ចិន​ចោទ​អាម៉េរិក​ថា “​ញុះញង់​ឱ្យមាន​ចលាចល​” នៅ​ហុងកុង​

142
ចែករម្លែក

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​បាន​ប្រាប់​អាម៉េរិក​ឱ្យនៅ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន បន្ទាប់ពី​សមាជិកសភា​អាម៉េរិក​មួយចំនួន​រួមមាន​ទាំង​ប្រធានសភា​តំណាងរាស្ត្រ​លោកស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី​និង​មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោក​មី​ត ម៉ាក​ខូ​ន​នែ​ល បាន​ថ្កោលទោស​នូវ​អ្វីដែល​ពួកគេ​ហៅថា​ការប្រព្រឹត្ត​ហិង្សា​ដោយ​ប៉ូលិស​ប្រឆាំងនឹង​ក្រុមបាតុករ​នៅ​ហុងកុង​។​

​ទីក្រុង​ហុងកុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែលជា​រឿយៗ​មាន​អំពើហិង្សា​អស់​រយៈពេល ៩ សប្តាហ៍​មកហើយ​នៅក្នុង​វិបត្តិ​នយោបាយ​ដ៏​ជ្រាលជ្រៅ​បំផុត​សម្រាប់​ដែនដី​នេះ​ចាប់តាំងពី​វា​ត្រូវបាន​អង់គ្លេស​ប្រគល់​ឱ្យទៅ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ ១៩៩៧​។​

​សហរដ្ឋ​អាម៉េរិក​បាន​បដិសេធ​ការលើកឡើង​របស់​ចិន​ថា ខ្លួន​មាន​បាតដៃ​ខ្មៅ​នៅក្នុង​ភាពចលាចល​នៅ​ហុងកុង​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា ការអត្ថាធិប្បាយ​របស់​សមាជិកសភា​អាម៉េរិក​ក្នុង​ខែ​នេះ​គឺជា​ភស្តុតាង​បង្ហាញថា​ប្រទេស​នេះ​កំពុង​ព្យាយាម​ញុះញង់​ឱ្យមាន​ភាពវឹកវរ​។​

​លោកស្រី​ហួ ឈុន​យី​ង អ្នកនាំពាក្យ​ក្រសួង​បាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​បាន​បដិសេធ​ការចូលរួម​របស់ខ្លួន​ក្នុង​ឧបទ្ទវហេតុ​ហិង្សា​ដែល​កំពុង​បន្ត​កើតមានឡើង​នៅ​ហុងកុង​។ ទោះយ៉ាងណា មតិយោបល់​របស់​សមា​ជិ​ក​សភា​អាម៉េរិក​ទាំងនោះ​បានផ្តល់​ឱ្យ​ពិភពលោក​នូវ​ភស្តុតាង​ថ្មី​និង​មាន​ឥទ្ធិពល​លើ​ការចូលរួម​ពាក់ព័ន្ធ​របស់​ប្រទេស​នេះ​។ ដោយមាន​ភាព​ធ្វេសប្រហែស​និង​បំភ្លៃ​ការពិត ពួកគេ​បាន​បិទបាំង​ឧក្រិដ្ឋកម្ម​ហិង្សា​ថា​ជាការ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស​និង​សេរីភាព​ទៅវិញ ហើយ​បាន​បកស្រាយ​ខុស​ដោយ​ចេតនា​ទៅលើ​ការងារ​របស់​ប៉ូលិស​ហុងកុង​ថា​ជាការ​បង្ក្រាប​ដោយ​ហិង្សា នៅពេលដែល​ប៉ូលិស​គ្រាន់តែ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​”៕ ដោយ៖ កញ្ញាដាលីស

ចិន​ប្រាប់​អាម៉េរិក​ឱ្យនៅ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទះ​ក្នុង​របស់ខ្លួន បន្ទាប់ពី​ពួក​សមាជិកសភា​អាម៉េរិក​ថ្កោលទោស​ប៉ូលិស​ហុងកុង