ចិន​គាំទ្រ​កិច្ចខិតខំ​របស់​កូរ៉េខាងជើង​ក្នុង​ការដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​

374
ចែករម្លែក

​កាសែត Rodong Sinmun​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មិថុនា​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​និយាយថា ចិន​គាំទ្រ​«​ទិសដៅ​ត្រឹមត្រូវ​»​របស់​កូរ៉េ​ខាងជើង​នៅក្នុង​ការដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​។​

​អត្ថបទ​សម្តែង​មតិ​នៅ​ទំព័រមុខ​នៅក្នុង​កាសែត​ខាងលើ​ជា​ការសម្តែង​កិត្តិយស​ដល់​ភ្ញៀវ​បរទេស​និង​កើត​ឡើង​តែ​មួយ​ថ្ងៃមុន​លោក​ស៊ី​ចេញដំណើរ​ទី​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ តាម​ការអញ្ជើញ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​នឹង​ធ្វើអោយ​លោក​ក្លាយជា​មេដឹកនាំ​ចិន​លើកដំបូង​ដែល​ទៅធ្វើ​ទស្សនកិច្ច​កូរ៉េ​​ខាងជើង​ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ​។​

​ដំណើរ​នេះ​ក៏​ត្រូវបាន​គេ​មើលឃើញថា​ជា​ការបង្ហាញ​ការគាំទ្រ​លោក​គីម ដែល​យុទ្ធនាកា​រយោង​ដៃ​ការទូត​ទៅ​ខាងក្រៅ​និង​ជំរុញ​ស្ថាបនា​សេដ្ឋកិច្ច​ឡើង​វិញ​របស់​លោក​ទទួល​ការ​​ដើរ​ថយក្រោយ​បន្ទាប់ពី​ការដួលរលំ​នៃ​ជំនួប​កំពូល​រវាង​លោក​និង​ប្រធានាធិបតី​អាម៉េរិក​កាលពី​ខែ​កុម្ភៈ​នៅ​ក្រុង​ហាណូយ​។​

ស៊ី​នឹងធ្វើ​ទស្សនកិច្ច​កូរ៉េខាងជើង​នៅ​ថ្ងៃ​២០​មិថុនា ដែល​នឹង​ធ្វើអោយ​លោក​ក្លាយជា​មេដឹកនាំ​ចិន​លើកដំបូង​ដែល​ទៅធ្វើ​ទស្សនកិច្ច​កូរ៉េខាងជើង​ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ​

​នៅពេល​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​រវាង​អាម៉េរិក​និង​កូរ៉េខាងជើង​ជាប់គាំង និង​ភាព​តានតឹង​កើន​ឡើង​រវាង​ចិន​និង​អាម៉េរិក​អំពី​បញ្ហា​ពាណិជ្ជកម្ម លោក​ស៊ី នឹង​ចាប់ផ្តើម​សកម្ម​​ភាព​ការទូត​មួយ​ប្រាវ​នៅ​ឧបទ្វីប​កូរ៉េ មុន​ជំនួប​កំពូល​G20​នៅ​ជប៉ុន​នៅ​ខែ​នេះ​។​

​បើ​តាម​កាសែត​ខាងលើ លោក​ស៊ី​បាន​និយាយថា ប្រទេស​អាស៊ី​ទាំង​ពីរ​នឹង​«​ពង្រឹង​ទំនាក់ទំនង​និង​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់​យើង​ហើយ​ចិន​នឹង​គាំទ្រ​យ៉ាងរឹងមាំ​សមិទ្ធផល​​របស់​លោក​គីម ក្នុង​ការកសាង​សង្គម​និយម​ដោយ​គណបក្ស​ពលករ​និង​ប្រជាជន​កូរ៉េ តាមរយៈ​ផ្លូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ ដោយ​ផ្តោត​លើ​កិច្ចខិតខំ​របស់​លោក​ទាំ​ង​អស់​លើ​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​និង​ធ្វើអោយ​ប្រសើរឡើង​កំរិត​ជីវភាព​របស់​ប្រជាជន​»​។​

​កាសែត​បាន​បន្តទៀតថា លោក​ស៊ី បាន​និយាយថា កូរ៉េ​ខាងជើង​និង​ចិន​នឹង​ពង្រីក​ហើយនឹង​អភិវឌ្ឍ​ទំនាក់ទំនង​នៅក្នុង​វិស័យ​ស៊ីវិល រួម​មាន​អប់រំ វប្បធម៌ កីឡា ទេសចរណ៍ យុវជន​និង​វិស័យ​ជនបទ​។​«​យើង​នឹង​ចូលរួម​យ៉ាង​សកម្ម​ដល់​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​វិបុលភាព​ក្នុង​តំបន់ តាមរយៈ​ពង្រឹង​ការទាក់ទង​និង​សម្របសម្រួល​ជាមួយ​សា​ធារ​​ណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​»​។​

​លោក​ស៊ី​មិន​បាន​លើក​អំពី​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េខាងជើង​ទេ តែ​កាលពី​ថ្ងៃ​អង្គារ ចិន​និង​រុស្ស៊ី​បាន​ពន្យារ​សំណើ​របស់​អាម៉េរិក​មួយ​ដើម្បី​អោយ​គណៈកម្មាធិការ​ទណ្ឌកម្ម​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ចេញ​បញ្ជា​បញ្ឈប់​ការបញ្ជូន​ប្រេង​ទៅ​អោយ​កូរ៉េ​ខាងជើង ដោយសារតែ​មាន​ការចោទប្រកាន់​ថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​​រំលោភ​ទណ្ឌកម្ម​របស់​សហប្រជាជាតិ​៕ដោយ៖វាសនា