាងជើង។

កាលពីថ្ងៃពុធ នាយកFBIលោក គ្រីស្តូហ្វ័រ វ្រេ បាននិយាយថា ចិន បើនិយាយអំពីទស្សនវិស័យប្រឆាំងចារកម្ម តំណាងអោយការគំរាមធំនិងសំខាន់បំផុតរបស់អាមេរិក។លោកបាននិយាយថា FBIមានរបាយការណ៍ស៊ើបអង្កេតអំពីចារកម្មសេដ្ឋកិច្ច នៅគ្រប់រដ្ឋទាំង៥០ដែលអាចជាប់ទាក់ទងចិន។

ចំណែក នាយកស៊ើបការណ៍ជាតិលោក ដាន់ ខូតស៍ ក៏បានព្រមានអំពីកំណើននៃការឈ្លានពានរបស់ចិន ជាពិសេសអាមេរិកត្រូវឈរអោយរឹងមាំរារាំងកិច្ចខិតខំរបស់ចិនដើម្បីលួចការសម្ងាត់ធុរកិច្ចនិងការសិក្សាស្រាវជ្រាវ។

ម៉ាសែល ឡេតតេ អតីតអនុរដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយថា ចិនមានថវិកាការពារជាតិធំបំផុតលំដាប់ទី២ក្នុងលោក កងកម្លាំងយោធាធំបំផុត កម្លាំងទ័ពអាកាសធំបំផុតទី៣និងកងទ័ពជើងទឹកមាននាវាចម្បាំង៣០០និងនាវាមុជទឹកជាង៦០គ្រឿង។”នាវាទាំងនេះកំពុងស្ថិតក្នុងដំណើរការធ្វើទំនើបកម្មនិងទាន់សម័យ”។

លោកបាននិយាយថា ចិនក៏កំពុងធ្វើអោយមានការជឿនលឿនខាងសង្រ្គាមតាមអ៊ិនធឺណិត ស៊ើបការណ៍សិប្បនិម្មិត វិស្វកម្មនិងបច្ចេកវិទ្យា សកម្មភាពប្រឆាំងអវកាសសមត្ថភាពប្រឆាំងផ្កាយរណបនិងសព្វាវុធលឿនជាងសម្លេង៕ដោយ:វាសនា

ការលើឡើងរបស់មន្រ្តីអាមេរិកកើតចំពេលប្រធានាធិបតីចិនធ្វើទស្សនកិច្ចមជ្ឈិមបូព៌ាដោយចុះកិច្ចព្រមព្រៀងធំៗមួយចំនួន

ប្រភព៖CIA: China is waging a ‘quiet kind of cold war’ against US