ចិន​ដាក់តាំង​កាំជ្រួច​ពិឃាត​នាវា ក្រោយពី​នាវា​អាមេរិក​បើក​ចូល​សមុទ្រ​ចិន​ខាងត្បូង​ជាថ្មី​

458
ចែករម្លែក

​ក្នុង​សប្តាហ៍​នេះ នាវា​ពិឃាត​អាមេរិក​មួយគ្រឿង​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំទៅរក​គោលដៅ បានធ្វើ​អ្វីដែល​អាមេរិក​ហៅថា​បេសកកម្ម​«​សេរីភាព​នៃ​នាវាចរណ៍​»​នៅ​ជិត​កោះ​ប៉ា​រ៉ា​សែ​ល​(​ចិន​ហៅ ស៊ី​សា​)​ដែល​ចិន​បាន​និយាយថា​វា​ចូលក្នុង​ដែនទឹក​របស់ខ្លួន​។​

​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ សារព័ត៌មាន​Global Times​បាន​និយាយ​យោងតាម​ទូរទស្សន៍​ជាតិចិន​(CCTV)​ថា យោធា​ចិន​បាន​បញ្ជូន​ចេញ​កាំជ្រួច​ប្រឆាំង​នាវា​ថ្មី​របស់ខ្លួន ជា​​កាំជ្រួច​ចម្ងាយ​មធ្យម​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន​DF-26​ទៅកាន់​ខ្ពង់រាប​ភាគ​ពាយព្យ​ដាច់​ស្រា​យា​ល​ដែល​ទំនងជា​ការឆ្លើយតប​នឹង​សារ​របស់​នាវា​ពិ​​ឃាត​អាមេរិក​។​

​វា​មិនត្រូវ​បានបញ្ជាក់​អោយ​ច្បាស់​ថា​តើ​កាំជ្រួច​នេះ​ត្រូវបាន​បញ្ជូនទៅ​ពេលណា​ឬថា​តើ​ការដាក់​តាំងរបស់​វា​ជា​លក្ខណៈ​អចិន្ត្រៃយ៍​ឬ​គ្រាន់តែ​ជា​ផ្នែក​នៃ​ការហ្វឹកហាត់​។​បើ​​តាម​Global Times​កាំជ្រួច​នេះ​ឥឡូវ​ត្រូវបាន​បញ្ជូន​ចេញ​និង​អាចធ្វើ​ប្រតិបត្តិការ​ចល័ត​នៅ​ពាសពេញ​ប្រទេស​។​

​អំពី​ការដាក់​តាំង​កាំជ្រួច​នេះ អ្នកសង្កេតការណ៍​យោធា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ពន្យល់ថា ទោះជា​វា​ត្រូវបាន​បាញ់​ចេញពី​ដីគោក​ចិន​ដ៏​ឆ្ងាយ ក៏​កាំជ្រួច​DF-26​អាច​ហោះ​ឆ្ងាយ​ល្មម​ទៅដល់​គ្រប់​ទីកន្លែង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ថ្ងៃ​ចន្ទ កងទ័ពជើងទឹក​អាមេរិក​បានធ្វើ​បេសកកម្ម​«​សេរីភាព​នាវាចរណ៍​»​មួយទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​បញ្ជូន​នាវា​ពិឃាត USS McCampbell ​ទៅជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដែល​ចិន​ហៅថា​«​ស៊ី​សា​» និង​វៀតណាម​ហៅថា​«​ហ័ង​សា​» ជា​ប្រជុំ​កោះ​ដែល​ត្រូវបាន​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ចិន វៀតណាម​ព្រមទាំង​​កោះ​តៃវ៉ាន់​។​

​សូមបញ្ជាក់ថា កងកម្លាំង​រ៉ុក្កែត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានដាក់​អោយ​ដំណើរការ​កាំជ្រួច DF-26 កាលពី​ខែមេសា ឆ្នាំ​២០១៨​។​វា​ក៏​ត្រូវបាន​គេ​ដាក់ឈ្មោះថា​»​ជន​​ពិឃាត​កោះ​ហ្កាំ​» ដោយសារតែ​លទ្ធភាព​វាយប្រហារ​របស់​វា​លើ​មូលដ្ឋាន​កងទ័ពជើងទឹក​អាមេរិក​នៅលើ​កោះ​ហ្កាំ​។​កាំជ្រួច​ប្រើ​ឥន្ធនៈ​រឹង​នេះ​អាច​ហោះ​បាន​៤.៥០០​គីឡូ​​ម៉ែត្រ​៕​ដោយ​៖​វាសនា​