ចិន​ដាក់ពិន័យ​មន្ត្រី​ពន្ធដារ ដែល​ស៊ើបអង្កេត​កំពូល​តារា​សម្តែង ហ្វា​ន ពីង​ពីង​

353

​ក្រុមមន្ត្រី ដែល​ស៊ើបអង្កេត​កំពូល​តារាភាពយន្ដ​ចិន ហ្វា​ន ពីង​ពីង ចំពោះ​ការ​គេចវេស​ពន្ធ ត្រូវបាន​ដាក់ពិន័យ​ចំ​ពោះ “​ការគ្រប់គ្រង​ដ៏​អន់​”​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី ៨ ខែតុលា​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​បាន​រាយការណ៍​ថា យ៉ាងហោចណាស់ មនុស្ស​៥​នាក់​ត្រូវបាន​ដាក់វិន័យ រួមទាំង​ប្រធានការិយាល័យ​ពន្ធដារ​នៅ​ទីក្រុង​វ៉ូ​ស៊ី​ភាគ​ខាងកើត កន្លែង​ក្រុមហ៊ុន​របស់​នាង​ហ្វា​ន មាន​ទីតាំង​ស្ថិតនៅ​។​

​ស៊ិន​ហួ​បាន​និយាយថា​រដ្ឋបាល​ពន្ធដារ​រ​បស់​រដ្ឋ​បាន​ណែនាំ​ដល់​ការិយាល័យ​ពន្ធដារ​ខេត្ត​ជាំ​ង​ស៊ូ​ឱ្យ “​ទទួលខុសត្រូវ​” ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ហ្វា​ន ពីង​ពីង​ចំពោះ​ការគ្រប់គ្រង​ដ៏​អន់​នេះ មុននឹង​រាយ​នាម​បុគ្គល​មួយចំនួន​ដែល​ទទួល​ការព្រមាន​ជា​ផ្លូវការ​និង​ការព្រមាន​ផ្ទាល់មាត់​អំពី​កម្សោយ​របស់​ពួកគេ​។​

​ប៉ុន្តែ​សេចក្តីថ្លែងការណ៍​បានផ្តល់​ព័ត៌មាន​តិចតួច​អំពី​អ្វីដែល​នាំឱ្យ​មានការ​ដាក់ទណ្ឌកម្ម​នេះ​។​

​កាលពី​សប្តាហ៍​មុន អាជ្ញាធរ​ពន្ធដារ​បាន​បញ្ជា​ឱ្យ​នាង​ហ្វា​ន ពីង​ពីង​បង់ប្រាក់​ចំនួន ៨៨៣ លាន​យ័ន (១២៧,៣៩ លាន​ដុល្លារ​អាមេរិក​) គិត​ទាំង​លុយ​ពន្ធ ប្រាក់​ពិន័យ និង ការពិន័យ​លើ​ពន្ធ​បន្ថែម​។ ហើយ​អាជ្ញាធរ​ពន្ធ​បាន​បន្ថែមថា នាង​នឹង​រួច​ផុតពី​ការជាប់គុក ប្រសិនបើ​នាង​បង់ប្រាក់​ទាន់ពេល​។​

​តារា​សម្តែង តារា​បង្ហាញ​ម៉ូត និង​ផលិតករ​វ័យ ៣៦ ឆ្នាំ​រូបនេះ មានឈ្មោះ​ល្បី​រន្ទឺ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​និង​ទទួលបាន​ភាពជោគជ័យ​ក្នុង​រឿង​ហូលីវូដ​ជាមួយនឹង​ការ​ដើរតួ​ក្នុង​រឿង​ល្បី X-Men: Days of Future Past ឆ្នាំ ២០១៤​។​

​ក្នុងនាម​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​សកម្ម​មួយរូប នាង​ស្រាប់តែ​បាត់​ខ្លួន​ពី​ក្រសែភ្នែក​សាធារណជន​កាលពី​ខែឧសភា បន្ទាប់ពី​ការចោទប្រកាន់​ជាច្រើន​បាន​លេចឡើង​ថា​នាង​បាន​គេចវេស​ពន្ធ​លើ​ការថត​ភាពយន្ត​ដែល​រកប្រាក់​កម្រៃ​បាន​យ៉ាងច្រើន ដែល​ស្ទូ​ឌី​យ៉ូ​របស់​នាង​ហៅថា​ជាការ​និយាយ​បង្កាច់បង្ខូច​។

​អវត្តមាន​ភ្លាមៗ​របស់​នាង​ពី​អេក្រង់​ទូរទស្សន៍​និង​ការផ្សាយពាណិជ្ជកម្ម​នៅ​ទូទាំងប្រទេស​បានធ្វើ​ឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ថា​នាង​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួក​មន្ត្រី ចំ​ពេលដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បង្ក្រាប​តារា​ដែល​គេចវេស​ពន្ធ​នៅក្នុង​វិស័យ​ភាពយន្ត​និង​ទូរទស្សន៍​៕ ដោយ៖ កញ្ញាដាលីស

នាង ហ្វា​ន ពីង​ពីង