ចិន​ជា​អ្នក​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើនជាងគេ​និង​ក៏​ជា​អ្នក​ផលិត​ថាមពល​កកើត​ឡើងវិញ​ច្រើនជាងគេ​

268
ចែករម្លែក

​ខណៈ​ពួក​មេដឹកនាំ​ពិភពលោក​ជួបជុំគ្នា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​ពិភាក្សា​អំពី​វិធី​កាត់​បន្ថយកម្តៅ​ផែនដី ការចាប់អារម្មណ៍​បាន​ធ្លាក់​ទៅលើ​ប្រទេស​ចិន​ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើនជាងគេ​។​

​ចិន​បាន​ដុត​ធ្យូងថ្ម​ប្រហែល​ពាក់កណ្តាល​នៃ​ធ្យូងថ្ម​ដែល​បាន​ប្រើប្រាស់​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំៗ​។ នៅ​ចន្លោះ​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១៨ ការ​បំ​ភាយ​កាបូន​ប្រចាំឆ្នាំ​របស់​ចិន​មាន​ចំនួន​កើនឡើង​ជិត​បី​ដង ហើយ​ឥឡូវ​វា​មាន​ប្រហែល ៣០ ភាគរយ​នៃ​ចំនួន​សរុប​របស់​ពិភពលោក​។ ប៉ុន្តែ​ចិន​ក៏​ជាទី​ផ្សារ​ឈានមុខ​គេ​ផងដែរ​សម្រាប់​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ ទួ​ប៊ី​ន​ខ្យល់ និង យានយន្ត​អគ្គិសនី ហើយ​ចិន​បាន​ផលិត​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រមាណ ២ ភាគ ៣ ដែល​បាន​ដំឡើង​នៅ​ទូទាំង​ពិភពលោក​។​

​លោក កេ​វីន ទូ អ្នកជំនាញ​មកពី​ទីក្រុង​ប៉េកាំង​នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​ថាមពល​សកល​នៃ​សាកលវិទ្យាល័យ​កូ​ឡុំ​បៀ​បាន​និយាយថា “​យើង​កំពុងតែ​មើលឃើញ​នូវ​ភាពផ្ទុយ​គ្នា​ជាច្រើន​នៅក្នុង​ការអភិវឌ្ឍ​ថាមពល​របស់​ចិន​។ ចិន​ជាទី​ផ្សារ​ធ្យូងថ្ម​ធំជាងគេ​និង​ជាទី​ផ្សារ​ថាមពល​ស្អាត​ធំជាងគេ​នៅលើ​ពិភពលោក​”​។​

​ភាព​ផ្ទុយគ្នា​ជាក់ស្តែង​នោះ​អាចទៅរួច ដោយសារតែ​ទំហំ​នៃ​តម្រូវការ​ថាមពល​រប​ស់​ចិន​។​

​ប៉ុន្តែ​នៅពេលដែល​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ ដោយមាន​កំណើន​ប្រហែល ៦​ភាគរយ​យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល ពួក​អ្នកធ្វើ​គោលនយោបាយ​កំពុង​បង្កើន​ការគាំទ្រ​ទ្វេដង​សម្រាប់​ធ្យូងថ្ម​និង​ឧស្សាហកម្ម​ធុន​ធ្ងន់​ដទៃទៀត ដែលជា​ឆ្អឹងខ្នង​ប្រពៃណី​នៃ​ប្រព័ន្ធ​ថាមពល​និង​សេដ្ឋកិច្ច​របស់​ចិន​។ ទន្ទឹមនឹង​នេះដែរ ចិន​កំពុង​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​សម្រាប់​ថាមពល​កកើត​ឡើងវិញ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំនេះ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ តំណាង​រដ្ឋាភិបាល​នានា​នឹងដាក់​ចេញ​នូវ​លទ្ធផល​ចុងក្រោយ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ដែល​បានដាក់​គោលដៅ​ដើម្បី​កំណត់​កម្តៅ​ផែនដី​នាពេល​អនាគត​ពី ១,៥ ទៅ ២ អង្សា​នៅលើ​កម្រិត​អាកាសធាតុ មុន​ឧស្សាហកម្ម​។ ប្រជាជាតិ​នានា​នឹងត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​អំពី​វិធី​ដើម្បី​សម្រេច​វា​ឱ្យបាន​។​

​កន្លងមក ចិន​បាន​ប្តេជ្ញា​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ ២០ ភាគរយ​រួមមាន​ថាមពលនុយក្លេអ៊ែរ​និង​វា​រី​អគ្គិសនី​។ អ្នកជំនាញ​អាកាសធាតុ​ជាទូទៅ​យល់ស្រប​ថា​ទិសដៅ​ដំបូង​ដែល​បាន​សន្យា​នៅ​ទីក្រុង​ប៉ារីស​នឹងមិន​គ្រប់គ្រាន់​ដើម្បី​ឈានដល់​គោលដៅ​រួម​នោះទេ ហើយ​នៅ​ឆ្នាំក្រោយ​ប្រទេស​នានា​តម្រូវឱ្យ​បង្ហាញ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​បន្ថែម​ទៀត​។​

​ក្តីសង្ឃឹម​ថា​ចិន​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​បន្ថយ​ការ​បំ​ភាយ​នោះ កំពុងតែ​រសាត់​ទៅ​ឆ្ងាយ​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​និង​រូបភាព​ផ្កាយរណប​បង្ហាញថា ចិន​កំពុង​សាងសង់​ឬ​គ្រោង​នឹង​សង់​រួចរាល់​នូវ​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ដែលមាន​កម្លាំង​សរុប ១៤៨ ជី​ហ្គា​វ៉ា​ត់វ៉ា​ត់ ពោលគឺ​ជិត​ស្មើនឹង​ថាមពល​ធ្យូងថ្ម​ទាំងស្រុង​របស់​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ នេះ​បើ​យោងតាម​ការវិភាគ​រប​ស់​អង្គការ Global Energy Monitor មាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។​

​ទន្ទឹមនឹងនេះ ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​របស់​ចិន​បាន​ធ្លាក់ចុះ​ជិត ៤០ ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុននេះ​យោងតាម​អង្គការ​ស្រាវជ្រាវ​ថាមពល​ថ្មី Bloomberg New Energy Finance​។ រដ្ឋាភិបាល​បាន​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​សម្រាប់​ថាមពល​ពន្លឺព្រះអាទិត្យ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ចិន​ជា​អ្នក​ផលិត​ថាមពល​កកើត​ឡើងវិញ​ច្រើន​បំផុត​លើ​លោក