ចិន​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នាវាមុជទឹក AI ឥត​មនុស្ស​បើក​នៅ​ឆ្នាំ ២០២០ ដោយ​អាច​នៅក្នុង​សមុទ្រ​រាប់​ខែ និង​ទុក​សម្រាប់​បេសកកម្ម​អត្តឃាត​ដើម្បី​កម្ទេច​សត្រូវ​

1280
ចែករម្លែក
  • 7
    Shares

​កងទ័ព​ចិន​កំពុង​ផលិត​នាវាមុជទឹក​ថ្មី ដែល​នឹង​បើកបរ​ក្នុង​សមុទ្រ​ដោយ​គ្មាន​នាវិក​ជា​មនុស្ស​នោះឡើយ​។ នេះ​បើ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​។​

​នាវាមុជទឹក​ឥត​មនុស្ស​បើក​នេះ​នឹងត្រូវ​បំពាក់​បច្ចេកវិជ្ជា AI ដែល​អនុញ្ញាតឱ្យ​ពួកវា​ធ្វើដំណើរ​ដោយ​ឯកឯង​និង​ធ្វើការ​ជាមួយ​កង​នាវា​ដែលមាន​ស្រាប់​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ធ្វើការ​លើ​គម្រោង​នេះ​បាន​និយាយថា នាវាមុជទឹក​គ្មាន​នាវិក​នេះ​នឹងមាន​ទំហំ​ធំ និង ចំណាយ​ទាប បើ​ប្រៀបធៀប​ទៅនឹង​នាវា​យោធា​ដទៃទៀត​។​

​តាម​ពាក្យ​ច​ចាម​អារាម​ឱ្យដឹងថា នាវាមុជទឹក AI នេះ​ត្រូវបាន​បំពាក់​ជាមួយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​អគ្គិសនី​ដើម្បីឱ្យ​ពួកវា​អាច​នៅក្នុង​សមុទ្រ​បាន​រាប់​ខែ ដោយ​មិនចាំបាច់​ត្រឡប់​ទៅ​ចត​នៅ​កំពង់ផែ​វិញ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ចិន​នឹង​ប្រើប្រាស់​នាវា​គ្មាន​មនុស្ស​បើក​ទាំងនេះ​សម្រាប់​បេសកកម្ម​ប្រមូល​ការណ៍​សម្ងាត់ បង្កៃ​គ្រាប់មីន​ក្នុង​សមុទ្រ និង វាយប្រហារ​តាមបែប “​កា​មី​កា​ហ្សេ​” គឺ​វាយ​លើ​គោលដៅ​ដែលមាន​តម្លៃ​ថ្លៃ​។​

​ពួកគេ​បាន​បន្ថែមថា បេសកកម្ម​ទាំងនេះ​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២០​។​

​យោងតាម​អ្នក​ដែល​ដឹង​អំពី​គម្រោង​ផលិត​នាវា​នេះ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ទៅកាន់​កាសែត South China Morning Post បានឱ្យដឹងថា នាវា​នេះ​មិនមែន​បង្កើតឡើង​ដើម្បី​ជំនួស​នាវាមុជទឹក​មាន​មនុស្ស​បើក​នោះទេ​។

​ក្រុម​អ្នកស្រាវជ្រាវ​អះអាងថា នាវា​បើក​ដោយ​ស្វ័យប្រវត្តិ​នេះ​នឹងធ្វើ​ការ​ជាមួយ​កង​នាវា​មាន​មនុស្ស​បើក​៕ ដោយ៖ កញ្ញាដាលីស

នាវាមុជទឹក​បើក​ដោយ​ស្វ័យប្រវត្តិ​បំពាក់​បច្ចេកវិជ្ជា AI នឹង​ចាប់ផ្តើម​បេសកកម្ម​ក្នុង​ឆ្នាំ ២០២០