ចិន​ចោទប្រកាន់​អតីត​សមាជិក​ការិយាល័យ​នយោបាយ​ពីបទ​ស៊ីសំណូក​

96

​រដ្ឋអាជ្ញា​ជាន់ខ្ពស់​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៣​កុម្ភៈ​នេះ​ថា អតីត​សមាជិក​ការិយាល័យ​នយោបាយ​មួយរូប ដែល​ធ្លាប់​ត្រូវគេ​មើលឃើញថា​ជា​អ្នក​ប្រជែង​សម្រាប់​តំណែង​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ីសំណូក​។​

​យោងតាម​សេចក្តីថ្លែងការណ៍​នៅលើ​វេ​ប​សាយ​របស់​អគ្គ​រដ្ឋអាជ្ញា​កំពូល​របស់​ប្រជាជន​បានឱ្យដឹងថា លោក ស៊ុន ចេង​កាយ (Sun Zhengcai) អតីត​ប្រធាន​បក្ស​នៃ​ទីក្រុង​ឆុង​ឈី​ង នៅ​ភាគ​និរតី​ប្រទេស “​គួរតែ​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​” សម្រាប់ “​ការស្វែងរក​អត្ថប្រយោជន៍​សម្រាប់​អ្នកដទៃ​” និង “​ការទទួលយក​ប្រាក់​ដ៏​ច្រើន​ដោយ​ខុសច្បាប់​”​។​

​សេចក្តីថ្លែងការណ៍​និយាយថា អគ្គ​រដ្ឋអាជ្ញា​កំពូល​បាន​បញ្ជូន​ករណី​របស់​លោក​ស៊ុន​ទៅកាន់​សាខា​ទីមួយ​នៃ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ប្រជាជន​ក្រុង​ធាន​ជី​ង ដើម្បី​បំពេញ​នូវ​ដំណើរការ​នីតិវិធី​កាត់ទោស​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​បានឱ្យដឹងថា កាលពី​ខែកក្កដា​អ្នកឃ្លាំមើល​កំពូល​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​បើក​ការស៊ើបអង្កេត​ប្រឆាំងនឹង​លោក​ស៊ុន​សម្រាប់ “​ការរំលោភ​វិន័យ​ធ្ងន់ធ្ងរ​” ។​

​លោក ស៊ុន គឺជា​សមាជិក​ដំបូង​គេ​នៃ​ការិយាល័យ​នយោបាយ​ជាន់ខ្ពស់ ដែលមាន​សមាជិក​ចំនួន ២៥ នាក់ ដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត ចាប់តាំងពី​លោក ប៉ាវ ស៊ី​ឡៃ (Bo Xilai) ត្រូវ​ជាប់គុក​អស់​មួយជីវិត កាលពី​ឆ្នាំ ២០១៣ បន្ទាប់ពី​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់លោក​ស៊ី ជីន​ពីង​។​

​លោក​ស៊ុន ត្រូវបាន​បណ្តេញចេញ​ជា​ផ្លូវការ​ពី​បក្ស​កុម្មុយនីស្ត​កាលពី​ខែកញ្ញា ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

លោក ស៊ុន ចេង​កាយ