ចិន​ចង់​ធ្វើ​លំ​ហាត់​យោធា​ជាមួយ​អាស៊ាន​នៅក្នុង​សមុទ្រ​មាន​ជម្លោះ ដោយ​មិនមាន​វត្តមាន​អាមេរិក​

867
ចែករម្លែក

​ចិន​ចង់​ធ្វើ​សមយុទ្ធ​យោធា​និង​ការធ្វើ​អាជីវកម្ម​ថាមពល​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ នៅក្នុង​ដែនទឹក​មាន​ជម្លោះ នេះ​បើ​យោងតាម​ឯកសារ​ព្រាង​មួយ តែ​បាន​ទទូចថា​ប្រទេស​មកពី​ក្រៅ​អាស៊ាន​គួរ​ត្រូវ​ផាត់​ចេញ នៅក្នុង​អ្វីដែល​ពួក​អ្នកវិភាគ​ជឿថា​ចិន​ចង់​និយាយ​សំដៅលើ​អាមេរិក​។​

​ការលើកឡើង​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​រុញច្រាន​អាមេរិក​ដែល​បាននិងកំពុង​​គាំទ្រ​ប្រទេស​មួយចំនួន​ដែល​អះអាង​ដែនទឹក​ត្រួតគ្នា​ជាមួយ​ចិន​នៅក្នុង​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​។​

​ក្រម​ប្រតិបត្តិ​រវាង​ចិន​និង​អាស៊ាន​ដើម្បី​គ្រប់គ្រង​ការប្រព្រឹត្ត​នៅក្នុង​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​បាននិងកំពុង​ធ្វើ​រាប់​ឆ្នាំ​មកហើយ​។​

​ឯកសារ​ព្រាង ដែល​អ្នកកាសែត​បានឃើញ បង្ហាញ​ប្រទេស​ផ្សេងៗ​ទាមទារ​នេះ​ទាមទារ​នោះ​ខណៈ​ពួកគេ​ធ្វើការ​ឆ្ពោះទៅ​បង្កើត​កិច្ចព្រមព្រៀង​មួយ ដែល​ពួក​អ្នកវិភាគ​​បាន​និយាយថា តំណាងអោយ​ការវិវឌ្ឍ​ន៍​ខ្លះ​។​

​នៅក្នុង​ឯកសារ​បង្ហាញ​ការប្រឆាំង​ជំទាស់​ជាខ្លាំង​ចំពោះ​សកម្មភាព​ចិន ដោយ​អំពាវនាវ​ប្រទេស​ជាច្រើន​បញ្ឈប់​ការសាងសង់​កោះ​សិប្បនិម្មិត​និង​ដំឡើង​ទីតាំង​យោធា​។​​តែមាន​ប្រឆាំង​តិចតួច​មកពី​ប្រទេស​ផ្សេង​ក្នុង​អាស៊ីអាគ្នេយ៍​ដែលជា​សញ្ញា​បង្ហាញថា​ការប្រឆាំង​ចំពោះ​ការ​វាតទី​របស់​ចិន​នៅក្នុង​តំបន់​ដែនទឹក​ដែល​សំបូរ​ធនធាន​​ធម្មជាតិ​នេះ​បាន​ថយចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់​និង​វៀតណាម សុទ្ធ​អះអាង​ដែនទឹក​និង​កោះ​ត្រួតគ្នា​ជាមួយ​ចិន​នៅក្នុង​សមុទ្រ​នេះ​។​

​ភាព​តានតឹង​កាន់​កាន់តែ​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ក​នេះ ដោយសារតែ​ចិន​សាងសង់​កោះ​សិប្បនិម្មិត​ដែល​អាច​ដាក់តាំង​មូលដ្ឋាន​យោធា​។​ក្នុងពេល​ជាមួយគ្នា អាមេរិក​​ដែល​ធ្លាប់​តែមាន​ឧត្តមភាព​យោធា​នៅក្នុង​តំបន់​នេះ តែង​បញ្ជូន​នាវា​យោធា​ទៅ​ល្បាត​ក្នុង​ដែនទឹក​មាន​ជម្លោះ​នេះ ក្នុង​អ្វីដែល​ខ្លួន​ថា​ដើម្បី​ធានា​សេរីភាព​នាវាចរណ៍​៕​ដោយ​៖​វាសនា​