ចិន​ចេញ​វិធានការ​វិនិយោគ​បើកចំហ​ជាង​មុន​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​

421
ចែករម្លែក

​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយចំនួន​តូច​ទេ​ដែល​បាន​រើ​ទីតាំង​ផលិតកម្ម​របស់គេ​ចេញ​ពី​ចិន នេះ​បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ម្នាក់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​ចំពេល​មាន​​សញ្ញា​ថា​ក្រុមហ៊ុន​ខ្លះ​កំពុង​រើ​ផលិតកម្ម​ពី​ចិន​ទៅកាន់​ប្រទេស​ផ្សេង ដោយសារ​តែ​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​។​

​លោក​ជូ ស៊ី​ជៀ ប្រធាន​នាយកដ្ឋាន​មួយ​នៅ​ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា​បញ្ហា​មិន​គួរ​និយាយ​អោយ​ហួស​ទេ​។​បណ្តា​ក្រុមហ៊ុន​ចិន​ខ្លះ​មាន​ការព្រួយបារម្ភ​នៅ​គ្រា​ដំបូង​នៃ​ការ​​ចាប់ផ្តើម​ជម្លោះ តែ​ឥឡូវ​ពួក​បាន​រកឃើញ​វិធី​ខ្លះ​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិត​និង​បន្ថយ​ផលប៉ះពាល់​។​

​សូមបញ្ជាក់ថា​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ឧស្សាហករ​ចិន​ខ្លះ​បាន​រើ​ផលិតកម្ម​របស់គេ​ទៅកាន់​ប្រទេស​ផ្សេង ដូចជា​វៀតណាម​និង​កម្ពុជា ដោយសារ​ថ្លៃ​ដំណើរការ​អាជីវកម្ម​ខ្ពស់​នៅក្នុង​​ស្រុក​។​ជម្លោះ​ចិន​-​អាម៉េរិក​ក៏​ជំរុញ​និន្នាការ​នេះ ជា​ពិសេស​បណ្តា​ក្រុមហ៊ុន​ផលិត​ទំនិញ​បច្ចេកវិទ្យា​និង​តំលៃ​ទាប​។​

​ដើម្បី​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​អោយ​បន្ត​និង​ចូល​មក​រកស៊ី​នៅ​ចិន​តទៅទៀត រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​ដាក់​ចេញ​វិធានការ​សំរាប់​អោយ​បណ្តា​ក្រុមហ៊ុន​បរទេស​ចូល​​វិនិយោគ​ក្នុង​ទីផ្សារ​ចិន ដោយ​បើកចំហ​ជាង​មុន​និង​អនុញ្ញាត​អោយ​វិនិយោគិន​បរទេស​គ្រប់គ្រង​ភាគហ៊ុន​ភាគច្រើន ឬ​ធ្វើ​ជា​ម្ចាស់​ទាំងស្រុង​នៅក្នុង​វិស័យ​មួយចំនួន​។​

​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​និង​កែ​ទំរង់​ជាតិ (NDRC)​និង​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ដាក់​ចេញ​បញ្ជី​វិនិយោគ​២​សំ​រាប់​ឆ្នាំ​២០១៩ មួយ​សំរាប់​តំបន់​ពាណិជ្ជកម្ម​សេរី​និង​មួយទៀត​​សំរាប់​ផ្នែក​ផ្សេង​ទៀត​របស់​ប្រទេស​។​ឧស្សាហកម្ម វិស័យ​និង​ធុរកិច្ច​ណា​មិន​មាន​រៀបរាប់​ក្នុង​បញ្ជី​នេះ គឺ​បើកចំហ​សំរាប់​ការវិនិយោគ​ចំពោះ​គ្រប់​អ្នកដើរតួ​ទីផ្សារ​ទាំងអស់​។​អាជ្ញា​​ធរ​ចិន​បាន​និយាយថា ការដាក់ចេញ​បញ្ជី​នេះ​បង្ហាញថា​ចិន​តាំងចិត្ត​ពង្រីក​ការបើកចំហ​របស់ខ្លួន ក្នុង​វិស័យ​គមនាគមន៍ ហេដ្ឋារចនាសម្ពន្ធ វប្បធម៌​និង​ទូរគមនាគមន៍​តំលៃ​​បន្ថែម​។​

​ការបើក​ទីផ្សារ​ក៏​ត្រូវបាន​អនុញ្ញាត​សំរាប់​កសិកម្ម រ៉ែ​និង​ឧស្សាហកម្ម​កមន្តសាល​។​ការ​កំហិត​លើ​ការ​ធ្វើ​អាជីវកម្ម​និង​អភិវឌ្ឍន៍​ប្រេង ហ្គាស និង​រ៉ែ​មួយចំនួន​ត្រូវបាន​លុបចោល​សំ​​រាប់​ក្រុមហ៊ុន​បរទេស​។​

​ក្រោយ​ការចេញ​វិធានការ​នេះ ចិន​រំពឹង​ថា​បណ្តា​ក្រុមហ៊ុន​បរទេស​នឹង​ដើរតួនាទី​វិជ្ជមាន​នៅក្នុង​ការអភិវឌ្ឍន៍​ឧស្សាហកម្ម ការរីកចំរើន​បច្ចេក​វិទ្យា​និង​វឌ្ឍនភាព​ជា​ប្រព័ន្ធ​៕ដោយៈវាសនា

ចិន​ទាក់ទាញ​បាន​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)​ចំនួន​១៣៨,៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ ដោយ​ជម្នះ​នឹង​និន្នាការ​សកល​នៃ​ការស្រុតចុះ​FDI

#