ចិន​ចោទ​អាមេរិក​ថា​ព្យាយាម​រារាំង​ការអភិវឌ្ឍ​បច្ចេកវិជ្ជា​របស់ខ្លួន​

382
ចែករម្លែក

​រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កុម្ភៈ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពីបទ​ព្យាយាម​រារាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម​របស់​ចិន ដោយ​ចោទប្រកាន់ថា​ឧបករណ៍​បណ្តាញទូរស័ព្ទ​ចល័ត​របស់​ចិន​បង្ក​ការគំរាមកំហែង​ដល់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​បណ្តា​ប្រទេស​នានា​ដែល​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ថ្មី​នេះ​។​

​ហើយ​នៅក្នុង​ការលើកឡើង​មួយ​ដែល​ផ្ទុយ​ពី​កិច្ចប្រឹងប្រែង​របស់​អាមេរិក​ដើម្បី​កេណ្ឌ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឱ្យ​គាំទ្រ​លើ​បញ្ហា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយការណ៍​ថា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អង់គ្លេស​បាន​រកឃើញថា​ខ្លួន​អាច​ទប់ស្កាត់បាន​នូវ​ហានិភ័យ​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ឧបករណ៍​របស់​ចិន​នៅក្នុង​បណ្តាញ 5G ។​

​សហរដ្ឋអាមេរិក​អះអាងថា ប៉េកាំង​អាច​ប្រើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន​ដើម្បី​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​ពី​បរទេស​។ រដ្ឋបាល​ត្រាំ​បានដាក់​សម្ពាធ​លើ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​កុំឱ្យ​ប្រើ​បណ្តាញ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Huawei Technologies ដោយ​គំរាមកំហែង​ដល់​ការចូល​ទៅកាន់​ទីផ្សារ​រ​បស់​ក្រុមហ៊ុន​មួយ​នេះ​សម្រាប់​ឧបករណ៍​ឥត​ខ្សែ​ជំនាន់​ក្រោយ​។​

​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​បំផុត​លើ​ពិភពលោក​បាន​បដិសេធ​ការចោទប្រកាន់ថា ខ្លួន​បាន​សម្របសម្រួល​ដល់​ចារកម្ម​ចិន​ហើយ​បាន​និយាយថា​ខ្លួន​នឹង​បដិសេធ​រាល់​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​នានា​ដើម្បី​បង្ហាញ​ព័ត៌មាន​សម្ងាត់​អំពី​អតិថិជន​បរទេស​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​កេង សួង​បាន​និយាយថា រដ្ឋាភិបាល​អាមេរិក​កំពុង​ព្យាយាម​បង្កើត​លេស​ដើម្បី​បង្ក្រាប​ការអភិវឌ្ឍ​ស្របច្បាប់​របស់​សហគ្រាស​ចិន​។ គាត់​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​ប្រើ “​មធ្យោបាយ​នយោបាយ​” ដើម្បី​ជ្រៀតជ្រែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ច “​ដែលមាន​លក្ខណៈ​លាក់ពុត អសីលធម៌ និង​អយុត្តិធម៌​”​។​

​អនុប្រធាន​អាមេរិក​លោក​ម៉ៃ ផេ​ន ដែល​និយាយ​កាលពី​ចុង​សប្តាហ៍​នៅ​អាល្លឺម៉ង់ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ឱ្យ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ “​ការគំរាមកំហែង​” ដែល​លោក​បាន​និយាយថា​បង្កឡើង​ដោយ​ក្រុមហ៊ុន Huawei ខណៈដែល​ពួកគេ​ស្វែងរក​ដៃគូ​ដើម្បី​បង្កើត​បណ្តាញទូរស័ព្ទ 5G ថ្មី​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​ម្នាក់​ដើរកាត់​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង