ចិន​ដាក់ពង្រាយ​កងទ័ព​នៅ​ជិត​ព្រំដែន​ឥណ្ឌា​-​ប៉ា​គី​ស្ថាន​ដើម្បី​ការពារ​គម្រោង​សេដ្ឋកិច្ច​

267
ចែករម្លែក
  • 57
    Shares

ចំណាត់ការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារ​ការគំរាមកំហែង​ដែល​អាច​មើលឃើញ​ចំពោះ​គម្រោង​រ៉ែ​ធ្យូងថ្ម​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​(CPEC )​ដែល​កំពុង​ប្រឈម​នឹង​​ការតវ៉ា​ខ្លាំង​ពី​ពួក​អ្នកស្រុក​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។ តាម​សេចក្តីរាយការណ៍​ថា ចិន​មិន​សប្បាយចិត្ត​ចំពោះ​ការខ្វះខាត​សមត្ថភាព​ក្នុង​ការធានា​សុវត្ថិភាព​នៃ​គម្រោង​CPEC នេះ ទោះបីជា មាន​ការធានា​ក៏ដោយ​។​

​ទូរទស្សន៍​ឥណ្ឌា​Zee News​របស់​ឥណ្ឌា​បាន​រាយការណ៍​ថា ចិន​បាន​បញ្ជូន​កងទ័ព​រំដោះ​ប្រជាជន​ចិន​ទៅ​កាន់​តំបន់​Thar នៅ​ខេត្ត​Sindh ប្រទេស​ប៉ា​គី​ស្ថាន​ដែល​មាន​ចម្ងាយ​​ប្រហែល​៩០​គីឡូម៉ែត្រ​ពី​ព្រំដែន​អន្តរជាតិ​របស់​ប៉ា​គី​ស្ថាន​ជាមួយ​ឥណ្ឌា​។ ទូរទស្សន៍​Zee News ដែល​បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​និយា​​យ​ថា​កងទ័ព​ឥណ្ឌា បាន​ឃើញ​សកម្មភាព​នៃ​កងទ័ព​ចិន​នេះ នៅ​ជិត​ព្រំដែន​។​

​មន្ត្រី​ស៊ើបការណ៍​នេះ បាន​និយាយប្រាប់​ទូរទស្សន៍​Zee News ថា​កងទ័ព​ការពារ​ព្រំដែន​របស់​ឥណ្ឌា​ដែល​ស្ថិតនៅ​ព្រំដែន​ឥណ្ឌា​-​ប៉ា​គី​ស្ថាន​នោះ ក៏​បាន​ឃើញ​សកម្មភាព​នៃ​កងទ័ព​​ចិន​នៅ​ជិត​ព្រំដែន​នោះ​ផង​ដែរ​។ វា​ទំនង​ដែលថា ដោយសារ​មាន​ការប្រឆាំង​ទៅ​នឹង​គម្រោង​ចិន ដោយ​ពួក​អ្នកស្រុក​នៅ​ខេត្ត​Sindh និង​ខេត្ត​Balochistan នោះ​ចិន​បាន​​ដាក់ពង្រាយ​កងទ័ពរ​បស់​ខ្លួន​។​

​គម្រោង​CPEC ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នេះ​គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​ត្រូវបាន​កសាង​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​។ គម្រោង​នេះ បាន​កើន​ឡើង​ពី​៤៦​ពាន់​លាន​ដុល្លារ ដល់​៦២​ពាន់​លាន​ដុល្លារ​នៅ​ពេល​នេះ ។​

​ប៉ា​គី​ស្ថាន​បាន​ដាក់ពង្រាយ​ទាហាន​ជិត​១៧.០០០​នាក់ ដើម្បី​ការពារ​តំបន់​ច្រករបៀង​សេដ្ឋកិច្ច​ដែល​មាន​ប្រវែង​៣០០០​គីឡូម៉ែត្រ​។ ប៉ុន្តែ ដោយ​មិន​ទុកចិត្ត​សមត្ថភាព​របស់​ប៉ា​​គី​ស្ថាន​ក្នុង​ការដោះស្រាយ​ការតវ៉ា​ដោយ​ពួក​អ្នកស្រុក​នោះ ចិន​ក៏​បាន​សម្រេច​ចាត់ការ​លើ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​។​

​ទោះ​យ៉ាងណាក្តី អតីតមន្ត្រី​កងទ័ព​ឥណ្ឌា​ម្នាក់​បាន​និយាយថា ស្ថាន​ការវិវត្តន៍​នេះ​បង្ក​ការព្រួយបារម្ភ​ដល់​ឥណ្ឌា​៕ដោយ៖សុខា/sn

កងទ័ព​ចិន​នៅក្នុង​ពេល​ធ្វើ​ព្យុហយាត្រា​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​២០១៥