ចិន​ឈប់​នាំចូល​ផលិតផល​សាច់​ទាំង​អស់​ពី​កាណាដា

662
ចែករម្លែក

​សេចក្តីរាយការណ៍​របស់​កាសែត​Le Journal de Montreal ដែល​បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​នៅ​អគ្គ​កុងស៊ុល​ចិន​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​បាន​និយាយ​​ថា​” ចិន​នឹង​បញ្ឈប់​ការ​នាំចូល​ផលិតផល​សាច់​ទាំង​អស់​ពី​កាណាដា​” ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែមិថុនា​។​

​កាសែត​នេះ​បាន​និយាយថា ហេតុផល​ដែល​នាំ​ដល់​ការបិទ​ការ​នាំចូល​ទាំងអស់នេះ ដោយសារ​ចិន​បាន​និយាយថា ខ្លួន​បាន​រកឃើញ​វិញ្ញាបនប័ត្រ​សុខភាព​បសុសត្វ​ក្លែងក្លាយ​​ចំពោះ​ផលិតផល​សាច់​ដែល​នាំចូល​ពី​កាណាដា ដោយសារ​តែ​ការត្រួតពិនិត្យ​មិនល្អ​។​

​ក្រុម​អ្នកការទូត​ចិន​បាន​និយាយថា​ពួកគេ​សង្ឃឹម​ថា​កាណាដា​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​កេរ្តិ៍ឈ្មោះ​ផលិតផល​របស់​ខ្លួន​ដើម្បី​ស្តារ​​ទំនុកចិត្ត​របស់​អតិថិជន​ចិន​ឡើងវិញ​”​។ នេះ​បើ​យោង​តាម​កាសែត​នេះ​។​

​ចិន​បាន​ទិញ​សាច់ជ្រូក​កាណាដា​តម្លៃ​សរុប​៣១០​លាន​ដុល្លារ​កាណាដា​(​ជាង​២៤៤​លាន​ដុល្លារ​អាមេរិក​)​ពី​ខែ​មករា​ដល់​ខែ​មេសា ដែល​ធ្វើឱ្យ​ប្រទេស​ចិន​ក្លាយ​ជា​ទីផ្សា​នាំចូល​ដ៏​ធំ​បំផុត​​ទី​៣​របស់​កាណាដា​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​។​

​ទំនាក់ទំនង​រវាង​ចិន​និង​កាណាដា​បាន​ចាប់ផ្តើម​មាន​ភាព​ល្អក់កករ​កាលពី​ខែ​ធ្នូ​ឆ្នាំមុន បន្អាប់ពី​ប៉ូលិស​នៅ​ទីក្រុង​Vancouver ប្រទេស​កាណាដា​បាន​ចាប់ឃុំខ្លួន​លោកស្រី Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei តាម​ដីកាចាប់ខ្លួន​របស់​សហ​រដ្ឋ​អាមេរិក ។

​លោកស្រី​បដិសេធថា​មិនបាន​ធ្វើ​អ្វី​ខុស ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ទាមទារ​ឱ្យ​ប្រគល់​លោកស្រី​មកវិញ​៕​ដោយ​៖​សុខា​/sn

សាច់ជ្រូក​កាណាដា ត្រូវបាន​កាត់​រៀបចំ​នៅ​កន្លែង​លក់​សាច់​ជ្រូក​មួយ​នៅ​ទីក្រុង​Toronto ប្រទេស​កាណាដា