ចិន​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​

2188
ចែករម្លែក

ប្រទេសចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងដោយសារការកើនឡើងនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលតៃវ៉ាន់។

ការប្រកាសនេះកើតឡើងស្របពេលលោក ស៊ី ជីនពីង ប្រធានាធិបតីចិនថ្លែងអំពីសារៈសំខាន់នៃអំណាចកងទ័ពជើងចិន នៅពេលលោកចូលរួមការត្រួតពិនិត្យកងទ័ពជើងទឹកចិនដ៏ធំ កាលពីថ្ងៃព្រហស្បតិ៍ទី២២វិច្ឆិកា នៅសមុទ្រចិនខាងត្បូងនៅឯនាយឆ្នេរសមុទ្រនៃខេត្តហៃណាន(Hainan ) ប្រទេសចិន ។

លោក ស៊ី ជីនពីង បានមានប្រសាសន៍នៅលើនាវាពិឃាតដ៏ទំនើបមួយរបស់ចិនថា «បេសកកម្មនៃការកសាងកងកម្លាំងទ័ពជើងទឹកដ៏អស្ចារ្យគឺ មិនដែលមានភាពបន្ទាន់ជាងបច្ចុប្បន្នទេ ។ ខិតខំធ្វើឱ្យកងទ័ពជើងទឹករបស់ប្រជាជន ក្លាយជាកងទ័ពជើងទឹកលំដាប់ទី១ពិភពលោក »។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយថា ការពិនិត្យឡើងវិញអំពីកងនាវាចិននេះ គឺរួមបញ្ចូលទាំងការពិនិត្យមើល នាវាចំនួន៤៨ គ្រឿងដោយក្នុងចំណោមនោះ មាននាវាផ្ទុកយន្តហោះLiaoning មួយគ្រឿង និងយន្តហោះចម្បាំង ដែលរួមមានឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់គ្រាប់បែក សរុបចំនួន៧៦គ្រឿងនិងទាហានជាង១០.០០០នាក់ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ១៩៤៩។

រដ្ឋបាលគ្រប់គ្រងសុវត្ថិភាពសមុទ្រនៃខេត្តនេះបាននិយាយថា កងទ័ពជើងទឹកបានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ នៅឯនាយសមុទ្រនៃខេត្តហៃណាននៅថ្ងៃពុធទី២៨វិច្ឆិកា៕ដោយ៖សុខា/SN

យន្តហោះទម្លាក់គ្រាប់បែកH-6K របស់ចិន ហោះពីលើកោះ នៅសមុទ្រចិនខាងត្បូង