ចិន​ចោទប្រកាន់​អាម៉េរិក​ថា​ជ្រៀតជ្រែក​ដោយសារតែ​សម្តែង​ការព្រួយបារម្ភ​អំពី​ច្បាប់​ហុងកុង​

222
ចែករម្លែក

​ចិន​បាន​រិះគន់​អាម៉េរិក​ថា​និយាយ​គ្មាន​ការទទួលខុសត្រូវ​និង​បាន​ចោទប្រកាន់​ថា​បាន​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​​ បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​​អាម៉េរិក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សម្តែង​ការព្រួយបារម្ភ​ជា​ពន់ពេក​អំពី​ការផ្លាស់ប្តូរ​ច្បាប់​ហុងកុង​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យមាន​ការធ្វើ​បត្យាប័ន​បុគ្គល​​ទៅកាន់​ចិនដីគោក​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា បញ្ហា​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​​របស់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួង​លោក ហ្គេង សួង បាន​ប្រាប់​សន្និសីទកាសែត​ជា​ទៀតងទាត់​មួយ​ថា «​ខ្ញុំ​ចង់​បញ្ជាក់​ជា​ថ្មី​ថា កិច្ចការ​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ​។​គ្មាន​ប្រទេស​​ឬ​អង្គការ​ណាមួយ​មាន​សិទ្ធិ​ជ្រៀតជ្រែក​ទេ​។​ភាគី​ចិន​មិន​សប្បាយចិត្ត​ទាល់តែសោះ​ចំពោះ​រឿង​នេះ​និង​ប្រឆាំង​ដាច់ខាត​ចំពោះ​សម្តី​គ្មាន​ការទទួលខុសត្រូវ​និង​ខុសឆ្គង​ធ្វើឡើង​​ដោយ​អាម៉េរិក ពាក់ព័ន្ធ​នឹង​ការកែប្រែ​ច្បាប់​ហុងកុង​»​។​

​សូមបញ្ជាក់​ថា ហុងកុង​ដែល​ត្រូវ​អង់គ្លេស​ប្រគល់​ឲ្យចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ដំណើរការ​ក្រោម​គោលការណ៍​« ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ដែល​អនុញ្ញាត​ឲ្យ​អតីត​ទឹក​​ដី​អាណានិគម​អង់គ្លេស​មួយ​នេះ មាន​ស្វ័យភាព​ក្នុង​កម្រិត​មួយ​ពី​មហា​ចិនដីគោក​។​

​ការប្រឆាំង​តវ៉ា​ដ៏​សែន​ធំ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​មិថុនា ត្រូវ​បាន​បង្កឡើង​ដោយ​ការព្រួយបារម្ភ​ខ្លាចក្រែង​ការផ្លាស់ប្តូរ​ច្បាប់​បត្យាប័ន​នេះ​នឹង​ធ្វើឲ្យ​រេចរឹល​ស្វ័យភាព​ហុងកុង​និង​​ឯករាជ្យភាព​ប្រព័ន្ធ​ច្បាប់​របស់​វា​។​អាម៉េរិក​ក៏​ព្រួយបារម្ភ​ខ្លាចក្រែង​ការកែប្រែ​ច្បាប់​នោះ​នឹង​បំផ្លាញ​បរិយាកាស​ធុរកិច្ច​របស់​ហុងកុង​ហើយ​ដាក់​ពលរដ្ឋ​អាម៉េរិក​ដែល​រស់នៅ​ឬ​មក​​លេង​ហុងកុង​ឲ្យនៅក្រោម​ប្រព័ន្ធ​តុលាការ​ចិន​។​

បាតុករ​រាប់ម៉ឺន​នាក់​នៅ​ហុងកុង​បង្ហាញ​ការប្រឆាំង​នឹង​ផែនការ​អនុញ្ញាត​អោយមាន​ការធ្វើ​បត្យាប័ន​ទៅ​ចិន​កាលពី​ថ្ងៃ​៩​មិថុនា​

​តែ​លោក​ហ្គេង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​លើកឡើង​ថា ការកែប្រែ​ច្បាប់​នេះ​ត្រូវបាន​ជំរុញ​ឲ្យ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ហុងកុង​«​ស្តាប់​យោបល់​ពី​វិស័យ​ផ្សេងៗ​​នៃ​សហគមន៍​»​ដែលនាំឲ្យ​មាន​ការកែ​ប្រែ​២​ក្នុង​ពង្រាង​ច្បាប់​បច្ចុប្បន្ន​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ត​គាំទ្រ​រដ្ឋាភិបាល​ហុងកុង​និង​ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​មក​ពី​ខាង​​ក្រៅ​ចូលក្នុង​កិច្ចការ​អង្គ​នីតិបញ្ញត្តិ​របស់​ទឹកដី​នេះ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ហុងកុង​បាន​ប្តេជ្ញា​បន្ត​ពិភាក្សា​កែប្រែ​ច្បាប់​នេះ​និង​អនុម័ត​វា​ក្នុង​សភា​នៅ​ថ្ងៃ​២០​មិថុនា​ខាង​មុខ​ទោះជា​មាន​ការប្រឆាំង​ដ៏​ធំ​កាលពី​ថ្ងៃ​អាទិត្យ​និង​​ការតវ៉ា​ប្រឆាំង​ទ្រង់ទ្រាយ​តូច​នៅ​ថ្ងៃ​១២​មិថុនា​នេះ​៕​ដោយៈ​វាសនា​/Ha