ចិន​ជំរុញ​សហរដ្ឋ​អាម៉េរិក​ឱ្យ​បញ្ឈប់​សម្ញែង​”​កម្លាំង​” នៅ​សមុទ្រ​ចិន​ខាងត្បូង​

219
ចែករម្លែក

​ចិន​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​វិច្ឆិកា​បាន​ទទូច​ដល់​យោធោ​អាម៉េរិ​កឱ្យបញ្ឈប់ “​បង្ហាញ​សាច់ដុំ​យោធា​”​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ ។​

​អ្នកនាំពាក្យ​ក្រសួង​ការការពារ​ជាតិចិន លោក​វូ ឈាន បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​ស្ថិត​នៅក្នុង​ចំណោម​បញ្ហា​​ជាច្រើន​ដែល​ត្រូវបាន​លើក​មក​ពិភាក្សា​កាលពី​ពេលមុន​នេះ នៅពេល លោក​ម៉ាក អ៊ី​ស​ភើ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​បាន​ធ្វើ​កិច្ច​ជំនួប​ជា​លើក​ទី​មួយ​ជាមួយ លោក វេ ហ្វុង​ហ្គឿ​ រដ្ឋមន្ត្រី​ការពារ​ជាតិចិន ។ ពួកគេ​បាន​ជួប​ពិភាក្សា​អស់​ពេល​ជាង​កន្លះ​ម៉ោង​នៅ​ក្រៅ​កិច្ចប្រជុំ​នៃ​ក្រុម​មន្ត្រី​ការពារ​ជាតិ​អាស៊ី​។​

​លោក​ម៉ាក អ៊ី​ស​ភើ បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​ថា “​យើង​បាន​ព្រមព្រៀង​បន្តធ្វើ​ជំនួប​និង​ចូលរួម​ញឹកញាប់​។ យើង​បន្ត​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​​លើ​បញ្ហា​មួយចំនួន​”​។​

​សមុទ្រ​ចិន​ខាងត្បូង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​គឺជា​ចំណុច​នៃ​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ ចិន​អះអាង​ថា​សមុទ្រ​ចិន​ខាងត្បូង​​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន​ប៉ុន្តែ រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​អាស៊ី​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​ទាមទារ​សិទ្ធិ​កាន់កាប់​លើ​តំបន់​ត្រួតស៊ីគ្នា​នោះ​ផង​ដែរ​។​សហរដ្ឋ​អាម៉េរិក​មិនមាន ចំណែក​ទឹកដី​ទេ ប៉ុន្តែ​បាន​បញ្ជូន​នាវា​កងទ័ពជើងទឹក​ជា​ច្រើន​គ្រឿង​បើក​កាត់​តាម​តំបន់​នានា​នៃ​សមុទ្រ​នេះ ដែល​ចិន​ចាត់ទុកថា​ជា​ដែន​ទឹកដី​របស់​ខ្លួន​។​

​លោក​វូ ឈាន បាន​និយាយ​នៅ​សន្និសីទកាសែត​ថា លោក ម៉ាក អ៊ី​ស​ភើ និង លោក​វេ ហ្វុង​ហ្គឿ បាន​ធ្វើ​ជំនួប​ពិភាក្សា​ប្រកបដោយ​”​វិជ្ជមាន​និង​ស្ថាបនា​” និង “​បាន​ព្រមព្រៀង​​គ្នា​លើ​វិស័យ​ជាច្រើន​” ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ពេញចិត្ត​ចំពោះ​វត្តមាន​កងទ័ពជើងទឹក​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​លោក វូ ឈាន បាន​និយាយថា​លោក វេ ហ្វុង​ហ្គឿ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការប្តេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការការពារ​”​អធិបតេយ្យភាព​ទឹកដី​និង​សិទ្ធិ​និង​ផលប្រយោជន៍​សមុទ្រ​នៅ​សមុទ្រ​​ចិន​ខាងត្បូង​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​វេ ហ្វុង​ហ្គឿ​(​ឆ្វេង​) ស្វាគមន៍ លោក​ម៉ាក អ៊ី​ស​ភើ នៅក្នុង​ជំនួប​ពិភាក្សា​មួយ នៅ​ទីក្រុង​បាងកក នៅ​ពី​ថ្ងៃ​ចន្ទ​ទី​១៨​ខែវិច្ឆិកា​