ចិន​ដាក់​តំលៃ​ពន្ធ​ថ្មី​លើ​សាច់ជ្រូក ផ្លែឈើ ស្រា​និង​ទំនិញ​ផ្សេងទៀត​ជាង​១២០​មុខ​របស់​អាមេរិក​

3548
ចែករម្លែក

​ចិន​និយាយថា ខ្លួន​កំពុង​ដាក់ចេញ​តារាង​ពន្ធ​ថ្មី​លើ​សាច់ ផ្លែឈើ​និង​ផលិតផល​ផ្សេង​ទៀត​របស់​អាមេរិក ជាការ​សងសឹក​ចំពោះ​ការដំឡើង​ពន្ធ​លើ​ដែក​និង​អាលុយមីញ៉ូម​​ដែល​ប្រធានាធិបតី​អាមេរិក​ទើប​អនុម័ត​។​

​ការ​វាយ​ពន្ធ​ថ្មី​នេះ​ប៉ះពាល់​ទំនិញ​អាមេរិក​ដែល​ត្រូវ​នាំចូល​ចិន​តំលៃ​៣.០០០​លាន​ដុល្លារ​។​

​ក្រសួង​ហិរញ្ញវត្ថុ​ចិន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពន្ធ​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី​០២​មេសា​។​

​គណៈកម្មាធិការ​វាយ​ពន្ធគយ​របស់​ចិន កំពុង​បង្កើន​អត្រា​ពន្ធ​លើ​ផលិតផល​៨​របស់​អាមេរិក រួម​មាន​សាច់ជ្រូក​ដែល​ត្រូវ​ដំឡើង​២៥%​។​ខ្លួន​ក៏​វាយ​ពន្ធ​ថ្មី​១៥%​លើ​ទំនិញ​​អាមេរិក​ជាង​១២០​មុខ រួម​មាន​ផ្លែឈើ​និង​ស្រា​ផងដែរ​។​

​សេត​វិមាន​មិនទាន់​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​ចំពោះ​វិធានការ​ត​តប​របស់​ចិន​នេះ​។​

​ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ពី​ពួក​មន្ត្រី​ចិន​បាន​ព្រមាន​ជាច្រើន​សប្តាហ៍​មក​ហើយ​អំពី​ជម្លោះ​ពាណិជ្ជកម្ម​មួយ​ជាមួយ​សហរដ្ឋអាមេរិក​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​​និយាយថា ចំណាត់ការ​នេះ​សំរាប់​ការពារ​ផលប្រយោជន៍​និង​តុល្យភាព​របស់​ចិន ដែល​ខាតបង់​បង្កឡើង​ដោយ​ការយកពន្ធ​ថ្មី​របស់​អាមេរិក​។​

​ចិន​កាលពី​មុន​បាន​និយាយថា ខ្លួន​មិន​ចង់​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​ទេ តែ​ក៏​មិន​អង្គុយ​នៅ​ស្ងៀម​ដែរ​នៅពេល​សេដ្ឋកិច្ច​របស់​ខ្លួន​រង​ផលប៉ះពាល់​។​ទោះជា​យ៉ាង​​ណា លោក​ត្រាំ​នៅតែ​និយាយ​ថា​«​សង្គ្រាម​ពាណិជ្ជកម្ម​ល្អ​» និង​ថា​អាមេរិក​នឹង​ឈ្នះ​សង្គ្រាម​នេះ​ដោយ​ស្រួល​។​

​កាលពី​ថ្ងៃ​២២​មីនា អាមេរិក​បាន​និយាយថា​ខ្លួន​មាន​ផែន​ការយកពន្ធ​លើ​ទំនិញ​ចិន​តំលៃ​ដល់​ទៅ​៦០.០០០​លាន​ដុល្លារ​និង​កំហិត​ការវិនិយោគ​របស់​ចិន​នៅ​អាមេរិក​ថែម​​ទៀត ជាការ​សងសឹក​ចំពោះ​អ្វី​ដែល​អាមេរិក​ចោទប្រកាន់​ចិន​ថា​លួច​ទ្រព្យ​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក​រាប់​ឆ្នាំ​៕​ដោយ​៖​វាសនា​

សាច់ជ្រូកអាមេរិកប្រឈមការយកពន្ធ២៥% និងស្រា១៥%