ចិន​ជាង​៣០០​នាក់​បន្ថែម​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ហ្វីលីពីន​ពីបទ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​អ៊ិន​ធឺ​ណែ​ត​

208
ចែករម្លែក

​ភ្នាក់ងារ​អន្តោប្រវេសន៍​ហ្វីលីពីន​ដែល​គាំទ្រ​ដោយ​កងទ័ព បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ជាង​៣០០ នាក់​ពី​បទ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​តាម​អ៊ិន​ធឺ​ណែ​ត​គឺ​មួយ​សប្តាហ៍​បន្ទាប់​ពី​ចំនួន​​មនុស្ស​ប្រហាក់ប្រហែលគ្នា​នេះ​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងអំឡុងពេល​នៃ​ការឆ្ម​ក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​វិនិយោគ​។​

​ការិយាល័យ​អន្តោប្រវេសន៍​ហ្វីលីពីន​នេះ កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​បា​និយាយថា​ជនជាតិ​ចិន​៣២៤​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​Puerto Princesa នៅ​កោះ​Palawan ​ក្នុង​អំឡុងពេល​ធ្វើ​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ចន្ទ​។​

​ការិយាល័យ​អន្តោប្រវេសន៍​នេះ​បាន​និយាយ​នៅ​សន្និសីទ​កាសែត​ថា​”​ជនបរទេស​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​សណ្ឋាគារ​ចំនួន​៨​និង​នៅតាម​ផ្ទះ​មួយ​ចំនួន​ទៀត​ជា​កន្លែង​​ដែល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ធ្វើ​សកម្មភាព​ខុសច្បាប់​របស់​ពួកគេ​” ។​

​ស្នងការ​អន្តោប្រវេសន៍ លោក Jaime Morente បាន​និយាយថា​ពួក​អ្នកជាប់ឃុំឃាំង​ដែល​ភាគច្រើន​គ្មាន​ឯកសារ​នោះ នឹង​ត្រូវ​បាន​បណ្តេញចេញ​តាម​នីតិវិធី​។​

​លោក​បាន​បន្ថែមថា ការិយាល័យ​របស់​លោក​នឹង​បន្ត​ចាប់ខ្លួន​និង​បណ្តេញ​ជនបរទេស​ខុសច្បាប់​ចេញ​ជាពិសេស ពួក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្បែងស៊ីសង​តាម​អ៊ិន​​ធឺ​ណែ​ត ដោយ​គ្មាន​ការអនុញ្ញាត ការ​បោក​បញ្ឆោត​តាម​អ៊ិន​ធឺរ​ណែ​ត និង​ការបោកប្រាស់​វិនិយោគ​ដែល​បោក​បញ្ឆោត​ជនរងគ្រោះ​ដែល​ជឿ​ទុកចិត្ត​ដែល​ភាគច្រើន​ជា​ជន​​បរទេស​៕​ដោយ​៖​សុខា​/sn

​​មន្ត្រី​ប៉ូលិស​ហ្វីលីពីន​ធ្វើ​សន្និសីទកាសែត​អំពី​ការចាប់ខ្លួន​ជនជាតិ​ចិន​ច្រើន​នាក់​ពី​បទ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​អ៊ិន​ធឺ​ណែ​ត​