ចិន​គ្រោង​នឹង​បង្ហោះ​យាន​ស៊ើបអង្កេត​អាចម៍ផ្កាយ និង​អំពាវនាវ​រក​ដៃគូ​

199
ចែករម្លែក

​ក្រុមមន្ត្រី​អវកាស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា​ថា ប្រទេស​ចិន​គ្រោង​នឹង​បើក​បេសកកម្ម​រុករក​អាចម៍ផ្កាយ​ដ៏​មាន​មហិច្ឆតា​មួយ និង​បាន​អញ្ជើញ​ដៃគូ​នានា​ដើម្បី​ដាក់​ការសាកល្បង​របស់​ពួកគេ​មកលើ​យាន​ស៊ើបអង្កេត​។​

​លោក លីវ ជី​ចុង ប្រធាន​មជ្ឈមណ្ឌល​វិស្វកម្ម​រុករក​អវកាស​ចិន​បាន​និយាយថា បេសកកម្ម​រយៈពេល ១០ ឆ្នាំនេះ​នឹង​ពាក់ព័ន្ធ​នឹង​យាន​ស៊ើបអង្កេត​មួយ ដែល​ត្រូវបញ្ជូន​ទៅកាន់​អាចម៍ផ្កាយ​នៅ​ជិត​ផែនដី​ដើម្បី​ប្រមូល​សំណាក​គំរូ​។​

​បន្ទាប់ពី​ការប្រមូល​សំណាក​គំរូ​ពី​អាចម៍ផ្កាយ 2016 HO3 យាន​ស៊ើបអង្កេត​នឹង​ត្រឡប់​ទៅ​គន្លង​ផែនដី​វិញ កន្លែង​ដែល​វា​នឹង​បំបែក​ខ្លួន​ជា​ពីរ​។​

​បំពង់​យាន​មួយ​ដែល​ដឹក​សំណាក​គំរូ​នឹង​វិល​ត្រឡប់មក​ផ្ទៃផែនដី​វិញ ខណៈដែល​បំពង់​យាន​ដាច់ដោយឡែក​មួយទៀត​នឹង​ឆ្ពោះ​ទៅធ្វើ​គោចរ​ជុំវិញ​ផ្កាយដុះកន្ទុយ​ឈ្មោះ 133P​។​

​ពុំទាន់​មានការ​កំណត់​ពេលវេលា​សម្រាប់​បេសកកម្ម​នេះ​នៅឡើយ​ទេ​។​

​ការអំពាវនាវ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​សម្រាប់​យាន​ស៊ើបអង្កេត​ឋាន​ព្រះ​ចន្ទ ​ឈ្មោះ Chang’e-6 ដែល​កាលបរិច្ឆេទ​នៃ​ការបាញ់​បង្ហោះ​របស់​វា​នឹងត្រូវ​ពឹងផ្អែក​ទៅលើ​ភាពជោគជ័យ​របស់​យាន​មុន​របស់​វា គឺ​យាន Chang’e-5 ដែល​នឹង​ចាប់ផ្តើម​បាញ់​បង្ហោះ​នៅ​ចុងឆ្នាំ​នេះ​។​

​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​សិក្សា​អវកាស​របស់​បារាំង​បាន​និយាយ​កាលពី​ខែ​មុន​ថា យាន Chang’e-6 នឹង​ដឹក​ក្រុម​ពិសោធន៍​របស់​បារាំង​។​

​ដោយ​ដំបូង​ឡើយ​គ្រោង​នឹង​ប្រមូលយក​សំណាក​គំរូ​របស់​ព្រះ​ចន្ទ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៧ វា​ត្រូវបាន​ពន្យារពេល​បន្ទាប់​ពី​រ៉ុក្កែត Long March 5 Y2 ដ៏​ខ្លាំងក្លា​របស់ខ្លួន​បាន​បរាជ័យ​ក្នុងអំឡុងពេល​នៃ​ការបាញ់​បង្ហោះ​ដាច់ដោយឡែក​មួយ​នៅ​ខែកក្កដា​ឆ្នាំ ២០១៧​។​

​ទីភ្នាក់ងារ​អវកាស​ចិន​បានប្រកាស​នៅ​ឆ្នាំនេះ​ថា បេសកកម្ម​ឋាន​ព្រះ​ចន្ទ​ពីរ​បន្ថែមទៀត​ត្រូវបាន​គ្រោងទុក ជាមួយ​គោលបំណង​ចុងក្រោយ​បំផុត​គឺ​សាងសង់​មូលដ្ឋាន​ស្រាវជ្រាវ​រួម​នៅលើ​ឋាន​ព្រះ​ចន្ទ​។​

​ប្រទេស​ចិន​មាន​មហិច្ឆតា​ដើម្បី​សម្រេចបាន​នូវ​ឋានៈ​ជា​មហាអំណាច​អវកាស​និង​បាន​បោះជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​គោលដៅ​នេះ នៅពេលដែល​ខ្លួន​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ចុះចត​យាន​ស៊ើបអង្កេត​នៅលើ​ផ្នែក​ឆ្ងាយ​បំផុត​នៃ​ចុង​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី ៣ ខែមករា​។​

​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា ទិន្នន័យ​ដែល​ប្រមូលបាន​ពី​យាន Chang’e-4 ត្រូវបាន​ប្រគល់ឱ្យ​អ្នកតំណាង​មកពី​ប្រទេស​ហូ​ឡង់​ស៊ុយអែត​និង​អាល្លឺម៉ង់ ដែល​បាន​ដំឡើង​ឧបករណ៍​នៅលើ​យាន​នេះ​។​

​បច្ចុប្បន្ន​ប្រទេស​ចិន​បាន​ចំណាយ​ច្រើន​ទៅលើ​កម្មវិធី​អវកាស​ស៊ីវិល​និង​យោធា​ជាង​ប្រទេស​រុស្ស៊ី​និង​ជប៉ុន និង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​សហរដ្ឋអាម៉េរិក​ដែល​ចំណាយ​ច្រើនជាងគេ​នៅ​ទី​អវកាស​។ បើ​ទោះ​ពុំមាន​តម្លាភាព ប៉ុន្តែ​ថវិកា​ឆ្នាំ​២០១៧​របស់​ចិន ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៨,៤ ពាន់​លាន​ដុល្លារ​ដោយ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៕ ដោយ៖ កញ្ញាដាលីស/Ha

ចិន​មាន​មហិច្ឆតា​ដើម្បី​សម្រេចបាន​នូវ​ឋានៈ​ជា​មហាអំណាច​អវកាស