ចិន​ក្លូន​ឆ្កែ​ប៉ូលិស​ហិតក្លិន ​ដើម្បី​កាត់បន្ថយ​ពេលវេលា​នៃ​ការបង្ហាត់​ឆ្កែ​

327
ចែករម្លែក
  • 11
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​២០​មីនា​នេះ​ថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​នៅក្នុង​ខេត្ត​យូ​ណាន​ភាគ​និរតី​ប្រទេស​ចិន ​បាន​ក្លូន​នូវ​អ្វីដែល​ពួកគេ​ហៅថា “​ឆ្កែ​ប៉ូលិស​ហិតក្លិន​” នៅក្នុង​កម្មវិធី​មួយ​ដែល​ពួកគេ​សង្ឃឹមថានឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការបង្ហាត់​និង​ការចំណាយ​សម្រាប់​ឆ្កែ​ប៉ូលិស​។​

​កាសែត Global Times បាន​រាយការណ៍​ថា សត្វ​ឆ្កែ​ឈ្មោះ ឃុន​ស៊ុន (Kunxun) ត្រូវបាន​ក្លូន​ចេញពី​ឆ្កែ​ប៉ូលិស​ហិតក្លិន​ដោយ​ក្រុមហ៊ុន Sinogene Biotechnology Company ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​និង​សាកលវិទ្យាល័យ​កសិកម្ម​ខេត្ត​យូ​ន​ណាន ជាមួយ​ការគាំទ្រ​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​។

​លោក​ចាវ ចៀន​ពីង អគ្គនាយករង​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​កាសែត Global Times ថា ក្រុមហ៊ុន Sinogene សង្ឃឹមថានឹង​អាច​សម្រេចបាន​នូវ “​ការផលិត​ឆ្កែ​ប៉ូលិស​ក្លូន​ក្នុង​បរិមាណ​យ៉ាងច្រើន​” ដើម្បី​កាត់បន្ថយ​ពេលវេលា​នៃ​ការបង្ហាត់​។ ប៉ុន្តែ​លោក​បាន​បន្ថែមថា ការចំណាយ​លើ​ការ​ក្លូន​នៅតែ​ជា​ឧបសគ្គ​ចម្បង​។​

​កាសែត China Daily រាយការណ៍​ថា ឃុន​ស៊ុន ដែល​បច្ចុប្បន្ន​មាន​អាយុ​៣​ខែ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ​ក្នុងការ​ស្វែងរក​គ្រឿងញៀន ការគ្រប់គ្រង​ហ្វូងមនុស្ស​និង​ការស្វែងរក​ភស្តុតាង ហើយនឹង​ក្លាយជា​ឆ្កែ​ប៉ូលិស​ពេញលេញ​នៅពេល​វា​មាន​អាយុ​ប្រហែល ១០ ខែ​។​

​ដោយ​ដកស្រង់​សម្តី​របស់​អ្នកជំនាញ​បង្វឹក​សត្វ​នៅ​សាកលវិទ្យាល័យ​កសិកម្ម​ខេត្ត​យូ​ន​ណាន កាសែត​នេះ​បាន​និយាយថា ការ​បង្វឹក​ឆ្កែ​ជាធម្មតា​ត្រូវ​ចំណាយពេល​ប្រហែល ៥ ឆ្នាំ​និង​ត្រូវ​ចំណាយ​រហូតដល់​ទៅ ៥០០.០០០ យ័ន (​ជិត​៧៥.០០០​ដុល្លារ​) ដោយ​គ្មាន​ការធានា​ពី​ភាពជោគជ័យ​នោះឡើយ​។ កាសែត​នេះ​មិនបាន​និយាយថា​តើ​ឆ្កែ​ក្លូន​ត្រូវ​ចំណាយលុយ​អស់​ប៉ុន្មាន​នោះទេ​។​

​កាសែត China Daily និយាយថា អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងត្បូង​បាន​បង្កើត​ឆ្កែ​ក្លូន​មុនគេ​បង្អស់​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០០៥ ហើយពីរ​ឆ្នាំ​ក្រោយមក​ប្រទេស​នេះ​បានចាប់ផ្តើម​ប្រើប្រាស់​ឆ្កែ​ក្លូន​ប្រភេទ Labrador ដើម្បី​ហិតក្លិន​ញៀន​ថ្នាំ​ឱ្យ​បណ្តា​ទីភ្នាក់ងារ​គយ​៕ ដោយ៖ កញ្ញាដាលីស/Ha

ឃុន​ស៊ុន នឹង​ក្លាយជា​ឆ្កែ​ប៉ូលិស​ពេញលេញ​នៅពេល​វា​មាន​អាយុ​១០​ខែ