ចិន​គាំទ្រ​ប៉ា​គី​ស្ថាន​លើ​វិធានការ​ប្រឆាំង​ភេរវកម្ម​

209
ចែករម្លែក
  • 15
    Shares

​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា​បាន​សម្តែង​ការគាំទ្រ​ប៉ា​គី​ស្ថាន​ដែល​ជា​មិត្តភក្តិ​រឹងមាំ​របស់​ខ្លួន​ដោយ​អបអរសាទរ​វិធានកា​រ​ប្រឆាំង​ភេរវកម្ម​នៅ​ពេល​ថ្មីៗ​នេះ នៅពេលដែល​ រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នេះ ប្រឈម​មុខ​នឹង​ការរិះគន់​ចំពោះ​ការ​ផ្តល់​ទីជម្រក​ដល់​ពួក​ជន​សកម្មប្រយុទ្ធ​។​

​ការវាយប្រហារ​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​កាលពី​ខែ​មុន​បានសម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់ ហើយ​ត្រូវបាន​ប្រកាស​ទទួលខុស​ត្រូវ​ដោយ​ក្រុម​ជន​សកម្ម​​ប្រយុទ្ធ​Jaish-e-Mohammed ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​។​

​លោក វ៉ាង យី (Wang Yi )​រដ្ឋមន្ត្រីការបរទេស​ចិន បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយ​សម​ភាគី​ប៉ា​គី​ស្ថាន​របស់​លោក​ថា “​ចិន​អបអរ​យ៉ាងខ្លាំង​​ចំពោះ​វិធានការ ប្រឆាំង​ភេ​វរ​កម្ម​របស់​ប៉ា​គី​ស្ថាន​នៅក្នុង​ប្រទេស​។ យើង​គាំទ្រ​ប៉ា​គី​ស្ថាន យ៉ាង​ពេញទំហឹង​ក្នុងការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​” ។​

​ចាប់តាំងពី​ថ្ងៃទី​៥​ខែ​មីនា​មក ក្រុម​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​ចាប់ខ្លួន​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​ដែល​សង្ស័យ​រាប់រយ​នាក់ ហើយ​បាន​បិទ​សាលារៀន​សាសនា វិហារ​អ៊ីស្លាម​​និង​គ្លីនិក​សរុប​ជាង​៧០០​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ដែល​ត្រូវបាន​ហាមឃាត់ ។​

​រដ្ឋាភិបាល​អ៊ី​ស្លា​ម៉ា​បាដ​បាន​ស្ថិត​ក្រោម​សម្ពាធ​ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​របស់​ខ្លួន​ក្នុងការ​កម្ចាត់​ក្រុម​ជន​សកម្មប្រយុទ្ធ ប៉ុន្តែ​ការបង្ក្រាប​នេះ​មិន​ទាន់​បានធ្វើឱ្យ​សហគមន៍​​អន្តរជាតិ​មាន​ការជឿជាក់​នៅឡើយ​ទេ ។​

​រដ្ឋាភិបាល​ក្រុង​ញូវដែលី​(​ឥណ្ឌា​) បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ថា​ផ្តល់​ទីជម្រក​ដល់​ពួក​ជន​សកម្មប្រយុទ្ធ ដែល​ខ្លួន​បាន​និយាយថា ត្រូវបាន​ប្រើប្រាស់​ដោយ​​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​ប៉ា​គី​ស្ថាន​ដើម្បី​វាយប្រហារ​ឥណ្ឌា​៕ដោយ៖សុខា/sn

លោក វ៉ាង យី (​រូប​ស្តាំ​) ស្វាគមន៍ លោក សា ម៉េ​មូត ឃ្យូ​រ៉េស៊ី​រដ្ឋមន្ត្រីការបរទេ​ស​ប៉ាគី​ស្ថាន នៅ​ទីក្រុង​ប៉េកាំង​