ចិន​ច្រានចោល​ការស្តីបន្ទោស​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន​អំពី​សមុទ្រ​ចិន​ខាងត្បូង​

563
ចែករម្លែក

ចិនបានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធឺតេឱ្យរដ្ឋាភិបាលក្រុងប៉េកាំងពិចារណាឡើងវិញនូវការប្រព្រឹត្ដរបស់ខ្លួននៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ទី១៦សីហាដោយនិយាយថាចិនមានសិទ្ធិប្រតិកម្មចំពោះនាវាឬយន្តហោះបរទេសដែលស្ថិតនៅជិតកោះរបស់ខ្លួន។

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បាននិយាយថា ចិនមិនមានសិទ្ធិក្នុងការបណ្តេញយន្តហោះនិងទូកបរទេសដែលឆ្លងកាត់កោះសិប្បនិម្មិតរបស់ខ្លួននៅផ្លូវទឹកដែលមានជម្លោះនោះទេហើយថាលោកសង្ឃឹមថាចិននឹងកាត់បន្ថយ ឥរិយាបថរបស់ខ្លួននិងបញ្ឈប់ការរឹតត្បិត។

នៅក្នុងសេចក្តីថ្លៃងការណ៍មួយ ក្រសួងការបរទេសចិន បាននិយាយថា ប្រជុំកោះSpratlyជាទឹកដីរបស់ចិន ហើយថា ចិនគោរពសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរដែលប្រទេសទាំងអស់ រីករាយក្នុងការធ្វើនៅសមុទ្រចិនខាងត្បូង ក្រោមច្បាប់អន្តរជាតិ។

ប៉ុន្តែចិនមានសិទ្ធិចាត់វិធានការចាំបាច់ដើម្បីឆ្លើយតបទៅនឹងយន្តហោះនិងនាវាបរទេសដែលមានចេតនាឈ្លានពានឬចូលទៅក្នុងដែនអាកាសនិងដែនទឹកនៅក្បែប្រជុំរកោះរបស់ចិននិងធ្វើសកម្មភាពបង្កហេតុដែលគំរាមកំហែងដល់សន្តិសុខរបស់កងទ័ពចិនដែលឈរជើងនៅទីនោះ “។នេះបើយោងតាមសេចក្តីថ្លៃងការណ៍របស់ក្រសួងការបរទេសចិន។

ក្រសួងការបរទេសចិន បាននិយាយថា ចិនទទូចដល់ភាគីពាក់ព័ន្ធ ធ្វើទំនាក់ទំនងល្អជាមួយចិនហើយរួមគ្នាការពារស្ថានភាពល្អបច្ចុប្បន្នដែលមិនងាយទទួលបាននៅសមុទ្រចិនខាងត្បូងនេះ ។

ចិន កោះតៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងព្រុយណេ អះអាងសិទ្ធិកាន់កាប់តែរៀងខ្លួនលើប្រជុំកោះ Spratlyជាកន្លែងដែលចិនបានប្រែក្លាយកោះថ្មប៉ប្រះទឹកទៅជាកោះសិប្បនិម្មិត ដែលទំនង ជាមានវត្តមានយោធារបស់ខ្លួនដែលបញ្ជាឱ្យនាវាបរទេសចាកចេញឆ្ងាយពី ប្រជុំកោះនោះ៕

សំណង់អគារចិន នៅប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង (រូបថតឯកសារឆ្នាំ២០១៧)