ចិន​ចោទប្រកាន់​អាម៉េរិក​និង​អង់គ្លេស​ថា​ជ្រៀតជ្រែក ហើយ​ថា​ខ្លួន​មិន​នៅ​ស្ងៀម​ទេ​បើ​បាតុកម្ម​ហុងកុង​លែង​អាច​គ្រប់គ្រង​បាន​

238
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស បាន​ចោទប្រកាន់​អាម៉េរិក​និង​អង់គ្លេស​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន​និង​ហុងកុង នៅពេល​អាជ្ញាធរ​នៅក្នុង​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​នេះ​​កំពុង​តស៊ូ​ទប់ទល់​នឹង​ការតវ៉ា​ប្រឆាំង​អស់​ពេល​រាប់​ខែ​មកនេះ​។​

​លោក លីវ ស៊ា​វ​មី​ញ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា​ថា របាយការណ៍​របស់​រដ្ឋាភិបាល​និង​គណៈកម្មការកិច្ច​ការបរទេស​របស់​សភា​អង់គ្លេស​​រួមមាន​«​សម្តី​មិន​ទទួលខុសត្រូវ​» ដោយ​រិះគន់​រដ្ឋាភិបាល​និង​ប៉ូលិស​ហុងកុង​ចំពោះ​ការដោះស្រាយ​ការតវ៉ា​ប្រឆាំង​។​

​លីវ បាន​និយាយថា «​វា​ធ្វើ​ដូច​ជា​របាយការណ៍​មាន​តុល្យភាព តែ​ការពិត​វា​លម្អៀង​»​។​

​លោក​ក៏​បាន​ចោទប្រកាន់​ពួក​សមាជិក​សភា​អាម៉េរិក អំពី​មានបំណង​«​ជ្រៀតជ្រែក​យ៉ាង​ច្បាស់ក្រឡែត​»​នៅក្នុង​កិច្ចការ​ហុងកុង នៅពេល​សភា​នេះ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​​និង​លទ្ធិប្រជាធិបតេយ្យ​មួយ​។​

​នៅពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ រដ្ឋាភិបាល​ចិន​មានបំណង​ដាក់ពង្រាយ​ទ័ព​ដើម្បី​បំបាត់​ភាពវឹកវរ​នេះ​ទេ លោក​លីវ​បាន​ព្រលយ​ពាក្យ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ត្រៀម​ខ្លួន​ដើម្បី​​ចាត់​វិធា​ការ​ខ្លាំង​ឡើង​។​លោក​ថា «​បើ​សភាពការណ៍​ប្រែជា​មិន​អាច​គ្រប់គ្រង​បាន រដ្ឋាភិបាល​ចិន​ពិតជា​នឹង​មិន​អង្គុយ​ស្ងៀម​ឡើយ​។​យើង​មាន​ដំណោះស្រាយ​និង​កម្លាំង​គ្រប់គ្រាន់​​ដើម្បី​បញ្ចប់​ចលាចល​នេះ​»​។​

​លោក​បាន​បន្តថា «​ខ្ញុំ​គិតថា រដ្ឋាភិបាល​ហុងកុង​បាន​ខិតខំ​ខ្លាំងណាស់ ដើម្បី​គ្រប់គ្រង​សភាពការណ៍​។​តែ​បើ​វា​ប្រែជា​លែង​អាច​គ្រប់គ្រង​បាន រដ្ឋាភិបាលកណ្តាល​នឹង​ពិតជា​មិន​​អង្គុយ​នៅ​ស្ងៀម​….»​។​

​ការលើកឡើង​របស់​អ្នកការទូត​ចិន​រូបនោះ​កើត​ឡើង​ក្រោយ​ពី​ទាហាន​ចិន​បានបង្ហាញ​វត្តមាន​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ហុងកុង​មួយ​ភ្លែត​កាលពី​សប្តាហ៍​មុន​តែ​មិនមែន​ដើម្បី​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ទេ គឺ​ចេញ​មក​ជួយ​បោសសម្អាត​សម្រាម​និង​ប្រមូល​ដុំឥដ្ឋ​ដែល​ពួក​បាតុករ​បន្សល់​ទុក​រាយ​ប៉ាយ​លើផ្លូវ​។​

​លោក​លីវ​បាន​និយាយថា «​ពួកគេ​នៅ​ទីនោះ​ដើម្បី​បង្ហាញ​អធិបតេយ្យភាព​របស់​ចិន និង​ពួក​គេ​នៅ​ទីនោះ​ដើម្បី​ការពា​រគោល​ដំណង​នេះ​»​។​

​លោក​លីវ បាន​ព្រមាន​ប្រឆាំង​«​ការជ្រៀតជ្រែក​មក​ពី​ខាងក្រៅ​» នៅក្នុង​កិច្ចការ​ចិន ដោយ​បាន​ចង្អុល​ទៅកាន់​អង់គ្លេស​និង​អាម៉េរិក ហើយ​ចោទប្រកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ​ថា​គាំទ្រ​អំពើហិង្សា​របស់​អ្នកប្រឆាំង​តវ៉ា​។​លោក​ក៏​ចោទប្រកាន់​ពួក​បាតុក​រថា​ព្យាយាម​បង្ក​អស្ថិរភាព​និង​ធ្វើអោយ​ទីក្រុង​ហុងកុង​ជាប់គាំង​ដើម្បី​«​ដណ្តើម​អំណាច​»​នៅក្នុង​​ការជំរុញ​ឯករាជ្យភាព​៕​ដោយ​៖​វាសនា​