ចិន​ជំរុញ​ឱ្យ​កាណាដា​ដោះលែង​នាយក​ប្រតិបត្តិ Huawei ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​

221
ចែករម្លែក

​ចិន​បាន​ជំ​រុញឱ្យ​កាណាដា “​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់ខ្លួន​” និង​ដោះលែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​ចាប់ខ្លួន​ម្នាក់​នៅក្នុង​សេចក្តីអធិប្បាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​ស្តីពី​ការតែងតាំង​ឯកអគ្គរដ្ឋទូត​កាណាដា​ថ្មី​ប្រចាំ​ប្រទេស​។​

​ទំនាក់ទំនង​រវាង​ចិន​និង​កាណាដា​ត្រូវបាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នៅពេលដែល​លោកស្រី​ម៉េង វ៉ាន់​ចូ​វ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​និង​ជា​កូនស្រី​របស់​ស្ថាបនិក ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​វ៉ាន់​ខូ​វើ​កាលពី​ថ្ងៃទី ១ ខែធ្នូ​ឆ្នាំមុន តាម​សំណើ​របស់​សហរដ្ឋ​អាម៉េរិក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក កេង សួង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា “​បច្ចុប្បន្ននេះ ទំនាក់ទំនង​ចិន​-​កាណាដា​កំពុង​ជួប​ការលំបាក​ធ្ងន់ធ្ងរ​។ យើង​ទទូច​ដល់​ភាគី​កាណាដា​ឱ្យ​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់ខ្លួន យកចិត្តទុកដាក់​ចំពោះ​ជំហរ​និង​ក្តីបារម្ភ​របស់​ចិន​យ៉ាង​ម៉ឺងម៉ាត់ និង​ដោះលែង​ជាបន្ទាន់​នូវ​លោកស្រី​ម៉េង វ៉ាន់​ចូ​វ​និង​អនុញ្ញាតឱ្យ​លោកស្រី​វិលត្រឡប់​មកវិញ​ដោយ​សុវត្ថិភាព​”​។​

​លោក​កេង​បាន​និយាយថា ចិន​សង្ឃឹមថា​ប្រេសិត​ថ្មី​លោក ដូ​មី​និក បា​ថុ​ន អាច​ដើរតួ​យ៉ាងសកម្ម​ក្នុងការ​ភ្ជាប់​ចំណងទាក់ទង​ទៅរក “​ផ្លូវ​ធម្មតា​វិញ​” ហើយ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ក្តីបារម្ភ​របស់​ចិន​។ លោក​បាន​និយាយថា​កាណាដា​ទទួលខុសត្រូវ​ចំពោះ​ភាព​តានតឹង​បច្ចុប្បន្ន​។​

​នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​មុន លោក ច​ន ម៉ាក​ខាល់​លុម បន្ទាប់ពី​លោក​បាន​និយាយថា​វា​ពិតជា​អស្ចារ្យ​ណាស់​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​ទម្លាក់​ចុះ​សំណើ​ធ្វើ​បត្យាប័ន​របស់ខ្លួន​ចំពោះ​លោកស្រី​ម៉េង​។ លោកស្រី​ត្រូវបាន​សហរដ្ឋ​អាម៉េរិក​តាម​ចាប់ខ្លួន​ពីបទ​ឆបោក ហើយ​បច្ចុប្បន្ន​លោកស្រី​កំពុង​រស់នៅ​ក្រៅ​ឃុំ​នៅ​ទីក្រុង​វ៉ាន់​ខូ​វើ ហើយ​រស់នៅ​ក្នុងផ្ទះ​តម្លៃ​រាប់លាន​ដុល្លារ​របស់លោក​ស្រី ដោយ​រង់ចាំ​ការធ្វើ​បត្យាប័ន​។​

​នៅក្នុង​ការសង​សឹក​ជាក់​ស្តែង​តិចជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​ការចាប់ខ្លួន​លោកស្រី ចិន​បាន​ឃុំខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ពីបទ​សង្ស័យ​លួច​យក​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ​។ អតីត​អ្នកការទូត​លោក​ម៉ៃ​ឃើ​ល កូវ​រីក និង​អ្នកជំនួញ​លោក ម៉ៃ​ឃើ​ល ស្ប៉ា​វ៉ូ ត្រូវបាន​គេ​បដិសេធ​មិនឱ្យ​ចូលជួប​មេធាវី​និង​សមាជិកគ្រួសារ​របស់​ពួកគេ​ចាប់តាំងពី​ថ្ងៃទី ១០ ខែធ្នូ​៕ ដោយ៖ កញ្ញាដាលីស

ចិន​ជំរុញ​កាណាដា​ដោះលែង​លោកស្រី ម៉េង វ៉ាន់​ចូ​វ ជាបន្ទាន់