ចិន​ចង់​បើក​មន្ទីរពេទ្យ​ស្តង់ដារ​មួយ​នៅ​កម្ពុជា ខណៈដែល​ពេលនេះ​បាន​កំពុង​សិក្សា​លើ​គម្រោង​សាងសង់​

170

(​ភ្នំពេញ​) : លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​មន្ទីរពេទ្យ អ៊ី​ស៊ី​ចូ​វ ប្រូ​តុ​ន (Yi Zhou Proton) ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​ចិន​មានបំណង​និង​កំពុង​សិក្សា​លើ​គម្រោង​សាង សង់​មន្ទីរពេទ្យ​ដែលមាន​ស្តង់ដា​ដូច​នៅ​ចិន និង​បង្កើត​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​ផងដែរ​។​

​ប្រភព​ទទួល​បានមក​ពី​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លង​ទៅបាន​ឲ្យ​ដឹង ទៀតថា​ក្នុង​ដំណើរ​ទស្ស​កិច្ច​​នៅ​មន្ទីរពេទ្យ​អ៊ី​ស៊ី​ចូ​វ ស្ថិតនៅ​ទីក្រុង​ចូ​វ​ចូ​វ (Zhuozhou) នៃ​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ តាមរយៈ​បទ​បង្ហាញ​របស់​មន្ទីរពេទ្យ​នេះ​បាន​បញ្ជាក់ថា មន្ទីរពេទ្យ​នេះ​មាន​ឯកទេស​ព្យាបាល​ជម្ងឺមហារីក​ដ៏​ធំ​និង​ទំនើប​នៅក្នុង​​ប្រទេស​ចិន​។ មន្ទីរពេទ្យ​នេះ​ត្រូវបាន វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ​៩០​ហិកតា ជាមួយ​ទុនវិនិយោគ​៦,២​ប៊ី​លាន​យន់ ស្មើនឹង​ប្រមាណ ០១​ប៊ី​លាន​ដុល្លា​អាមេរិក និង​មាន​បុគ្គលិក​គ្រូពេទ្យ​ប្រមាណ​៣.០០០​នាក់ បំពេញការងារ​ដោយមាន​បំពាក់ ឧបករណ៍​និង​បរិក្ខារ​​ទំនើប​បំផុត​។​

​ប្រភព​ខាងលើ​បញ្ជាក់ទៀតថា ក្នុង​បរិវេណ​មន្ទីរពេទ្យ​មាន​អាគារ​ព្យាបាល​ជម្ងឺ​ទូទៅ ជម្ងឺមហារីក ព្យាបាល​តាមបែប​គីមី​តាមបែប​កោសិកា តាមបែប​វិទ្យាសាស្ត្រ​ចិន និង​តាមបែប​បស្ចិមប្រទេស ព្រមទាំង​មាន អាគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក គ្រូពេទ្យ មន្ទីរពិសោធន៍ សាលប្រជុំ ភោជនីយដ្ឋាន និង​កន្លែង​ហាត់​កីឡា​។​
​ ​
​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សំដែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ​ព្រោះ​ការបង្កើតបាន​នូវ​មន្ទីរ​​ពេទ្យ​លំដាប់​ស្តង់ដារ​ខ្ពស់ នឹង​ជួយផ្ដល់​ការងារ​ក្នុងស្រុក​និង​ជា​មូលដ្ឋាន​ដ៏ សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ប្រជាជន​។​បើ​គម្រោង​​សាងសង់​មន្ទីរពេទ្យ​នេះ​សម្រេចបាន​ជោគជ័យ នោះ នឹង​ក្លាយជា​មន្ទីរពេទ្យ​ដែល​បម្រើសេវា​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់​ផងដែរ​៕​ដោយ : ពៅ និមល​/sn

​ចិន​បង្ហាញ​គម្រោង​សាងសង់​មន្ទីរពេទ្យ Yi Zhou Proton ជូន​ដល់​លោក​រដ្ឋមន្ត្រី​កម្ពុជា (​រូបថត​ក្រសួង​)