ចិន​ចោទប្រកាន់​ត្រាំ​ថា​”​គំរាម​ចាប់បង្ខំ​”​ក្រោយ​គំរាម​វាយ​ពន្ធ​បន្ថែម​

2921
ចែករម្លែក

រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអង្គារទី១៩មិថុនា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា”គំរាមចាប់បង្ខំ” និងបានព្រមានសងសឹកអោយដូចនិងក្នុងទំហំស្មើគ្នា បន្ទាប់ពីប្រធានាធិបតីអាមេរិកបានគំរាមវាយពន្ធថ្មីលើទំនិញចិន ដោយរុញប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ឈានទៅរកសង្រ្គាមពាណិជ្ជកម្ម
មួយ។

ត្រាំបាននិយាយកាលពីថ្ងៃចន្ទថា លោកបានស្នើតំណាងពាណិជ្ជកម្មអាមេរិកអោយពិនិត្យលើទំនិញនាំចូលតំលៃ២០០លានដុល្លារដើម្បីវាយពន្ធ១០ភាគរយ ដោយសំអាងថាចិនបង្កើនពន្ធលើទំនិញអាមេរិកដែលជាចំណាត់ការមិនអាចទទួលយកបាន។

លោកបានបន្ថែមថា លោកនឹងវាយពន្ធលើទំនិញតំលៃ២០០ពាន់លាន អាចសរុប៤៥០ពាន់លាន ឬភាគច្រើននៃទំនិញនាំចូលរបស់ចិន ប្រសិនបើចិនបង្កើនពន្ធជាថ្មី។

ត្រាំបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា” ចំណាត់ការបន្ថែមត្រូវតែប្រកាន់យកដើម្បីលើកទឹកចិត្តអោយចិនប្តូរការប្រតិបត្តិមិនត្រឹមត្រូវរបស់ខ្លួន បើកទីផ្សារសំរាប់ទំនិញអាមេរិកនិងទទួលយកទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកបែបមានតុល្យភាពឡើង”។

កាលពីសប្តាហ៍មុន លោកបានប្រកាសយកពន្ធ២៥ភាគរយលើទំនិញចិន៥០ពាន់លាន ជាហេតុនាំអោយរដ្ឋាភិបាលក្រុងប៉េកាំងសងសឹកដោយវាយពន្ធលើទំនិញអាមេរិកក្នុងតំលៃស្មើគ្នា។

ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃអង្គារបានប្រតិកម្មនឹងការគំរាមរបស់អាមេរិកដោយបាននិយាយថា ការប្រតិបត្តិរបស់អាមេរិកក្នុងការដាក់សម្ពាធខ្លាំងនិងចាប់បង្ខំវាងាកចេញពីការស្រុះស្រួលមតិគ្នាដែលសំរេចឡើងដោយភាគីទាំងពីរក្នុងអំឡុងកិច្ចចរចាជាច្រើនលើកនិងក៏ជាការខកចិត្តចំពោះសហគមន៍អន្តរជាតិ។

ក្រសួងបានព្រមានថា “ប្រសិនបើអាមេរិកធ្វើមិនសមហេតុផលនិងចេញបញ្ជីវាយពន្ធមួយ ចិននឹងមិនមានជំរើសណាក្រៅពីចាត់វិធានការពិស្តារខ្លាំងក្លាមួយឡើយ”។

ព័ត៌មាននេះនាំអោយតំលៃហ៊ុននៅផ្សាក្រុងសៀងហៃ តូក្យូនិងហុងកុងធ្លាក់ចុះកាលពីថ្ងៃ១៩មិថុនា។

ចំណាត់ការរបស់ត្រាំកើតឡើងបន្ទាប់ពីមានកិច្ចការទូតរាប់ខែដោយចិនព្យាយាមទិញទំនិញអាមេរិកបន្ថែម និងសន្យាបើកចំហទីផ្សារបស់ខ្លួនតែនៅតែមិនអាចកាត់បន្ថយបានច្រើនអតុល្យភាពពាណិជ្ជកម្មដ៏ធំជាមួយអាមេរិក។ចិនសុំទិញទំនិញអាមេរិក៧០ពាន់លាន ខណៈត្រាំទាមទារកាត់បន្ថយឱនភាពដល់ទៅ២០០ពាន់លាន។

ចាប់តាំងពីថ្ងៃ១មិថុនាមក ការនាំចូលដែកថែបនិងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប កាណាដានិងម៉ិកស៊ិច បានរងការវាយពន្ធ២៥ភាគរយនិង១០ភាគរយរៀងៗខ្លួន។

អំពីការវាយពន្ធសងសឹករបស់ចិន ត្រាំបាននិយាយថា” ចំណាត់ការចុងក្រោយនេះដោយចិនបង្ហាញច្បាស់ថាចិនតាំងចិត្តរក្សាទុកអាមេរិកក្នុងស្ថានភាពចាញ់ប្រៀបមិនយុត្តិធម៌ជាអចិន្រ្តៃយ៍ ដែលឆ្លុះបញ្ចាំងអតុល្យភាពពាណិជ្ជកម្មដ៏ធំរបស់យើងចំនួន៣៧៦ពាន់លានដុល្លារ។វាមិនអាចទទួលយកបានទេ”។

តាំងពីមុនមក រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តោតលើទំនិញនាំចេញដ៏ធំរបស់អាមេរិកមកចិនដូចជសណ្តែកសៀង ដែលកាលពីឆ្នាំមុនមានតំលៃ១៤ពាន់លានដុល្លារ និងត្រូវគេដាំនៅតាមបណ្តារដ្ឋគាំទ្រលោកត្រាំក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦៕ដោយ:វាសនា

តាំងពីមុនមក រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តោតលើទំនិញនាំចេញដ៏ធំរបស់អាមេរិកមកចិនដូចជាសណ្តែកសៀង