ចិន​ចាប់ខ្លួន​អតីត​មេ​ប៉ូលិស​អន្តរជាតិ​ ពី​បទ​ទទួល​ប្រាក់​សំណូក​

384
ចែករម្លែក

​ចិន​បាន​ចាប់ខ្លួន​ជា​ផ្លូវការ​អតីត​មេ​ប៉ូលិស​អន្តរជាតិ លោក ម៉េង ហុង​វ៉េ (Meng Hongwei)​ ពី​បទ​សង្ស័យ​ទទួល​ប្រាក់​សំណូក ហើយ​ក្រុម​រដ្ឋអាជ្ញា​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​ថា​លោក​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ពុករលួយ​។​

​លោក ម៉េង ហុង​វ៉េ ដែល​ធ្លាប់បាន​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​នេះ បាន​បាត់​ខ្លួន​កាលពី​ខែ​កញ្ញា ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន​ពី​ប្រទេស​បារាំង ជា​ទី​ដែល​ប៉ូលិស​​អន្តរជាតិ​ស្ថិតនៅ ​ហើយក្រោយមក​លោក ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សំណូក​។​

​រដ្ឋអាជ្ញា​ប្រជាជន​ជាន់ខ្ពស់​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ” ក្រុម​រដ្ឋអាជ្ញា​បានសម្រេច​ចាប់ខ្លួន លោក ម៉េង ហុង​វ៉េ ពី​បទ​សង្ស័យ​ទទួល​ប្រាក់​សំណូក ហើយ​​លោក​នឹង​ត្រូវ​បាន​ចោទប្រកាន់​នៅពេល​ឆាប់ៗ​នេះ​”​។​

​លោក ម៉េង ហុង​វ៉េ ត្រូវ​បាន​បណ្តេញ​ពី​បក្ស​កុ​ម្មុយ​នី​ស​ចិន ហើយ​បាន​បាត់បង់​តំណែង​ជា​ផ្លូវការ​របស់​លោក ខណៈ​ដែលក្រសួង​សន្តិសុខ​សាធារណៈ​បាន​ដក​លោក​ពី​ការចូល​​ពាក់ព័ន្ធ​ការងារ​ផ្សេងៗ​ពី​លោក​៕​ដោយ​៖​សុខា​/sn/Ha

អតីត​មេប៉ូលិស​អន្តរជាតិ លោក ម៉េង ហុង​វ៉េ