ចិនបានបង្កើតកូនឆ្កែក្លូនចំនួន ៦ ក្បាលចេញពី DNA របស់ឆ្កែប៉ូលិសឆ្លាត២ក្បាលក្នុងបំណងបង្កើនល្បឿននៃការបណ្តុះបណ្តាលឆ្កែពូជមានជំនាញប៉ិនប្រសព្វនិងឆាប់ឱ្យមានពូជឆ្កែប៉ូលិសឆ្លាតបានច្រើន។
យោងតាមប៉ូលិសចិនបានឱ្យដឹងថា កូនឆ្កែក្លូនទាំងនេះបានកើតនៅក្នុងទីក្រុងប៉េកាំងកាលពីខែសីហា ហើយបានបង្ហាញជំនាញអស្ចារ្យមិនរំពឹងទុករួចមកហើយសម្រាប់ឆ្កែអាយុក្មេងដូច្នេះ។
លោក ម៉ា ជីនឡី មន្ត្រីមកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មនៃការិយាល័យសន្តិសុខសាធារណៈទីក្រុងប៉េកាំង បានលាតត្រដាងថា ការផ្តោតសំខាន់នៃកម្មវិធីគឺផ្ទេរពូជពិសេសមានប្រយោជន៍ទាំងនេះទៅកូនឆ្កែក្លូន ដូចជាការខាំជាដើម និង ជួយកាត់បន្ថយរយៈពេលបណ្តុះបណ្តាលរបស់កងកម្លាំង។
ការិយាល័យប៉ូលិសសន្តិសុខមូលដ្ឋាននៃការិយាល័យសន្តិសុខសាធារណៈក្រុងប៉េកាំងនិងក្រុមហ៊ុន Sinogene ដែលជាក្រុមហ៊ុនក្លូនសត្វចិញ្ចឹមឯកជន បានរួមកម្លាំងគ្នាក្នុងការបង្កើតកូនឆ្កែក្លូននេះឡើង។
ក្រុមហ៊ុន Sinogene បានបង្កើតឆ្កែប៉ូលិសក្លូនលើកទីមួយរបស់ចិនឈ្មោះ Kunxun សម្រាប់ប៉ូលិសនៅក្នុងទីក្រុងគុនមីងកាលពីដើមឆ្នាំនេះ។
ក្រុមហ៊ុនមន្ទីរពិសោធន៍នេះបានអះអាងថាបានរកឃើញគន្លឹះក្នុងការបង្កាត់ពូជឆ្កែប៉ូលិសទ្រង់ទ្រាយធំនិងរហ័សដោយសារតែបច្ចេកវិជ្ជាទំនើប ហើយពូជឆ្កែទាំងនោះគឺក្លូនពីឆ្កែបែលហ្ស៊ិកហៅថា Belgian Malinois៕ ដោយ៖ កញ្ញាដាលីស